ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​បញ្ចេញ​សាច់ដុំ រុះរើ​កំទេច​ចោល​ទីតាំង​លក់ដូរ​ទាំងស្រុង​របស់​អ្នកក្រ​តាម​ចិញ្ចើម​ផ្លូវ​កប់​ស្រូវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ណែនាំ និង​ជូនដំណឹងដល់​ក្រុម​អាជីវករ​ក្រីក្រ​តាម​ជនបទ​ជាយក្រុង​ដែល​នាំ​គ្នា​លក់​តាម​ចិញ្ចើម​ផ្លូវ​ដោយ​ចោទ​ថា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ណែនាំ និង​ជូនដំណឹងដល់​ក្រុម​អាជីវករ​ក្រីក្រ​តាម​ជនបទ​ជាយក្រុង​ដែល​នាំ​គ្នា​លក់​តាម​ចិញ្ចើម​ផ្លូវ​ដោយ​ចោទ​ថា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍ បាត់បង់​សោភ័ណ​ភាព និង​បង្កភាព​អនាធិបតេយ្យ​លើ​ដងផ្លូវ ដូច​ជា​ចោល​សម្រាម​ជាដើម ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ។

ដោយ​ឃើញ​អាជីវករ​នៅ​តែ​ផ្គើន​មិន​ព្រម​រុះរើ​ចេញ នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៨ មក​រា លោកហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និងលោក សេង គន្ធ អភិបាលរង​ខណ្ឌ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចាត់វិធានការ​ក្តៅ​ចុះ​រុះរើ​សម្ភារ​នៅ​កន្លែង ដែល​អាជីវករ​យក​ចិញ្ចើម​ផ្លូវ​លក់ដូរ ប្រកប​មុខរបរ​រកស៊ី ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ មុខ​រោងចក្រ​ប៊ឺ​រី ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​កំទេច​ចោល​ទាំងស្រុង​តែ​ម្តង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​តាម​ផ្លូវ​នេះ​អាជីវករ​លក់ដូរ​ទាំង​យប់​ទាំង​ថ្ងៃ រហូត​ដល់​ម៉ោង​៨​យប់​ទើប​ឈប់ ។ បន្ទាប់​ពី​អាជីវករ​ឈប់​លក់ដូរ​ហើយ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​រុះរើ​គ្រែ និង​រោង​របស់​អាជីវករ
លើកដាក់​រថយន្ត​យក​ទៅ​ដុត​ចោល​ទាំងអស់ ។

លោក ហែម ដា​រិ​ទ្ធិ បានឱ្យ​ដឹង​ថា មុន​នឹង​លោក​ចាត់វិធានការ​បែប​នេះ កន្លង​មក​លោក​ធ្លាប់​បាន​ចុះ​អប់រំ​ណែនាំ និង​ជូនដំណឹង​ប្រាប់​ដល់​ក្រុម​អាជីវករ​អ្នក​លក់ដូរ​ទាំងអស់​ជា​ច្រើន​លើក​ជា​ច្រើន​សា​មក​ហើយ កុំឱ្យ​យក​ផ្លូវ​ប្រកប​មុខរបរ​អា​ជី​កម្ម​បង្ក​ភាព​អនាធិបតេយ្យ​រញ៉េរញ៉ៃ​តាម​ផ្លូវ ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​និង​បង្ក​ការ​កកស្ទះ​ចរាចរណ៍ បាត់បង់​សោភ័ណ​ភាព និង​បង្ក​ជា​បញ្ហា​អនាម័យ​ជាដើម ។

លោក​ក៏​បាន​បញ្ជាក់​ថា បញ្ហា​រំលោភ​យក​ផ្លូវ​ធ្វើ​អាជីវកម្ម​បែប​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សង្គម តែ​ក្រុម​អា​ជីករ​ទាំងអស់​មិន​ព្រម​ស្តាប់​ការ​ហាមប្រាម​របស់​អាជ្ញាធរ​ឡើយ ថែម​ទាំង​នៅ​បន្ត​លក់​យ៉ាង​គគ្រឹកគគ្រេង​ដដែល ហើយ​លោក​បាន​ទទួលបញ្ជា​ពីសា​លា​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​រុះរើ​គ្រែ និង​រោង​ចោល ហើយ​ប្រមូល​ដឹក​យក​ទៅ​ដុត​ចោល​តែ​ម្តង ដើម្បី​កុំឱ្យ​អាជីវករ​នៅ​តែ​បន្ត​លក់​ទៀត ។

ក្នុង​ករណី​ដូច​គ្នា​នេះ​ដែរ​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ចំណុច​ស្តុ​ប​លូ​៥​ក៏​មហា​រញ៉េរញ៉ៃ​ផង​ដែរ តាំងពី​មិន​ទាន់​អភិវឌ្ឍន៍​ជា​ផ្លូវ​បេតុង រហូត​ដល់​ផ្លូវ​វេ​ង​ស្រេង​ត្រូវ​បាន​ស្ថាបនា​ជា​ផ្លូវ​បេតុង​ហើយ​ក្តី ក៏​ការ​លក់ដូរ​រញ៉េរញ៉ៃ​នៅ​តែ​រំលោភ បំពាន​លើ​ដងផ្លូវ​បង្ក​ឱ្យ​មានការ​ធ្វើ​ដំណើរ​ជួប​ការ​លំបាក​នៅ​ពេល​ព្រឹក និង​ល្ងាច ។ អ្នក​ធ្វើ​ដំណើរ​បាន​ស្តីបន្ទោស​ដល់​អាជ្ញាធរ ដែល​មិន​បាន​យកចិត្តទុកដាក់​ហើយ​មើល​រំលង​បញ្ហា​នេះ ៕