ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​យុទ្ធ​ជន​ពិការ​អំពាវនាវ​ដល់​មុខ​រាជរដ្ឋាភិបាល មេត្តា​ជួយ​ដី​សង់​លំនៅ​ដ្ឋា​ន​មួយ​កន្លែង

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ អតីត​យុទ្ធ​ជន​ពិការ​ជើង​ដោយសារ​ជាន់​មីន​ម្នាក់ រួម​ទាំង​ស្ត្រី​ជា​ភរិយា​ពិការ​ដូច​គ្នា​ដែរ​នោះ បាន​លើ​ដៃ​សំពះ​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល សូម​ជួយ​ដល់​គ្រួសារ​គាត់​ផង

ខេត្តកំពង់ឆ្នាំង ៖ អតីត​យុទ្ធ​ជន​ពិការ​ជើង​ដោយសារ​ជាន់​មីន​ម្នាក់ រួម​ទាំង​ស្ត្រី​ជា​ភរិយា​ពិការ​ដូច​គ្នា​ដែរ​នោះ បាន​លើ​ដៃ​សំពះ​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល សូម​ជួយ​ដល់​គ្រួសារ​គាត់​ផង ព្រោះតែ​ក្នុង​ពេល​នេះ​មានការ​អភិវឌ្ឍន៍​ច្រាំង​ទន្លេ ហើយ​ត្រូវ​បាន​អាជ្ញាធរ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ រស់​តាម​ដង​ទន្លេ​ចាកចេញ​ទៅ​តាំងទី​លំនៅ​ថ្មី​លើ​ដី​ក្នុង​គម្រោង​បង់​រំ​លោះ មាន​តម្លៃ​ចាប់ពី​ជាង​២​ពាន់​ទៅ​ជាង​៣​ពាន់​ដុល្លារ តែ​គ្រួសារ​គាត់​គ្មាន​លទ្ធភាព​ទេ​។ លោក ជឿន លឿន អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​អតីតជន​ពិការ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ប្រពន្ធ​គាត់​ឈ្មោះ ឡាយ ថា អាយុ​៥៩​ឆ្នាំ គាត់​មានកូន​ប្រុស​ម្នាក់ បែក​គ្រួសារ​មាន​ប្រពន្ធ​កូន​ហើយ តែ​សព្វថ្ងៃ​កូន​គាត់​បាន​ទុក​កូន​៣​នាក់​ឲ្យ​គាត់​ជួយ​មើលថែ​។

ប្រភព​ដដែល​បាន​បន្ត​ថា រូប​គាត់​ជា​យោធា​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង គាត់​បាន​ពិការ​ដោយ​ជាន់​មីន នៅ​ឆ្នាំ​១៩៨៩ ក្នុង​សមរភូមិ​វាល​រោ​ទិ៍ ស្ថិត​ក្នុង​ព្រំប្រទល់​បី​ខេត្ត គឺ​កំពង់ឆ្នាំង កំពង់ចាម និង​កំពង់ធំ​។ ផ្ទះ​ដែល​គាត់​រស់នៅ​នេះ​គឺ​តាំងពី​ឆ្នាំ​១៩៨៧ មក​ម្លេះ ដោយ​រស់នៅ​ជាប់មាត់​ទន្លេ ប៉ុន្តែ​ពេល​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​អភិវឌ្ឍន៍​ធ្វើ​ច្រាំង​ទន្លេ ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ចាកចេញ​ទៅ​រស់នៅ​លើ​ដី​បង់​រំ​លោះ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ខេត្ត បែប​នេះ​ហើយ​ទើប​គាត់​ជួប​បញ្ហា​គឺ​គ្មាន​លទ្ធភាព​ទិញ​ដី​បង់​រំ​លោះ​ដែល​មាន​តម្លៃ​ពី​ជាង​២​ពាន់​ទៅ​ជាង​៣​ពាន់​ដុល្លារ​ឡើយ​។ ហេតុនេះ​ហើយ រូប​គាត់​រួម​នឹង​ភរិយា ដែល​ជា​ជន​ពិការ​ដែរ​នោះ សូម​អំពាវនាវ​ដល់​សប្បុរសជន មន្ត្រី​ជំនាញ និង​ប្រមុខ​រាជរដ្ឋាភិបាល មេត្តា​ជួយ​រក​ដី​ឲ្យ​គ្រួសារ​គាត់​រស់នៅ​ផង ព្រោះ​សព្វ​ថ្ងៃនេះ​គាត់​ក្រីក្រ​ខ្លាំង​ណាស់ គ្មាន​រក​អ្វី​បាន​ទេ ក្រៅពី​ប្រាក់ខែ​ជន​ពិការ​ជាង​៣០​ម៉ឺន​រៀល​ប៉ុណ្ណោះ ។

បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា តាម​គម្រោង​របស់​អាជ្ញាធរ​ខេត្ត​នឹង​មានការ​បន្ធូ​បន្ថយ​ច្រើន​ចំពោះ​ជន​ពិការ ស្ត្រី​ចាស់ជរា ជាដើម ក្នុង​ការ​ទៅ​រស់នៅ​លើ​ដី​ថ្មី​បង់​រំ​លោះ​នោះ ប៉ុន្តែ​សម្រាប់​អតីត​យុទ្ធ​ជន​ពិការ​ឈ្មោះ ជឿន លឿន នេះ​ពិតជា​ក្រីក្រ​ខ្លាំង​ណាស់ សូ​ម្បី​បង់​រំ​លោះ​ត្រឹមតែ​១​ខែ​២០​ម៉ឺន​រៀល​ក៏​គ្មាន​លទ្ធភាព​ទិញ​ដែរ​។ សូម​រំ​ឮ​កថា កន្លង​ទៅ​ធ្លាប់​ព័ត៌មាន បាន​ផ្សាយ​ពី​អតីត​យុទ្ធ​ជន​ពិការ គ្មាន​ដី និង​លំនៅ​ដ្ឋា​ន រស់នៅ​ចំនួន​២​គ្រួសារ នៅ​ខេត្តកំពង់ឆ្នាំង​ដូច​គ្នា​នេះ​ដែរ គឺ​ទី​១​ឈ្មោះ ក្រឹម សា និង​ទី​២ ឈ្មោះ ទី ប្រុស ហើយ​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​ក្តី​មេត្តា​ប្រគល់​ឲ្យ​ដី និង​ផ្ទះ​នៅ តា​កែន កោះ​ស្លា បាន​ទៅ​រស់នៅ​រហូត​ដល់​សព្វថ្ងៃ សង្ឃឹមថា​គ្រួសារ​ខាងលើ​នេះ​នឹង​បាន​ក្តី​សន្តោស​មេត្តា​ពី​សម្តេច​បន្ត​ទៀត​ជា​ពុំខាន​៕