ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក់ ឋិតរ​ដ្ឋា និង សុ​ន ស្រី​ពេជ្រ អន់ចិត្ត​ចង់​ដើរ​ចេញពី​ហង្ស​មាស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​២​ដួង​ក្នុង​ផលិតកម្ម​ហង្ស​មាស គឺ​អ្នក​នាង​យក់ ឋិតរ​ដ្ឋា និង​កញ្ញា​សុ​ន ស្រី​ពេជ្រ បាន​ព្រមាន​ដើរ​ចេញពី​ផលិតកម្ម​ហង្ស​មាស ក្នុង​ពេល​ផលិត​កម្ម​​នេះ​នាំ​ចូល​តារាចម្រៀង ថ្មី​ៗ​ជា​ច្រើន ធ្វើ​ឱ្យ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​២​ដួង​ក្នុង​ផលិតកម្ម​ហង្ស​មាស គឺ​អ្នក​នាង​យក់ ឋិតរ​ដ្ឋា និង​កញ្ញា​សុ​ន ស្រី​ពេជ្រ បាន​ព្រមាន​ដើរ​ចេញពី​ផលិតកម្ម​ហង្ស​មាស ក្នុង​ពេល​ផលិត​កម្ម​​នេះ​នាំ​ចូល​តារាចម្រៀង ថ្មី​ៗ​ជា​ច្រើន ធ្វើ​ឱ្យ​តារាចម្រៀង​ចាស់​ៗ​មួយ​ចំនួន​ហាក់​កប់​បាត់ ។

ការ​ប្រកាស​របស់​តារាចម្រៀង​ស្រី​ទាំង​ពីរ​នាក់​នោះ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​អ្នក​តាមដាន​សិល្បៈ​ចម្រៀង ខណៈ​ប្រិ​យ​មិត្ត​គាំ​តារាចម្រៀង​ទាំង​​ពីរ​ក៏​សម្តែង​ការ​មិន​ពេញចិត្ត​ដែរ​ចំពោះ​ផលិតកម្ម​ហង្ស​មាស ដែល​ហាក់​មិនសូវ​អើពើ​នឹង​តារាចម្រៀង​ចាស់​ៗ ។

នៅ​លើ​ហ្វេ​ស​ប៊ុ​ក របស់​តារាចម្រៀង​កញ្ញា សុ​ន ស្រី​ពេជ្រ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​សរសេរ​បង្ហោះ​ថា​«​ជម្រើស​ល្អ​គឺ​ចាកចេញ​គេ​មាន​មនុស្ស​ច្រើន​ហើយ​អី​ុ​ចឹ​ង​យើង​គួរ​ចេញ​ទៅ​ចាប់​យក​ទ្រនំ​ថ្មី​ដែល​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​យើង​ទាន់​មានឱកាស​» ។

បន្ទាប់​ពីសារ​របស់​កញ្ញា​សុ​ន ស្រី​ពេជ្រ​បង្ហោះ​បាន​ប៉ុន្មាន​ម៉ោង ស្រាប់តែ​លុប​ចេញ​វិញ ប៉ុន្តែ​តាម​រយៈ​សារ​នោះ​គឺជា​ហេតុផល​មួយ​ដែល​សម​ស្រប​ទៅ​នឹង​អ្វី​ដែល​នាង​ធ្លាប់​បាន​បញ្ជាក់​ពី​ពេល​កន្លង​មក ។

កញ្ញា​សុ​ន ស្រី​ពេជ្រ ធ្លាប់​អះអាង​ថា នាង​អាច​នឹង​ផ្លាស់​ចេញពី​ផលិតកម្ម​ហង្ស​មាស បន្ទាប់​ពី​ផលិតកម្ម​មួយ​នេះ​ហាក់​មិន​ចេញ​បទ ថ្មី​ៗ​ឱ្យ​នាង​ច្រៀង បូក​រួម​ទាំង​មិន​បាន​ចូល​រួម​ច្រៀង​តាម​ឆាក​ប្រគំ​តន្ត្រី ធំ​ៗ​ផង​ដែរ ។ បច្ចុប្បន្ន​ផលិតកម្ម​បាន​សម្រិតសម្រាំង​តែ​បទ​សម័យ​ថ្មី ដូច្នេះ​វា​គឺជា​មូលហេតុ​ដែល​នាង​គ្មាន​បទ​ច្រៀង ហើយ​អ្នកចម្រៀង​ដែល​អាច​ច្រៀង​បទ​ពី​សម័យ​ដើម​ក៏​ត្រូវ​បាន​កាត់​បន្ថយ ។

សុ​ន ស្រី​ពេជ្រ នៅ​មិន​ទាន់​ទម្លាយ​ឱ្យ​ដឹង​ទេ​ថា នាង​នឹង​ផ្លាស់​ទៅ​កាន់​ផលិតកម្ម​ថ្មី​ណាមួយ​នោះ ក្នុង​ពេល​ដែល​ជំហរ​នៃ​ការ​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស​នៅ​មិន​ទាន់​ប្រាកដ​នៅឡើយ ។

ដោយឡែក​សម្រាប់​តារាចម្រៀង​ជើង​ចាស់​អ្នក​នាង​យក់ ឋិតរ​ដ្ឋា ក៏​ត្អូញត្អែរ​អំពី​រឿង​បែប​នោះ​ដែរ ហើយ​នាង​ព្រមាន​នឹង​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស​ដូច​គ្នា ។

អ្នក​នាង​យក់ ឋិតរ​ដ្ឋា សរសេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ខ្លី​ថា​«​បើ​គិត​ថា​ខ្ញុំ​មិន​មាន​អ្វី​សំខាន់ សម្រាប់​អ្នក​ទៅ​ហើយ​! សុំ​តែ​អ្នក​និយាយ​ប្រាប់​ខ្ញុំ​តែ​មួយ​ម៉ាត់​បាន​ហើយ​ថា មិន​ត្រូវការ​ខ្ញុំ​ទៀត​! សោះនឹង​ខ្ញុំ​រង់ចាំ​លទ្ធផល​ចុង​ក្រោយ​ទាំងអស់​សង្ឃឹម !» ។

សារ​ដ៏​ខ្លី​មួយ​នេះ​ត្រូវ​ប្រិ​យ​មិត្ត​គាំទ្រ​អ្នក​នាង យក់ ឋិតរ​ដ្ឋា យល់​យ៉ាង​ច្បាស់​ថា នាង​សរសេរ​សំដៅ​ទៅ​លើ​ផលិតកម្ម​ហង្ស​មាស​ក្នុង​ពេល​ដែល​តារាចម្រៀង​រូប​នេះ​មិនសូវ​មាន​បទ​ច្រៀង​ច្រើន និង​ឱកាស​បង្ហាញមុខ​តាម​ឆាក​តន្ត្រី​ដែល​រៀបចំ​ដោយ​ផលិតកម្ម​មួយ​នេះ​ក៏​ស្ទើរតែ​គ្មាន​រូប​នាង​ដែរ ។

ប្រិ​យ​មិត្ត​អ្នកគាំទ្រ​តារាចម្រៀង​អ្នក​នាង​យក់ ឋិតរ​ដ្ឋា ម្នាក់​សរសេរ​រិះគន់​ផលិតកម្ម​ហង្ស​មាស​ថា​«​មិន​យល់ ហើយ​ក៏​ឆ្ងល់​ថា​រស្មី​ហង្ស​មាស​គេ​គិត​យ៉ាងម៉េច​ចំពោះ​គាត់? កម្មវិធី ធំ​ៗ​ត្រូវ​បាន​រំលង​ពី​គាត់​ពី​មួយ​ទៅ​មួយ ឯ «​ខុន​ស៊ើ​ត​» ពី​មួយ​កម្មវិធី​ទៅ​មួយ​កម្មវិធី ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហេតុ​អី​គ្មាន​វត្តមាន​គាត់? គាត់​ក៏​ជាតា​រា​ហង្ស​មាស មួយ​រូប​ដែរ តែ​ហេតុ​អី​គាត់​គ្មាន​សកម្មភាព​ក្នុង​កម្មវិធី​ទូរទស្សន៍​ដូច​គេ​គ្រប់​គ្នា? ឬ​មួយ​មក​ពី​គាត់​មិន​ចេះ​រករឿង​អុកឡុក​ដូច​គេ? ហើយ​មាន​តែ ក្មេង​ៗ​ជំនាន់​ក្រោយ​ឃើញ​ឡើង​ច្រៀង​អត់​ឈប់​ឈរ ឬ​មួយ​គិត​ថា​គាត់​អត់​មាន​អ្នកគាំទ្រ? សូម​ចាំ​ថា យក់ ថិ​តរ​ដ្ឋា នៅ​តែ​មាន​អ្នកគាំទ្រ​ជា​និច្ច ទោះបី​គាត់​មាន​ចម្រៀង ច្រៀង​ច្រើន ឬ​តិច​តែ​អ្នក​ដែល​ស្រលាញ់ និង​ចង​ចាំ​គាត់​គឺ​មិន​អាច​ភ្លេច​គាត់​បាន​នោះ​ទេ មិនមែន​ទាមទារ​ឱ្យ​គាត់​ល្បីល្បាញ​ជាងគេ​ដូច​ពី​មុន​ទេ តែ​គ្រាន់តែ​ចង់ឱ្យ​មាន​ភាព​ស្មើគ្នា​រវាង​តារា​ជើង​ចាស់​ដូច​គ្នា​មិនមែន​ជាន់​ផ្អៀង​ទៅ​តែ​ខាង​អ្នកញ៉ិ​ក​ញ៉​ក់ ក្មេង​ៗ ដូច​រាល់​ថ្ងៃនេះ​ទេ ។ ឬ​មួយ​ក៏​ធ្វើ​ដើម្បី​ឱ្យ​គាត់ អស់ចិត្ត​ហើយ​ដើរ​ចេញ? គាត់​មិន​ខ្វះ​កន្លែង​ដែល​ចាំ​ស្វាគមន៍​គាត់​ទេ តែ​គាត់​គ្រាន់តែ​មិន​ចេះ​drama មិន​ចេះ​វ៉ៃ​អែប​ស៊ី​អប មិន​ចេះ​កូរ​ដូច​គេ ទើប​អ្នក​មិន​មើលឃើញ​តម្លៃ​នៃ​សមត្ថភាព​គាត់ ។ ហើយ​បើ​ចុង​ក្រោយគាត់​គ្មាន​លទ្ធផល​គ្មាន​កម្មវិធី ធំ​ៗ​ដូច​គេ សូម​ប្រាប់​គាត់ ត្រង់​ៗ​ទៅ​កុំឱ្យ​ការ​រង់ចាំ​របស់​មនុស្ស ត្រង់​ៗ និង​មាន​សមត្ថភាព​ម្នាក់​នេះ នៅ​ទ្រាំ​ឈឺចាប់​បែប​នេះ​» ។

ព័ត៌មាន​នោះ​នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ ខណៈ​ពេល​ដែល​កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​ឆ្លើយ​បំភ្លឺ​ពី​តារាចម្រៀង​ទាំង​ពីរ​នាក់ ក៏​ដូច​ជា​អ្នកចាត់ការ​ទូទៅ​របស់​ផលិតកម្ម​ហង្ស​មាស​បាន​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ ៕