ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​3​សាសន៍​ប៉ះ​គ្នា​ជា​ថ្មី​ដណ្ដើម​ពិន្ទុ​លើស​ង្វៀ​នខា​រ៉ា​បាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​២១ មក​រា ដែល​ជា​ថ្ងៃ​កៀក​នឹង​ចូល​ឆ្នាំ​ចិន​នោះ ប្រដាល់​អន្តរជាតិ​របស់​​ខា​រ៉ា​បាវ នឹង​ចាប់ផ្ដើម​ប្រកួត​សន្សំ​ពិន្ទុ​ទៀត​ហើយ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដណ្ដើម​ខ្សែក្រវាត់​រដូវ​កាល​ទី​២

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​២១ មក​រា ដែល​ជា​ថ្ងៃ​កៀក​នឹង​ចូល​ឆ្នាំ​ចិន​នោះ ប្រដាល់​អន្តរជាតិ​របស់​​ខា​រ៉ា​បាវ នឹង​ចាប់ផ្ដើម​ប្រកួត​សន្សំ​ពិន្ទុ​ទៀត​ហើយ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដណ្ដើម​ខ្សែក្រវាត់​រដូវ​កាល​ទី​២ ​រវាង​កីឡាករ​កម្ពុជា និង​បរទេស ​ដែល​កាន់តែ​ដល់​វគ្គ​ស្វិតស្វាញ​ បន្ទាប់​ពី​សម្រាក​អស់​១​ស​ប្ដា​ហ៍ ។ មហាជន​ភាគច្រើន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ចំពោះ​វេទិកា​ប៉ះ​គ្នា​នេះ ដោយ​សមាសភាព​ខាង​កីឡាករ​កម្ពុជា ​ដែល​ឡើង​ប្រកួត​ដណ្ដើម​យក​៣​ពិន្ទុ​រួម​មាន កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី និង​កីឡាករ រឿង សោ​ភ័​ណ្ឌ ប៉ះ​ជាមួយ​កីឡាករ​ថៃ និង​ឡាវ ជា​ថ្មី​ម្ដងទៀត​លើ​រេញ​តែ​មួយ ។

ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​របស់​​ភេសជ្ជៈ​ខា​រ៉ា​បាវ​វគ្គ​២ ​នេះ ត្រូវ​គេ​មើលឃើញ​ថា មានការ​គាំទ្រ​ដាច់​ឆ្ងាយ​តែ​ម្ដង ​បើ​ធៀប​នឹង​ការ​ប្រកួត​អន្តរជាតិ​កាលពី​វគ្គ​១ ដោយសារ​តែ​សមាសភាព​កីឡាករ​ទាំង​ខាង​កម្ពុជា និង​ខាង​បរទេស​ សុទ្ធតែ​មាន​កម្រិត​ល្អ ហើយ​មើលទៅ​ម្នាក់​ៗ​បញ្ចេញថ្វីដៃ​គួរ​ឱ្យ​ទាក់ទាញ​រៀងខ្លួន ។ កីឡាករ​កម្ពុជា​២​រូប​រួម​មាន ជើង​ខ្លាំង ពុទ្ធ ឆាយ​រិ​ទ្ធី និង រឿង សោ​ភ័​ណ្ឌ នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ឡាវ និង​ថៃ​ នៅ​រសៀល​ថ្ងៃ​សៅរ៍​ខាង​ស្អែក​នេះ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​កម្ពុជា​ទាំង​២​ ត្រូវ​ដល់​ជុំ​ប្រកួត​គ្នា​ជាមួយ​កីឡាករ​ថៃ និង​ឡាវ​រៀងខ្លួន ដោយ​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​កម្ពុជា​ទាំង​ពីរ ក៏​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ណាស់​ដែរ ដោយសារ​តែ​ពួក​គេ​សុទ្ធតែ​ជាប់​ឈ្មោះ​ថា ក្លាហាន​ហ៊ាន​តវ៉ា​នៅ​ពេល​គណៈកម្មការ​ឱ្យ​ចាញ់​នា​ពេល​កន្លង​មក ។ គេ​មិន​នឹក​ស្មានថា ពុទ្ធ ឆាយ​រិ​ទ្ធី បន្ត​ការ​ប្រកួត​នោះ​​ផង ដោយសារ​តែ​ការ​ឱ្យ​ចាញ់​លើក​មុន គឺ​គេ​ខឹង​ ហើយ​ប្រកាស​ដកខ្លួន ។ លោក​ថា កីឡាករ​កម្ពុជា​ត្រូវ​បាន​អះអាង​ថា ​សម្ងំ​ហ្វឹកហាត់​មិន​ខុស​គ្នា​នោះ​ទេ ដោយសារ​តែ​កីឡាករ​ម្នាក់​ៗ​មិន​ចង់​បាត់​ឱកាស​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១ ​ក្នុង​ពូ​ល ឆ្ពោះទៅ​រក​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ និង​ប្រាក់​លាន ។ ទោះបី​យ៉ាងណា គេ​មិន​ទាន់​ដឹង​ថា កីឡាករ​ណាមួយ​នឹង​មាន​លទ្ធភាព​យក​បាន​៣​ពិន្ទុ​នៅ​ស​ប្ដា​ហ៍​ទី​២​នេះ​ទេ ដោយសារ​តែ​ភាគី​ទាំង​សងខាង​សុទ្ធតែ​បាន​ត្រៀម​ទុក​ពី​ចម្ងាយ ហើយ​កីឡាករ​ឡាវ និង​ថៃ ក៏​ត្រូវការ​ឈ្នះ​យក​៣​ពិន្ទុ​ថ្ងៃនេះ​ដូច​គ្នា ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប​ខាងលើ​ នឹង​បើក​ឆាក​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​ខា​រ៉ា​បាវ​នៅ​វេលាល្ងាច​ខាន​​ស្អែក ។ កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​កីឡា ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ​ ថា អ៊ួ​ឡាន ក្នុង​នាម​ជា​គូ​បើក​ឆាក​​អន្តរជាតិ​ដណ្ដើម​ពិន្ទុ​នៅ​ក្នុង​ព្រឹត្តិការណ៍ ដោយ​ជំនួប​រវាង​ពួក​គេ​បាន​កើតឡើង​ដោយសារ​តែ​ការ​ចាប់ឆ្នោត និង​ការ​រៀបចំ​រូបមន្ត​ប្រកួត​ដែល​ចាត់ចែង​ឡើង​ដោយ​ក្រុម​គណៈ​កម្មការ​បច្ចេកទេស ។ លោក​ថា ​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី ចាត់​ទុក​ថា ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​នា​ពេល​កន្លង​មក ទើប​ការ​ប៉ះ​​ប្រកួត​ក្នុង​ស​ប្ដា​ហ៍​នេះ​ សម្រាប់​សង្វៀ​នខា​រ៉ា​បាវ គឺ​កីឡាករ​រូប​នេះ​នឹង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​អស់ចិត្ត ។លោក​ជឿជាក់​ទៅ​លើ​សមត្ថភាព​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​របស់​កីឡាករ​កម្ពុជា ពុទ្ធ ឆាយ​រិ​ទ្ធី តែ​មិន​ហ៊ាន​ប្រាកដ​ថា គេ​អាចយ​កបាន​៣​ពិន្ទុ​សម្រាប់​ល្ងាច​​ខាន​ស្អែក​ទេ ។

លោក​បាន​ត្រឹមតែ​រំពឹង​ថា ការ​ប្រកួត​បើក​ឆាក​របស់​គូ​អន្តរជាតិ​នេះ នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំងក្លា​តែ​ប៉ុណ្ណោះ ដោយសារ​កីឡាករ​ឡាវ​មិនមែន​ធម្មតា ។ កីឡាករ​ឡាវ​​រូប​នេះ​ធ្លាប់​ប្រកួត​៦៥​លើក ឈ្នះ​៥៤​លើក  និង​ចាញ់​១១​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា ​ឆ្លងកាត់​ការ​ប្រកួត​៨៤​លើក ឈ្នះ​៦៧​លើក ចាញ់​១៦​លើក និង​ស្មើ​១​លើក ។

សម្រាប់​កីឡាករ រឿង សោ​ភ័​ណ្ឌ លោក​ញាណ សុធី បញ្ជាក់​ថា គេ​កាន់តែ​នឹង​បញ្ចេញថ្វីដៃ​មិនធម្មតា​ទៀត ​ហើយ​ក្នុង​ជំនួប​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ​សាំង យ៊ុ​ត ក្នុង​ការ​ដណ្ដើម​​ឱ្យ​បាន​៣​ពិន្ទុ​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ​នេះ ។ ការ​ប្រកួត​២​លើក​កន្លង​មក កីឡាករ​ រឿង សោ​ភ័​ណ្ឌ ឈ្នះ​១ ចាញ់​១ ទើបត្រូវ​ការ​ឈ្នះ​លើក​នេះ ​ដាច់ខាត​ដើម្បី​ដណ្ដើម​ឱកាស​ទៅ​ឡើង​យក​តំណែង ។ លោក​ថា កីឡាករ​ថៃ​ សាំង យ៊ុ​ត ធ្លាប់​ប្រកួត​៧៥​លើក ឈ្នះ​៦១​លើក ចាញ់​១៣​លើក និង​ស្មើ​១​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​១៤៤​លើក ឈ្នះ​១២៧​លើក  ចាញ់​១៥​លើក និង​ស្មើ​២​លើក ៕