ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អណ្តែត​ទឹក​ខ្មែរ​មាន​ប្រើ​តាំងពី​សម័យ​បុរាណ​ម្ល៉េះ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សំណង់​ស្ពាន​អណ្តែត​ទឹក ដែល​កំពុង​សង់​នៅ​តំបន់​អង្គរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ពុំ​មែន​ជា​លើក​ដំបូង​ទេ​។ តាម​ពិត​ទៅ តាម​ការ​ស្រាវជ្រាវ​ពី​អ្នកជំនាញ​បុរាណ​វិទ្យា សំណង់​ស្ពាន​ស្រាល ឬ​ស្ពាន​អណ្តែត​លើ​ទឹក​នេះ

ខេត្តសៀមរាប ៖ សំណង់​ស្ពាន​អណ្តែត​ទឹក ដែល​កំពុង​សង់​នៅ​តំបន់​អង្គរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ពុំ​មែន​ជា​លើក​ដំបូង​ទេ​។ តាម​ពិត​ទៅ តាម​ការ​ស្រាវជ្រាវ​ពី​អ្នកជំនាញ​បុរាណ​វិទ្យា សំណង់​ស្ពាន​ស្រាល ឬ​ស្ពាន​អណ្តែត​លើ​ទឹក​នេះ មាន​តាំងពី​សម័យ​បុរាណ​មក​ម្ល៉េះ គ្រាន់តែ​សម្ភារ​ដែល​យក​មក​សាងសង់​ខុស​គ្នា​តាម​ទេសកាល និង​ប្រើ​បច្ចេកទេស​មិន​ទំនើប​ដូច​បច្ចុប្បន្ន​ប៉ុណ្ណោះ ។

វត្តមាន​ស្ពាន​អណ្តែត​ទឹក​នៅ​ក្នុង​កសិណ​ខាងលិច​អង្គរវត្ត បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ​ជា​ច្រើន ។ តើ​ជា​ការ​ចៃដន្យ​ដែរ​ឬទេ ដែល​ស្ពាន​អណ្តែត​ទឹក​នេះ​ត្រូវ​បាន​​ស្ថាបនា​នៅ​ក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដែល អ្វី​ៗ​ទាមទារ​ឲ្យ​មានការ​សិក្សា​យ៉ាង​ច្បាស់លាស់ និង​មិន​ប៉ះពាល់​ដល់​ទេសភាព​វប្បធម៌ ? ទម្រាំ​បាន​សាងសង់​ស្ពាន​អណ្តែត​​ទឹក​នៅ​កសិណ​អង្គរ គឺ​មានការ​ឆ្លង​យោបល់ និង​ជជែក​គ្នា​យ៉ាង​យូរ​ពី​អ្នកបច្ចេកទេស​ជាតិ និង​អន្តរជាតិ ។ ដោយ​យោង​លើ​បុព្វហេតុ​ដែល​សម័យ​អង្គរ​ធ្លាប់​សង់ស្ពាន​អណ្តែត​ទឹក​នេះ​ដែរ ទើប​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor) បាន​គាំទ្រ​ឲ្យ​មានការ​សង់ស្ពាន​អណ្តែត​ទឹក​នេះ​ឡើង ។

សូម​រម្លឹក​ថា ស្ពាន​អណ្តែត​ទឹក​នៅ​ប្រាសាទអង្គរវត្ត​ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​បំណង​ដើម្បី​បញ្ចៀស​ចរាចរណ៍​នៅ​លើ​ស្ពាន​ហាល ដែល​គ្រោង​បិទ​ចរាចរ​មួយ​រយៈ ដើម្បី​ជួស​ជុល។ តាម​គម្រោង​ស្ពាន​ហាល​នឹង​ជួសជុល​រយៈពេល​៤​ឆ្នាំ តទៅ​មុខ ។

លោក​អ៊ឹម សុខ​រិ​ទ្ធី បុរាណ​វិទូ និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​បាន​លើក​ឡើង​ថា តាម​រយៈ​ផ្ទាំងគំនូរ​នៅ​ប្រាសាទបន្ទាយឆ្មារ និង​បាយ័ន ដែល​បាន​បង្ហាញ​ពី​វត្តមាន​យ៉ាង​ច្បាស់​ពី​ស្ពាន​អណ្តែត​ទឹក ។ តាម​រូបចម្លាក់​នោះ​បង្ហាញ​ថា ស្ពាន​នោះ​សង់​ពី​ដើម​ឫស្សី ចង​ភ្ជាប់​គ្នា ជា​បាច់​ៗ ហើយ​ក្រង​ប្រទាក់​គ្នា​ជា​ជួរ ចង​ភ្ជាប់​ជាមួយ​ខ្សែពួរ​ពីលើ និង​ពី​ខាងក្រោម រាយ​ទទឹង​ទន្លេ ហើយ​ប្រហែល​មាន​ក្រាល​ក្តារ ឬ​បន្ទះ​ឫស្សី​ពីលើ ដែល​អាច​ធ្វើ​ចរាចរ​ពីលើ​បាន​ងាយស្រួល ។

តាម​ចម្លាក់​នោះ​ទៀត​សោត លោក​អ៊ឹម សុខ​រិ​ទ្ធី ពន្យល់​ទៀត​ថា ស្ពាន​ប្រភេទ​នេះ​ប្រើ​ដើម្បី​ចម្លង​ដំណើរ​ឆ្លងកាត់រ​បស់ទ័ព​ខ្មែរ ដែល​យើង​ឃើញ​មាន​ដំរី​២​ក្បាល និង​ទ័ព​មួយ​ក្រុម​កំពុង​ចរាចរ​ពីលើ ហើយ​នៅ​ក្នុង​ទឹក​មាន​ហ្វូង​មច្ឆា​តូច​ធំ ក្រពើ និង​សត្វ​ទឹក​មួយ​ចំនួន​ទៀត ព្រមទាំង​ព្រៃឈើ​លិច​ទឹក​តាម​មាត់ច្រាំង​ផង ដែល​តាម​រយៈ​រូបភាព​នេះ​បញ្ជាក់​ថា ផ្លូវទឹក​ដែល​សង់ស្ពាន​អណ្តែត​ទឹក​នោះ មាន​ទទឹង​ធំ ប្រហែល​មាន​ប្រវែង​អាច​នឹង​វែង​ជាង​១០០​ម៉ែត្រ ។

ចំណែក​ទម្ងន់​ដែល​ផ្ទុក​វិញ តាម​រយៈ​រូបភាព​នៃ​ផ្ទាំង​ចម្លាក់​នោះ យើង​អាច​គិត​តាម​ទម្ងន់​របស់​ដំរី ដែល​មួយ​ក្បាលមាន​ទម្ងន់​ពី​៧​ទៅ​១៥​តោន ព្រមទាំង​ទ័ព​មួយ​ក្រុម​ទៀត នោះ​យើង​ប៉ាន់ស្មាន​បាន​ថា ស្ពាន​អណ្តែត​ទឹក​អាច​ទ្រ​ទម្ងន់​ប្រហែល​ពី​២០​តោន ទៅ​៣០​តោន ។ តើ​ផ្លូវទឹក​នោះ​នៅឯណា ? ត្រង់នេះ​យើង​មិន​ទាន់​អាច​កំណត់​ទីតាំង​ច្បាស់​នៅ​ទ្បើ​យ​ថា តើ​រូបភាព​ជាក់ស្តែង​នៅ​លើ​ជញ្ជាំង​ប្រាសាទបន្ទាយឆ្មារ និង​បាយ័ន នៅ​កន្លែង​ណា​នៅ​ទ្បើ​យ ? អ្នក​ស្រាវជ្រាវ​បានឃើញ​មាន​ទីតាំង​ខ្លះ ដែល​ផ្លូវ​បុរាណ​កាត់​ទទឹង​នឹង​ផ្លូវទឹក​មួយ​ចំនួន​ពុំ​មាន​ស្លាកស្នាម​ស្ពានថ្ម មាន​ស្ទឹង ធំ​ៗ និង​ទន្លេមេគង្គ​ជាដើម ។

តាម​ប្រវត្តិ​នៃ​ការ​សង់ស្ពាន​អណ្តែត​នៅ​សម័យ​បុរាណ លោក​អឹុម សុខ​រិ​ទ្ធី បាន​ពន្យល់​ថា ស្ពាន​ប្រភេទ​នេះ​ជា​ធម្មតា​មាន​មុន​កំណើត​ស្ពានថ្ម ។ តាម​ការ​សិក្សា​ស្រាវជ្រាវ​ជាង​១០​ឆ្នាំ​មកនេះ​បាន​ប្រទះ​ឃើញ​មាន​ស្ពានថ្ម​ដែល​សាង​អំពី​ថ្មភក់ ថ្មបាយក្រៀម ឬ​សាង​រួម​គ្នា​រវាង​ថ្មបាយក្រៀម និង​ថ្មភក់​ចំនួន​ជាង​១០០​។ ស្ពានថ្ម​ដែល​ចាស់​ជាងគេ បាន​សាង​ទ្បើ​ង​យ៉ាង​ហោច​ណាស់​ចាប់ពី​សតវត្ស​ទី​១០​មក ។ រីឯ​ស្ពានថ្ម​បុរាណ ដែល​បាន​សាង​ទ្បើ​ង​ចុង​ក្រោយ​គេ​នៅ​អង្គរ បាន​ស្ថាបនា​ឡើង​នៅ​ចុង​សតវត្ស​ទី​១៧ ។ ទិន្នន័យ​នេះ​មាន​ន័យ​ថា ទោះជា​អារ្យធម៌​អង្គរ​បាន​ធ្លាក់​ចុះ​ហើយ​ក៏​ដោយ ក៏​ការ​ស្ថាបនា​ស្ពានថ្ម​នៅ​តែ​មាន​មនុស្ស​មានចំណេះ និង​មាន​លទ្ធភាព​កសាង​បន្ត ៕