ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វីសបន្តជួយពង្រឹង​សន្តិសុខស្បៀង​ដល់កសិករខ្មែរ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រធានាធិបតីនៃសហព័ន្ធស្វីស ​លោកស្រី Doris Leuthard ​បានសន្យាបន្តជួយពង្រឹងសន្តិសុខស្បៀង​ដល់កសិករខ្មែរនិង​ជំរុញអោយកសិករខ្មែរ​ដាំ​ដំណាំផ្សេងៗបន្ថែមក្រៅពីស្រូវ ។

រាជធានីភ្នំពេញ ៖ ​ប្រធានាធិបតីនៃសហព័ន្ធស្វីស ​លោកស្រី Doris Leuthard ​បានសន្យាបន្តជួយពង្រឹងសន្តិសុខស្បៀង​ដល់កសិករខ្មែរនិង​ជំរុញអោយកសិករខ្មែរ​ដាំ​ដំណាំផ្សេងៗបន្ថែមក្រៅពីស្រូវ ។

ការសន្យារបស់របស់លោកស្រី​ប្រធានាធិបតីនៃសហព័ន្ធស្វីសខាងលើនេះ​ បានធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​កាលពីរសៀល​ថ្ងៃទី១៩ មករា ២០១៧​ នៅក្នុងទីក្រុង Davos​ ​​ប្រទេសស្វីស ​ទីដែលរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកដែលតាមគម្រោងនឹងបិទបញ្ចប់នៅថ្ងៃទី២០ ​មករានេះ ។

បើតាមហ្វេសប៊ុគផេករបស់​សម្តេចតេជោនាយករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា​​ នៅក្នុងជំនួបដើម្បីពង្រឹងនូវចំណងមិត្តភាព​ និងសហប្រតិបត្តិការល្អប្រសើរទ្វេឡើង ​ដែលនាំ​មក​នូវផលប្រយោជន៍សម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ ​ខណៈដែលកម្ពុជា​និងស្វីសមានចំណងការទូត៤០ឆ្នាំមកហើយនេះ ​សម្តេចតេជោ ហ៊ុន សែន ​ក៍បានថ្លែង​អរគុណ​រដ្ឋាភិបាលស្វីសដែលបានជួយ ​និងផ្តល់ជំនួយដល់កម្ពុជាកន្លងមក​ រួមទាំងជំនួយផ្នែកដោះមីន សុខាភិបាល ​ និងជំនួយផ្នែកតុលាការកាត់ក្តីខ្មែរក្រហម ​​។ សម្តេចតេជោ បាន​ស្នើអោយពង្រីកទំហំពាណិជ្ជកម្មនៃ​ប្រទេសទាំងពីរដែលសព្វថ្ងៃមាន​ប្រមាណជាង៣០លានដុល្លារ ​អោយមានទំហំធំឡើង ។

សម្តេចតេជោ​បានបញ្ជាក់ជូនលោកស្រីប្រធានាធិបតីដែរថា​«ទីផ្សារកម្ពុជាមិនមែន​ តែ១៥លាននាក់ទេ ​ គឺសម្រាប់ទីផ្សារអាស៊ាន​ដែលមានចំនួនប្រជាពលរដ្ឋប្រមាណ ៦០០ លាននាក់ ។​ សព្វថ្ងៃនេះ ​កម្ពុជាមានទីផ្សារដូចជានៅអឺរ៉ុប​ អាមេរិក ចិន កូរ៉េខាងត្បូង ​។ល។ ដែលសរុបជាទឹកប្រាក់ប្រមាណ ​១២ពាន់លានដុល្លារ។»

ក្នុងជំនួបនាឱកាសនោះដែរ ​សម្តេចតេជោនាយករដ្ឋមន្រ្តី ​បានទទួលស្គាល់​ និងអរគុណដល់លោកវេជ្ជបណ្ឌិត Richner ​ដែលបានចូលរួមយ៉ាងសកម្មក្នុងការ​លើក​កម្ពស់​វិស័យសុខាភិបាលនៅកម្ពុជា​ ជាពិសេសក្រោមការគាំទ្រពីលោកស្រីប្រធានាធិបតី​ ។ សម្តេចសង្កត់ធ្ងន់ទៀតថា ​នេះជាទឹកចិត្តនៃបេះដូងរបស់​ប្រជាពលរដ្ឋស្វីស​ចំពោះ​ប្រជាពលរដ្ឋកម្ពុជា ។​ រាជរដ្ឋាភិបាលកម្ពុជាបានកាត់ថវិកា ​ចំនួន $2 ក្នុងមួយសំបុត្រចូលទស្សនាអង្គរវត្តជួយឧបត្ថម្ភបន្ថែមដល់មន្ទីរពេទ្យគន្ឋបុប្ផា។ ​ ទន្ទឹមនឹងនោះ សម្តេច​តេជោ​ ក៏បានអបអរសាទរប្រទេសស្វីសជាដៃគូសន្ទនា​តាមវិស័យរបស់អាស៊ាន​ (ASEAN Sectoral Dialogue Partner)​។ សម្តេចតេជោ ក៏បានសំណូមពរអោយ​ស្វីស​បន្តជួយបណ្តុះបណ្តាល​ធនធានមនុស្សនៅកម្ពុជាជាបន្តទៀត។

លោកស្រីប្រធានាធិបតីស្វីស ​Doris Leuthard​ បានអរគុណ ​សម្តេចតេជោ ​ដែលបានទទួលស្គាល់គាំទ្រ ​និងជួយជាថវិកាដល់លោក Richner ​ដែលកំពុងជួយនៅក្នុង​មន្ទីរពេទ្យគន្ឋបុប្ផាសព្វថ្ងៃ។ ​ចំពោះមន្ទីរពេទ្យគន្ឋបុប្ផាគឺរដ្ឋាភិបាលស្វីស ​បានជួយប្រមាណ៤លានដុល្លារជារៀងរាល់ឆ្នាំ ​និង២លានដុល្លាជួយមន្ទីរពេទ្យគាំពារ​ស្រ្តីមាតា​បិតា។ លោកស្រី នឹង​ជំរុញទេសចរណ៍ស្វីសអោយទៅទស្សនាកម្ពុជា ​អោយបានច្រើនឡើងថែមទៀត ​។ ទន្ទឹមនឹងនោះដែរ ​គឺរដ្ឋាភិបាលស្វីសនឹង​បន្តជួយពង្រឹង​សមត្ថភាពតួនាទី​របស់សភាកម្ពុជាតាមការស្នើសុំផងដែរ។

នៅក្នុងកិច្ចពិភាក្សាទ្វេភាគីថ្ងៃនេះ​ ក្នុងនាមព្រះមហាក្សត្រកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន​ បានអញ្ជើញលោកស្រីប្រធានាធិបតីស្វីសមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅពេលវេលាដ៏សមរម្យមួយ ​និងស្នើអោយលោកស្រីជួយជំរុញអ្នកវិនិយោគទុនស្វីសមកចូលរួម​នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅ ខែឧសភា ឆ្នាំ២០១៧​ ខាងមុខនេះផងដែរ ៕