ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​ខ្ចី​ឥណទាន​ពី​ធនាគារ​AIIB ជា​លើក​ដំបូង​នៅ​ឆ្នាំ​ក្រោយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​មាន​ប្រភព​ទុន​ផ្សេង​មួយទៀត​ហើយ ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដោយ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កម្ពុជា​គ្រោង​ខ្ចី​ឥណទាន

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​មាន​ប្រភព​ទុន​ផ្សេង​មួយទៀត​ហើយ ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដោយ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កម្ពុជា​គ្រោង​ខ្ចី​ឥណទាន​ពី​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ហៅ​កាត់ AIIB នៅ​ឆ្នាំ​២០១៨ ខាង​មុខ ។

លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត D.J. Pandian អនុប្រធាន​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី កាល​ថ្ងៃ​ទី​១៧ មក​រា កន្លង​មក​ថា បច្ចុប្បន្ន កម្ពុជា​នៅ​មិន​ទាន់​មាន​គោលនយោបាយ​ខ្ចី​ឥណទាន​ពី​ធនាគារ AIIB នៅឡើយ​ទេ  ប៉ុន្តែ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ កម្ពុជា​នឹង​ពិនិត្យ​វាយតម្លៃ​សមត្ថភាព​ខ្ចី​របស់​ខ្លួន​ឡើង​វិញ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​រៀបចំ​ឯកសារ​យុទ្ធសាស្ត្រ​គ្រប់គ្រង​បំណុល​សាធារណៈ ២០១៩-២០២៣ ដើម្បី​ឲ្យ​កម្ពុជា​អាច​ខ្ចី​ឥណទាន​ពី​ធនាគារ​នេះ​យក​មក​បំពេញតម្រូវការ​ដ៏​ធំធេង​នៃ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​សាធារណៈ និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ។

លោក​រដ្ឋមន្ត្រី​ស្តីទី​បាន​បង្ហាញ​ជូន​ភាគី​ឲ្យ​បាន​ជ្រាប​អំពី​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា ក្នុង​នោះ​រួម​មាន ការ​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រមាណ​ជាង​៧%​ក្នុង​មួយ​ឆ្នាំ នៅ​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ផង​ដែរ ។

ទាក់ទង​នឹង​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា លោក វ​ង្សី វិស្សុត បាន​បញ្ជាក់​ថា វា​គឺជា​កិច្ចការ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល ហើយ​ការងារ​នេះ កម្ពុជា​កំពុង​សហការ​ជាមួយ​ដៃគូ ដើម្បី​រៀបចំ​នូវ​ផែនការមេ​នៃ​កា​រត​ភ្ជាប់​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ដឹក​ជញ្ជូន និង​គមនាគមន៍ ក្នុង​គោលដៅ​លើកកម្ពស់​ការ​ប្រកួតប្រជែង និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​។ ដូចនេះ កម្ពុជា​នឹង​ខិតខំ​ស្រូប​ទាញ​យក​ផលប្រយោជន៍​ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ធនាគារ​មួយ​នេះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន ។

លោក​រដ្ឋមន្ត្រី​ស្តីទី បាន​ស្នើ​ឲ្យ​ធនាគារ​មួយ​នេះ​ជួយ​ផ្តល់​ជំនួយ​បច្ចេកទេស​សម្រាប់​ការ​រៀបចំ​ផែនការមេ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ថាមពល ដើម្បី​ធ្វើ​ឲ្យ​ថាមពល​នៅ​កម្ពុជា​មាន​តម្លៃ​សមរម្យ និង​ជួយ​លើកកម្ពស់​ភាព​ប្រកួតប្រជែង ក្នុង​នោះ រួម​ទាំង​ការ​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ផ្សេង​ៗ​ទៀត​ដូច​ជា ផ្លូវថ្នល់ ផ្លូវដែក និង​វិស័យ​ទូរគមនាគមន៍​ជាដើម តាម​រយៈ​យន្តការ​ជា​ដៃគូ​រវាង​រដ្ឋ និង​វិស័យ​ឯកជន​ផង​ដែរ ។

ធនាគារ AIIB ផ្តោត​ការ​ផ្តល់​ឥណទាន​ទៅ​លើ​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច​ផ្សេង​ទៀត ។

លោក​បណ្ឌិត D.J. Pandian បញ្ជាក់​ថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុ​ជានា​ពេល​នេះ គឺ​ដើម្បី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ជាមួយ​កម្ពុជា ដែល​ជា​ប្រទេស​ស្ថាបនិក ជា​ពិសេស ដើម្បី​ស្វែង​យល់​អំពី​តម្រូវការ​របស់​កម្ពុជា នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន និង​ពិភាក្សា​លើ​គម្រោង​ដែល​មាន​សក្តានុពល​នានា ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ចង់​ស្នើ​សុំ​ហិរញ្ញប្បទាន​ពី​ធនាគារ​នេះ ។

ធនាគារ​AIIB មាន​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​នៅ​រដ្ឋធានី​ប៉េ​កាំ​ង ប្រទេស​ចិន ។ ធនាគារ​នេះ​មាន​ដើមទុន​សរុប​ដំបូង​ចំនួន​១០០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ដើមទុន​៧៥% ​កាន់កាប់​ដោយ​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់ និង​២៥%​ទៀត​កាន់កាប់​ដោយ​ប្រទេស​ជា​សមាជិក​ក្រៅ​តំបន់​។ ធនាគារ​នេះ​ជា​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ពហុភាគី ដូច​គ្នា​នឹង​ធនាគារ​ពហុភាគី​នានា​ដែល​មាន​ស្រាប់​ដូច​ជា ADB, WB, IFAD និង EIB ជាដើម ៕