ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ចារកម្ម​ចិន​ចូល​ចត​នៅ​កំពង់​ផែ​ស្រី​លង្កា ទោះបី​ឥណ្ឌា​តវ៉ា

1 ឆ្នាំ មុន

ចិន ៖ នាវា​ស្រាវជ្រាវ​មួយ​គ្រឿង​របស់​ចិន​បាន​ចូល​មក​ចត​នៅ​កំពង់​ផែ Hambantota របស់​ស្រី​លង្កា

ចិន ៖ នាវា​ស្រាវជ្រាវ​មួយ​គ្រឿង​របស់​ចិន​បាន​ចូល​មក​ចត​នៅ​កំពង់​ផែ Hambantota របស់​ស្រី​លង្កា ទោះបី​ឥណ្ឌា​មានការ​ព្រួយបារម្ភ​ក្តី​។

នាវា Yuan Wang 5 ត្រូវ​បាន​ផ្តល់​ការ​អនុញ្ញាតិ​ឲ្យ​ចត​នៅ​កំពង់​ផែ​ក្នុង​លក្ខខណ្ឌ​វា​នឹង​មិន​ធ្វើការ​ស្រាវជ្រាវ​ឡើយ​ខណៈ​កំពុង​ស្ថិត​នៅ​ដែនទឹក​របស់​ស្រី​លង្កា​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​កំពង់​ផែ​។

ឥណ្ឌា​ធ្លាប់​សម្តែង​ការ​ព្រួយបារម្ភ​ថា នាវា​នោះ​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ធ្វើ​ចារកម្ម​លើ​សកម្មភាព​របស់​ខ្លួន​។

ក្រសួងការបរទេស​ស្រី​លង្កា​បាន​និយាយ​ថា នាវា​នោះ​ត្រូវ​អនុញ្ញាតិ​ឲ្យ​ចត​នៅ​កំពង់​ផែ Hambantota ដែល​គ្រប់គ្រង​ដោយ​ចិន​រហូត​ដល់​ថ្ងៃ​ទី ២២ ខែសីហា​។

អ្នកវិភាគ​សន្តិសុខ​បរទេស​បាន​ពិពណ៌នា​នាវា Yuan Wang 5 ជានា​វា​តាមដាន​ជំនាន់​ចុង​ក្រោយបង្អស់​របស់​ចិន ដោយ​វា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ត្រួតពិនិត្យ​ផ្កាយ​រណប គ្រាប់​រ៉ុក្កែត និង​ការ​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប​។

សារព័ត៌មាន​ឥណ្ឌា​ជា​ច្រើន​បាន​ពិពណ៌នា នាវា​នោះ​ថា​ជា​នាវា​ចារកម្ម​។ ចំណែក​គេហទំព័រ​វិភាគ​ការ​ដឹក​ជញ្ជូន​បាន​ហៅ​នាវា​នោះ​ថា​ជានា​វា​ស្រាវជ្រាវ និង​អង្កេត​។

កាសែត​ឥណ្ឌា NDTV បាន​និយាយ​ថា រដ្ឋាភិបាល​ក្នុង​ទីក្រុង​ដេ​លី​មានការ​ព្រួយបារម្ភ​អំពី​លទ្ធភាព​នៃ​ប្រព័ន្ធ​តាមដាន​របស់​នាវា​ចិន​នោះ​ក្នុង​ការ​ព្យាយាម​លួច​មើល​ការ​ដំឡើង​របស់​ឥណ្ឌា ខណៈ​ដែល​វា​កំពុង​ស្ថិត​នៅ​ស្រី​លង្កា​។

កាលពីដើម​ខែកក្កដា អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា​បាន​និយាយ​ថា រដ្ឋាភិបាល​កំពុង​តាមដាន​ផែនការ​ធ្វើ​ដំណើរ​របស់​នាវា​ចារកម្ម​ចិន ដោយ​គាត់​បន្ថែម​ថា ទីក្រុង​ដេ​លី​នឹង​ការពារ​សន្តិសុខ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ខ្លួន​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋាភិបាល​ឥណ្ឌា​បាន​តវ៉ា​ជាមួយ​រដ្ឋាភិបាល​ស្រី​លង្កា​អំពី​ដំណើរ​របស់​នាវា Yuan Wang ៥​របស់​ចិន​។

បន្ទាប់​ពី​មានការ​តវ៉ា​ពី​ឥណ្ឌា ក្រសួង​ការ​បរ​ទេ​ស្រី​លង្កា​បាន​ស្នើ​ឲ្យ​ចិន​ពន្យារពេល​ចូល​ចត​នាវា​នៅ​កំពង់​ផែ ដោយ​និយាយ​ថា វា​ត្រូវការ​ការពិគ្រោះ​យោបល់​បន្ថែម​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ