ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

20​ឆ្នាំ​ខាង​មុខ​ពលករ5​ប្រទេស​នៅ​អាស៊ាន​ប្រឈម​បាត់បង់​ការងារ​ដោយ​មនុស្ស​យន្ត

7 ឆ្នាំ មុន

«​រ៉​យ​ទ័​រ​»​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បញ្ជាក់​ថា ពលករ​លើស​ពី​ពាក់កណ្តាល​ក្នុង​ប្រទេស​ចំនួន​៥​នៅ​អាស៊ាន​មាន​ហានិភ័យ​ខ្ពស់​នឹង​បាត់បង់​ការងារ​របស់​ខ្លួន

«​រ៉​យ​ទ័​រ​»​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បញ្ជាក់​ថា ពលករ​លើស​ពី​ពាក់កណ្តាល​ក្នុង​ប្រទេស​ចំនួន​៥​នៅ​អាស៊ាន​មាន​ហានិភ័យ​ខ្ពស់​នឹង​បាត់បង់​ការងារ​របស់​ខ្លួន​ដោយសារ​គ្រឿងចក្រ​ស្វ័យប្រវត្តិ (​មនុស្ស​យន្ត​) ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ ពិសេស​ស្ថិត​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ។

ការ​ស្រាវជ្រាវ​បញ្ជាក់​ថា ពលករ​ប្រហែល​១៣៧​លាន​នាក់ ឬ​៥៦% នៃ​ពលករ​កម្ពុជា ឥណ្ឌូ​ណេ​ស៊ី ហ្វ៊ី​លី​ពី​ន ថៃ និង​វៀតណាម ស្ថិត​ក្នុង​ក្រុម​មាន​ហានិភ័យ​ខ្ពស់ ។

នាយក​ស្នាក់​ការ​វិនិយោគិន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ថ្លែង​ថា «​ប្រទេស​ដែល​ប្រកួតប្រជែង​ផ្នែក​ថ្លៃ​ពលកម្ម​ខ្ពស់ ចាំបាច់​ត្រូវ​កែសម្រួល​គោល​ជំហរ​ជា​ថ្មី ព្រោះ​ការ​មាន​ប្រៀប​​លើ​ថ្លៃ​នឹង​មិន​គ្រប់គ្រាន់​ដល់​ជំនួញ ។ ពលករ​ត្រូវ​ទទួល​ការងារ​ហ្វឹកហាត់​ឱ្យធ្វើ​ការ​ដ៏​មាន​ប្រសិទ្ធភាព គួប​ផ្សំ​នឹង​គ្រឿងចក្រ​ស្វ័យប្រវត្តិ​»​។ ភូមិភាគ​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន​មាន​ប្រជាជន​ជាង​៦៣០​លាន​នាក់ និង​ជា​មជ្ឈមណ្ឌល​ផ្នែក​ផលិត ដោយ​មាន​ពលករ​ជាង​៩​លាន​នាក់ ពី​ចំនួន​ពលករ​ទាំងអស់​បាន​បម្រើ​ការ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ វាយ​ន​ភណ្ឌ និង​ស្បែកជើង ។​ពលករ​ឥណ្ឌូ​ណេ​ស៊ី​មាន​ប្រហែល​៦៤% មាន​ហានិភ័យ​ខ្ពស់​បាត់បង់​ការងារ​របស់​ខ្លួន​ដោយសារ​គ្រឿងចក្រ​ស្វ័យប្រវត្តិ ខណៈ​នៅ​ប្រទេស​វៀតណាម​មាន​ពលករ​ប្រឈម​មុខ​គ្មាន​ការងារ​ធ្វើ​ដល់​ទៅ​៨៦% និង​កម្ពុជា​៨៨% ។

អង្គការសហប្រជាជាតិ​បញ្ជាក់​ថា បច្ចេកវិទ្យា​នានា រួម​ទាំង​ការ​បោះពុម្ព​ប្រភេទ 3D និង​មនុស្ស​យន្ត​អាច​ប្រជ្រៀត​លើ​ផ្នែក​នេះ ។

ចំណែក​ឧស្សាហកម្ម​យានយន្ត និង​គ្រឿងបន្លាស់​របស់​អាស៊ាន ស្ថិត​នៅ​លំដាប់​ទី​៧​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៤ បាន​ជួល​ការងារ​ក្នុង​ផ្នែក​នេះ​ជាង​៨០០.០០០​នាក់ ខណៈ​ពេល​របាយការណ៍​បញ្ជាក់​ថា ពលករ​ក្នុង​ឥណ្ឌូ​ណេ​ស៊ី ច្រើន​ជាង​៦០% និង​ថៃ​ជាង​៧០% ត្រូវ​ប្រឈម​មុខ​នឹង​ហានិភ័យ​គ្មាន​ការងារ​ធ្វើ ។

អង្គការ​ពលកម្ម​អន្តរជាតិ​ឱ្យ​ដឹង​ថា «​មនុស្ស​យន្ត​កំពុង​ទទួល​ការ​អភិវឌ្ឍ​ឱ្យ​ធ្វើការ​កាន់តែ​ល្អ​មាន​តម្លៃ​ថោក និង​អាច​ធ្វើការ​រួម​ជាមួយ​មនុស្ស​បាន​កាន់តែ​ច្រើន​ឡើង​» ៕