ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​គ្រោង​ចំណាយ​318​លាន​ដុល្លារ​ដើម្បី​កែកុន​ប៉ម​អេ​ហ្វែ​ល

7 ឆ្នាំ មុន

ប្រទេស​បារាំង ៖ លោក​ចៅហ្វាយ​ក្រុង Anne Hidalgo បាន​ស្នើ​សុំ​ថវិកា​សម្រាប់​កែកុន​ប៉ម​អេ​ហ្វែ​ល​(Eiffel Tower)​ដែល​មាន​ទឹកប្រាក់​៣០០​លាន​អឺ​រ៉ូ ស្មើ​ប្រមាណ​៣១៨​លាន​ដុល្លារ​អា​មេ​រិ​ក ។ គម្រោង​កែកុន​នោះ​រួម​មាន

ប្រទេស​បារាំង ៖ លោក​ចៅហ្វាយ​ក្រុង Anne Hidalgo បាន​ស្នើ​សុំ​ថវិកា​សម្រាប់​កែកុន​ប៉ម​អេ​ហ្វែ​ល​(Eiffel Tower)​ដែល​មាន​ទឹកប្រាក់​៣០០​លាន​អឺ​រ៉ូ ស្មើ​ប្រមាណ​៣១៨​លាន​ដុល្លារ​អា​មេ​រិ​ក ។ គម្រោង​កែកុន​នោះ​រួម​មាន ការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ទៅ​លើ​ជណ្តើរយន្ត ការ​ពង្រឹង​សន្តិសុខ ការ​បំពាក់​ភ្លើង​លម្អ និង​កែកុន​ច្រកចូល​ទស្សនា ។

ប៉ម​អេ​ហ្វែ​ល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ចំនួន​៦​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​អាច​រក​ថវិកា​ជូន​ជាតិ​រហូត​ដល់​៨២​លាន​អឺ​រ៉ូ ស្មើនឹង​ប្រមាណ​៨៧​លាន​ដុល្លារ។ ថវិកា​ប្រហែលជា ១៣,៧​លាន​អឺ​រ៉ូ (១៤,៥​លាន​ដុល្លារ​)​ត្រូវ​ប្រើប្រាស់​សម្រាប់​ជួសជុល​ថែទាំ ។ ចំពោះ​គម្រោង​កែកុន​ខាងលើ​វិញ គឺ​ត្រូវ​ដំឡើង​ប្រាក់​ចំណាយ​ប្រចាំឆ្នាំ​ដល់​ទៅ​២០​លាន​អឺ​រ៉ូ (២១​លាន​ដុល្លារ​) ឯណោះ ។

ខាង​ការិយាល័យ​ចៅហ្វាយ​ក្រុង​និយាយ​ថា ការ​កែ​លម្អ​នេះ​នឹង​អាច​ពង្រឹងគុណភាព​នៃ​ការ​ដើរ​កម្សាន្ត​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ទីក្រុង​នៅ​ប្រទេស​បារាំង និង​ជួយ​ឲ្យ​ទី​ក្រុងប៉ារីស​យកឈ្នះ​ទីក្រុង Budapest និង Los Angeles ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២៤ ផង​ដែរ ។

គួរ​បញ្ជាក់​ថា ប៉ម​អេ​ហ្វែ​ល​នេះ​ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ​១៨៨៩ ដើម្បី​អបអរ​គម្រប់​ខួប​១០០​ឆ្នាំ​នៃ​បដិវត្តន៍​បារាំង ។ ប៉ម​នេះ​ដើម​ឡើយ គឺ​សាងសង់​ឡើងជា​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ប៉ុន្តែ​អាជ្ញាធរ​សម្រេច​ថា ទុក​វា​សម្រាប់​ការ​ផ្សព្វផ្សាយ​វិទ្យុ ហើយ​ក៏​មិន​បាន​រុះរើ​ឡើយ​។ វា​នៅ​ក្នុង​ចំណោម​បូជនីយដ្ឋាន ដែល​មាន​ភ្ញៀវ​មក​ទស្សនា​ច្រើន​ជាង​គេ​​លើ​ពិភពលោក ។

មន្ត្រី​បាន​បង្កើន​សន្តិសុខ​នៅ​ទីនោះ បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ភេរវកម្ម​ជា​ច្រើន​ករណី​បន្តបន្ទាប់​គ្នា​ក្នុង​ប្រទេស​បារាំង ដែល​បង្ក​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍ ៕