ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​បែប​ព្រះពុទ្ធ​សាសនា​ លាក់ខ្លួន​នៅ​ដែន​ព្រៃ​ធម្មជាតិ(វីដេអូ)

1 ឆ្នាំ មុន
  • ព្រះសីហនុ

គិរី​ថ្មដា​សិលា​បារមី​អាច​ចាត់ទុកជា​រមណីយដ្ឋាន​បែប​ព្រះពុទ្ធ​សាសនា​ដំបូង​គេ​នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ។ រមណីយដ្ឋាន​ដែល​អ្នកទេសចរ​ពុំ​បាច់​បង់ប្រាក់

ខេត្ត​ព្រះ​សីហ​នុ​៖​ គិរី​ថ្មដា​សិលា​បារមី​អាច​ចាត់ទុកជា​រមណីយដ្ឋាន​បែប​ព្រះពុទ្ធ​សាសនា​ដំបូង​គេ​នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ។ រមណីយដ្ឋាន​ដែល​អ្នកទេសចរ​ពុំ​បាច់​បង់ប្រាក់ នេះ​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២២ ក្រោយ​ពី​សាងសង់​ជា​ច្រើន​ឆ្នាំ​កន្លង​មក ។ រមណីយដ្ឋាន​គិរី​ថ្មដា​សិលា​បារមី ស្ថិត​នៅ​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ធ្វើ​ដំណើរ​ពី​រង្វង់​មូល​រាម ចម្ងាយ​ជិត​៣​គីឡូម៉ែត្រ​តាម​បណ្ដោយ​ផ្លូវ​ទៅ​កោះ​សំពោច ឬ​កោះ​រាជ្យ​បុត្រ ។

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ ឯកឧត្តម​ថន វី​រៈ និង​លោក​ជំទាវ​ឈុ​ន ម៉ៃ​លី​ន បាន​ថ្លែង​ថា ដោយសារ​មើលឃើញ​ទីតាំង​នេះ​អំណោយផល​បែប​ព្រះពុទ្ធ​សាសនា មាន​ផ្ទាំង​ថ្ម ធំ​ៗ ដើមឈើ​ច្រើន និង​ស្ងប់ស្ងាត់ ហើយ​តែងតែ​ឃើញ​ព្រះសង្ឃ​និមន្ត​ទៅ​ធ្វើ​ធុតង្គ​ជា​រៀង​រាល់​ឆ្នាំ និង​ដើម្បី​លើក​ស្ទួយ​វិស័យ​ពុទ្ធចក្រ​ឱ្យ​កាន់តែ​រីក​ចម្រើន​ទើប​សាងសង់​រមណីយដ្ឋាន​នេះ​ឡើង ។ ម្យ៉ាង​ដើម្បី​ជា​ការ​បង្ហាញ​អំពី​ការ​ចូលរួម​បរិច្ចាគ​ប្រាក់​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ថែរក្សា​វិស័យ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ។

ម្យ៉ាងទៀត​ដើម្បី​រួម​ការពារ​សម្បត្តិ​ធម្មជាតិ​បែប​ព្រះពុទ្ធ​សាសនា​ឱ្យ​បាន​គង់វង្ស ដូច​ជា​ទុក​ប្រគេន​ដល់​ព្រះសង្ឃ​និមន្ត​មក​ធ្វើ​ធុតង្គ និង​យាយជី​តាជី រួម​ទាំង​ពុទ្ធបរិស័ទ ធ្វើ​សមាធិ ជា​ពិសេស​ចង់​បង្ហាញ​ដល់​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ជា​ពិសេស​ក្មេង​ជំនាន់​ក្រោយ​បានដឹង​អំពី​តម្លៃ​នៃ​ព្រះពុទ្ធ​សាសនា ។ លោក​សម្រេចចិត្ត​រៀបចំ​បង្កើត​រមណីយដ្ឋាន​នេះ​ឡើង​ដោយ​ចំណាយ​ប្រាក់​ជាង​៥​លាន​ដុល្លារ ដោយ​ប្រើ​រយៈពេល​នៃ​ការ​កសាង​រមណីយដ្ឋាន ប្រើ​ពេល​១២​ឆ្នាំ ចាប់​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០២២ ហើយ​កសាង​រួចរាល់​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២២ ។ អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​នៅ​ក្នុង​រមណីយដ្ឋាន​នេះ​គឺ​មានការ​រៀបចំ​បណ្ណាល័យ​សម្រាប់​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​បែប​ព្រះពុទ្ធ​សាសនា​ដោយ​មាន​តម្កល់​គម្ពីរ​ព្រះ​ត្រៃ​បិដក​ផង​ដែរ ។

ឯកឧត្តម​ថន វរៈ បាន​សំណូមពរ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ទៅ​កម្សាន្ត​ឲ្យ​ជួយ​ថែរក្សា​អនាម័យ​ឱ្យ​បាន​ល្អ និង​គង់វង្ស សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ទៀត បាន​ស្គាល់​អំពី​វិស័យ​ព្រះពុទ្ធ​សាសនា រួម​ទាំង​វប្បធម៌​និង​អរិយធម៌​របស់​ជាតិខ្មែរ​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ