ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ការងារ​ដោះស្រាយសំណង់​ខុសច្បាប់ និង​ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ ពិនិត្យ​ស្ថានភាព​ជាក់ស្តែង មុន​ដំណើការស្រង់ស្ថិតិ និង​វាស់វែង​ដី​ប្រជាពលរដ្ឋ​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃទី១៦​ ខែសីហា ឆ្នាំ២០២២ នេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម…

ខេត្តសៀមរាប៖ នៅថ្ងៃទី១៦​ ខែសីហា ឆ្នាំ២០២២ នេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន​ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា​ ក្នុងក្រុងសៀមរាប​ ខេត្តសៀមរាប។​

ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋាន​អង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលមាន​លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន បានបើកកិច្ចប្រជុំ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅខេត្តសៀមរាប មុននឹង​ចុះអនុវត្តន៍ការងារកំណត់ការប្រមូលទិន្នន័យ និងបច្ចេកទេសនៃការ​វាស់វែងដីដល់ពលរដ្ឋ នៅក្នុងតំបន់អង្គរ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ តទៅ។ ក្រុមការងារអនុវត្តចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋ ដែលបានសាងសង់ និងកាន់កាប់ដីធី្ល ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នឹង​អនុវត្តន៍ការងាររយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី​១៨ ខែសីហា​​តទៅ។

​តាមកិច្ចប្រជុំ ក្រុមការងារនេះ​ ត្រូវកំណត់ការប្រមូលទិន្នន័យ និងបច្ចេកទេសនៃការវាស់វែង ឲ្យបានច្បាស់​លាស់អំពីនិយានកាមក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់​ខុសច្បាប់។ ម៉្យាងទៀត ក៏ត្រូវ ចុះបញ្ជីក្បាលដីឲ្យបានច្បាស់លាស់ ដើមី្បធានាដល់ការកាន់កាប់​គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សម្រាប់ទៅពេលអនាគត។

​ក្រុមការងារ ដែលប្រមូលទិន្នន័យ និងបច្ចេកទេសនៃការវាស់វែង នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាក្រុមការងារបច្ចេកទេសសុរិយោដី មកពីរាជធានីភ្នំពេញ ខេត្តកំពង់ចាម បាត់ដំបង បន្ទាយ​មានជ័យ ​កំពង់ធំ និងខេត្តសៀមរាប បែងចែកជា ៣២ក្រុម ដោយមានសមាសភាពចូលរួមពី​មន្ត្រីរដ្ឋបាល​ខេត្ត អាជ្ញាធរជាតិអប្សរា និងមន្ត្រីសុរិយោដី។  

សូមរម្លឹកថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្ដីសម្រេច តែងតាំងសមាសភាពក្រុមការងារថ្នាក់ជាតិ តម្រង់ទិស ដើម្បីដោះ​ស្រាយ​បញ្ហាសំណង់​ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ក្រុមការងារនេះ មានសមាសភាព ១៣រូប ដែលមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអនុប្រធាន លោក ទៀ សីហា អភិបាលខេត្តសៀមរាប ជាអនុប្រធាន និង​លោក ស៊ុំ​ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអនុប្រធានអចិន្រ្តៃយ៍។ ចំណែក​សមាស​ភាព​សមាជិក ៩រូប​ទៀត ជា​រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការពីក្រសួងវប្បធម៌ ក្រសួងរៀបចំដែនដី ក្រសួងសេដ្ឋកិច្ច និងក្រសួងផែនការ។ ក្នុងនោះ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងអគ្គនាយករងពីររូបទៀត ក៏ស្ថិតក្នុងសមាសភាពក្រុមការងារថ្មី​នេះដែរ៕ (រូបថតពីហ្វេសប៊ុក​លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ