ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ស ថេ​ត បង្កើត​ក្រុម​ប្រតិបត្តិការ បង្ក្រាប​កម្លាំង​អនាធិបតេយ្យ ដែល​ចាប់​ពលរដ្ឋ​ដោយ​គ្មាន​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សម្រេច​ចាត់តាំង​បញ្ជាការ​ដឹកនាំ និង​ក្រុម​ប្រតិបត្តិការ ទប់ស្កាត់…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សម្រេច​ចាត់តាំង​បញ្ជាការ​ដឹកនាំ និង​ក្រុម​ប្រតិបត្តិការ ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ធ្វើ​សកម្មភាព​ចាប់​ឃាត់ខ្លួន​ប្រជាពលរដ្ឋ បែប​អនាធិបតេយ្យ ដោយ​គ្មាន​កិច្ចសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន ។

សេចក្ដីសម្រេច​ចុះ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២២ បាន​ចាត់តាំង​បញ្ជាការ​ដឹកនាំ និង​ក្រុម​ប្រតិបត្តិការ ចំនួន​០៩​ក្រុម មាន​ភារកិច្ច​ចុះ​ល្បាត អន្តរាគមន៍ ទប់ស្កាត់ និង​បង្ក្រាប​កម្លាំង​អនាធិបតេយ្យ ដែល​ធ្វើ​សកម្មភាព​ចាប់​ឃាត់ខ្លួន​ប្រជាពលរដ្ឋ ដោយ​មិន​មាន​កិច្ចសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន ។ ក្រុមការងារ​ត្រួតពិនិត្យ មាន​ភារកិច្ច ៖

– ជា​សេនាធិការ ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លើ​ការងារ​ចុះ​ត្រួតពិនិត្យ រក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ជន​ធ្វើ​សកម្មភាព ចាប់​ឃាត់​មនុស្ស អនាធិប្បតេយ្យ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ ។

– ក្រុម​ប្រតិបត្តិការ​នីមួយ​ៗ ត្រូវ​បែងចែក​កម្លាំង ដើម្បី​ទទួលខុសត្រូវ ២៤/២៤​ម៉ោង កសាង​ផែនការ​សកម្មភាព និង​ប្រតិទិន​ការងារ កំណត់​តំបន់​ស្មុ​គ្រ​ស្មាញ តំបន់​ប្រឈម តំបន់​កើត​មាន​ហេតុការណ៍​ញឹកញាប់ ដើម្បី​ឱ្យ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​ធានា​បាន ប្រសិទ្ធភាព ។

– ពេល​ចេញ​ប្រតិបត្តិការ កម្លាំង​ទាំងអស់ ត្រូវធ្វើ​ការងារ​ជា​ក្រុម ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន ឈុត​ប្រយុទ្ធ ពាក់​សញ្ញា​សម្គាល់ និង​គ្រឿង​បន្ទាប់បន្សំ​របស់​នគរបាល ឲ្យ​បាន​សព្វគ្រប់ មាន​អាវុធ​គ្រប់​ដៃ និង​រៀបចំ​ខ្លួន​ឲ្យ​ស័ក្ក​សមជា​សមត្ថកិច្ច ដែល​មាន​តួនាទី ជា​អ្នក​អនុវត្ត​ច្បាប់ ។

– ពេល​ទទួល​បាន​ព័ត៌មាន តាម​ប្រព័ន្ធ​ទំនាក់ទំនង ឬ​ប្រភព​ផ្សេង​ៗ ពាក់ព័ន្ធ​នឹង​សកម្មភាព ចាប់​ឃាត់ខ្លួន​ពលរដ្ឋ នៅ​ចំណុច​ណាមួយ ដោយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ ក្រុម​ប្រតិបត្តិការ​ទាំងអស់ ត្រូវ​ទំនាក់ទំនង​ផ្តល់​ព័ត៌មាន ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ចេញ​ធ្វើ​សកម្មភាព តាម​បង្ក្រាប ដោយ​មិន​លើកលែង ។

– ពេល​ពិនិត្យ​ឃើញជាក់ស្ដែង មានការ​ចាប់​ឃាត់ខ្លួន​មនុស្ស នៅ​លើ​ដងផ្លូវ កម្លាំង​ប្រតិបត្តិការ ត្រូវ​អនុវត្ត​វិធានការ ដូច​ខាងក្រោម ៖

+ត្រូវ​ម្ចាស់​ការ ធានា​បាន​ប្រៀប​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​កន្លែង​កើតហេតុ ។
+ពិភាក្សា​ដោយ​សម្របសម្រួល ដើម្បី​ស្វែងរក​អត្តសញ្ញាណ​អង្គភាព និង​អ្នក​ទទួលខុសត្រូវ ។
+ទំនាក់ទំនង​ទៅ​ក្រុម​ប្រតិបត្តិការ ដែល​នៅ​ជិត​បំផុត ដើម្បី​បញ្ជូន​កម្លាំង​ជំនួយ មក​គ្រប់គ្រង សភាពការណ៍ ។
+អនុវត្ត​វិធានការ ដោយ​ចាប់បង្ខំ នាំ​យក​អ្នក​ពាក់ព័ន្ធ​ទាំងអស់ មក​អង្គភាព ដើម្បី​អនុវត្ត​នីតិវិធី ស្រាវជ្រាវ និង​ស៊ើបអង្កេត ។

– អំឡុង​ពេល​ប្រតិបត្តិការ និង​បង្ក្រាប​នៅ​ចំណុច​ណាមួយ ប្រធាន​ក្រុម​ប្រតិបត្តិការ​នីមួយ​ៗ ត្រូវ​រាយការណ៍​បន្ទាន់ អំពី​ស្ថានភាព​កម្លាំង ហេតុការណ៍ បញ្ហា​ប្រឈម ដំណោះស្រាយ ជូន​បញ្ហា​ការ​ដឹកនាំ ដើម្បី​មាន​មូលដ្ឋាន រាយការណ៍ និង​សុំ​យោបល់​ដឹកនាំ​បន្ត ។

– ត្រូវ​បញ្ចៀស​ឲ្យ​បាន​ក្នុង​កម្រិត​ខ្ពស់ ចំពោះ​ការ​ប្រើប្រាស់​អាវុធ ធ្វើ​ជា​ដំណោះស្រាយ ជាមួយ​បញ្ហា ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ ដើម្បី​ការពារ​ពី​ការ​គំរាមកំហែង ត្រូវ​ប្រើប្រាស់​ឲ្យ​ស្រប តាម​វិជ្ជាជីវៈ និង​មានការ​គិតគូរ​ពី​ហានិភ័យ ដល់​ប្រជាពលរដ្ឋ ដែល​នៅ​ជិត​ៗ​ទីកន្លែង​នោះ ។

– ក្រុម​ប្រតិបត្តិការ​នីមួយ​ៗ ត្រូវធ្វើ​របាយការណ៍ រាយការណ៍​ប្រចាំ​ថ្ងៃ ពី​សកម្មភាព​ដែល​ជា កិច្ច​ប្រតិបត្តិការ បញ្ហា​ប្រឈម និង​សំណូមពរ ជូន​បញ្ហា​ការ​ដឹកនាំ ។ បញ្ហា​ការ​ដឹកនាំ ត្រូវ​បូក​សរុប​របាយការណ៍ ពី​ក្រុម​ប្រតិបត្តិការ​ទាំងអស់ រាយការណ៍​ជូន​ថ្នាក់ដឹកនាំ ដើម្បី​មានការ​ចង្អុល​ដឹកនាំ​បន្ត ។

– ស្នងការ​រង​ទទួល​ផែនការ​ងារ​សេនាធិការ ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន លោកនាយ​ការិយាល័យ លោក​អធិការ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ទាំង​១៤ និង​ដូច​ប្រការ​១ (​នៃ​សេចក្ដីសម្រេច​) ត្រូវ​ទទួល​បន្ទុក​អនុវត្តន៍ សេចក្តីសម្រេច​នេះ ឲ្យ​មាន​ប្រសិទ្ធភាព ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ