ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​សុទិដ្ឋិនិយម​អំពី​កំណើន​ឥណទាន​ឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ពី​កំណើន​ឥណទាន​នៅ​ឆ្នាំ​នេះ ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ បរិយាកាស​នយោបាយ និង​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​មាន

រាជធានី​ភ្នំពេញ ៖ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ពី​កំណើន​ឥណទាន​នៅ​ឆ្នាំ​នេះ ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ បរិយាកាស​នយោបាយ និង​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​មាន​សញ្ញា​ល្អ​ប្រសើរ ។

លោក ស៊ី​ម សេនា​ជាតិ អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៨ មក​រា កន្លង​មក​ថា លោក​ជឿជាក់​ពី​ស្ថានភាព​នៃ​ការ​ផ្តល់​ឥណទាន​សម្រាប់​ឆ្នាំ​នេះ​មាន​ភាពល្អ​ប្រសើរ​បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយសារ​អាកាសធាតុ​រំពឹង​ថា នឹង​មាន​ភាពល្អ​ប្រសើរ សេដ្ឋកិច្ច​បន្ត​មាន​កំណើន​រឹង​មាំ និង​ស្ថានភាព​នយោបាយ​នៅ​រក្សា​ភាព​នឹងន ទោះបីជា​មានការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ក្តី ។ លោក​បន្ត​ថា ៖ « ខ្ញុំ​រំពឹង​ថា ការ​ផ្តល់​ឥណទាន​របស់​យើង នឹង​សម្រេច​បាន​កំណើន​ប្រមាណ​៣០% ធៀប​នឹង​ឆ្នាំ​មុន​មាន​កំណើន​ត្រឹម​២០%​ប៉ុណ្ណោះ » ។

ប្រា​សាក់​បាន​ផ្តល់​ឥណទាន​រហូត​ដល់​១.០៣០​លាន​ដុល្លារ កើន​ពី​៨៥៦​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៥ និង​ទំហំ​ប្រាក់​បញ្ញើ​បាន​កើន​ពី​៤៦៧ ដល់​៦១៩​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើ​នឹង​កំណើន​៣២%​ក្នុង​ចន្លោះ​ឆ្នាំ​២០១៥ និង​២០១៦ ។

លោក​ឧកញ៉ា ហួត អេ​ង​តុង អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ និង​ជា​ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក៏​បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​ផង​ដែរ​សម្រាប់​ការ​ផ្តល់​ឥណទាន​នៅ​ឆ្នាំ​នេះ ធៀប​នឹង​ឆ្នាំ​មុន ។ លោក​បន្ដ​ថា ទំហំ​ឥណទាន​រំពឹង​កើន​ចន្លោះ​ពី​២៥​ដល់​៣០% ធៀប​នឹង​កំណើន​២០%​កាលពី​ឆ្នាំ​មុន ខណៈ​ការ​ផ្តល់​ឥណទាន​ចន្លោះ​ឆ្នាំ​២០១៥ និង​២០១៦ បាន​កើនឡើង​ក្នុង​ទំហំ​ទឹកប្រាក់​ពី​៣៦៥ ដល់​៤៤៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ថា ការ​ផ្តល់​ឥណទាន​នឹង​កើនឡើង​នៅ​ឆ្នាំ​នេះ ដោយសារ​ស្ថានភាព​នយោបាយ​ល្អ និង​វិស័យ​ដែល​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​ដូច​ជា វិស័យ​ទេសចរណ៍ និង​សំណង់​នៅ​តែ​មាន​កំណើន​ខ្ពស់​» ។

ទោះជា​យ៉ាងណា បើ​តាម​លោក គា បូរាណ អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK ហាក់ដូចជា​ស្ទាក់ស្ទើរ​ក្នុង​ការ​និយាយ​ពី​ស្ថានភាព​ឆ្នាំ​នេះ ។ លោក​បញ្ជាក់​ថា ដោយសារ​ស្ថានភាព​ឆ្នាំ​២០១៦ មិនសូវ​មាន​ភាពល្អ​ប្រសើរ លោក​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​នៅឡើយ​ទេ ប៉ុន្តែ​ប្រសិនជា​តម្លៃ​កសិផល​របស់​កសិករ​មាន​ភាពល្អ​ប្រសើរ និង​លក្ខខណ្ឌ​អាកាស​ធាតុ​អំណោយផល ការ​ផ្តល់​ឥណទាន​នឹង​កើនឡើង​ធៀប​នឹង​ឆ្នាំ​មុន ។

ការ​ផ្តល់​ឥណទាន​របស់ AMK បាន​កើនឡើង​១៨% នៅ​ចន្លោះ​ឆ្នាំ​២០១៥ និង​២០១៦ ដោយ​ទំហំ​ទឹកប្រាក់​បាន​កើន​ពី​១២៨ ដល់​១៥២​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​បន្ត​ថា ៖ « ខ្ញុំ​រំពឹង​ថា កំណើន​នៃ​ការ​ផ្តល់​ឥណទាន​របស់ AMK នឹង​សម្រេច​បាន​ប្រមាណ​២០% ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ ដោយសារ​សម្ពាធ​ឥណទាន​កើនឡើង​ក្នុង​ចំណោម​​ប្រជាពលរដ្ឋ ។ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា​បាន​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ផ្តល់​ឥណទាន ដោយសារ​កម្រិត​នៃ​ការ​ផ្តល់​ឥណទាន​បាន​កើន​ខ្ពស់​រួច​ទៅ​ហើយ » ។

ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ឆ្នាំ​មុន​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​បន្ថយល្បឿន​នៃ​ការ​ផ្តល់​ឥណទាន​ពី​ស្ថាប័នហិរញ្ញវត្ថុ​នានា និង​បង្ការ​ហានិភ័យ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ៕