ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រែប្រួលរបស់​សុខ ពិសី សម្រាប់​ឆ្នាំ​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឈាន​ចូល​ឆ្នាំ​ថ្មី​២០១៧ តារា​សាច់​សខ្ចី​សុខ ពិសី បាន​ដាក់​តម្លៃ​ខ្លួន​សម្តែង​ខ្ពស់​ជាង​មុន ។ មាន​ប្រភព​លើក​ឡើង​ថា សុខ ពិសី ដំឡើង​ថ្លៃ​ខ្លួន​ខ្ពស់​ជាង​មុន​ស្រប​ពេល​កេរ្តិ៍ឈ្មោះ​សិល្បៈ​របស់​នាង​កាន់តែ​លូត

រាជធានី​ភ្នំពេញ ៖ ឈាន​ចូល​ឆ្នាំ​ថ្មី​២០១៧ តារា​សាច់​សខ្ចី​សុខ ពិសី បាន​ដាក់​តម្លៃ​ខ្លួន​សម្តែង​ខ្ពស់​ជាង​មុន ។ មាន​ប្រភព​លើក​ឡើង​ថា សុខ ពិសី ដំឡើង​ថ្លៃ​ខ្លួន​ខ្ពស់​ជាង​មុន​ស្រប​ពេល​កេរ្តិ៍ឈ្មោះ​សិល្បៈ​របស់​នាង​កាន់តែ​លូតលាស់​ខ្លាំង ។

តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេក​ញ្ញា​សុខ ពិសី បាន​ធ្វើ​ឲ្យ​កក្រើក​ជាមួយនឹង​ការ​សម្តែង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ បច្ចុប្បន្ន​ការ​ទទួល​ការងារ​ថ្មី​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​បញ្ចេញ​តម្លៃ​ខ្លួន​ថ្មី​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន ។ តារាចម្រៀង​សុខ ពិសី បាន​សម្រេច​ស្នាដៃ ធំ​ៗ​ជា​ច្រើន​កាលពី​ឆ្នាំ​ចាស់ ពិសេស​នាង​ទើប​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ពី​ព្រះមហាក្សត្រ​ដែល​បំពាក់​ដោយ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ។ ចូល​ឆ្នាំ​២០១៧​ភ្លាម តារាចម្រៀង​សុខ ពិសី ត្រូវ​ផលិករ​ទម្លាយ​ពី​ការ​ទាមទារ​តម្លៃ​ខ្លួន​ខ្ពស់​ជាង​ឆ្នាំ​មុន ។

ប្រភព​បញ្ជាក់​ថា សុខ ពិសី ដែល​ពី​មុន​ទទួល​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ចន្លោះ​ពី​១.៥០០​ទៅ​១.៨០០​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​ពេល​នេះ​នាង​ប្រកាស​ឡើង​តម្លៃ​ខ្លួន​ចាប់ពី​២​ពាន់​ទៅ​ជាង​២​ពាន់​ដុល្លារ​អា​មេ​រិ​ក ។ តម្លៃ​ខ្លួន​នេះ​ប្រហាក់ប្រហែល​តារាចម្រៀង​ឱ​ក សុគន្ធ​កញ្ញា និង​មាស សុខ​សោភា ។ ការ​ដំឡើង​តម្លៃ​ខ្លួន ស្រប​ពេល​ដែល​តារាចម្រៀង​សុខ ពិសី ទទួល​បានការ​ងារ​សិល្បៈ​ច្រើន ពិសេស​ការ​សម្តែង​ក្នុង​ឈុត​ឆាក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ធំ​ៗ​ជា​បន្តបន្ទាប់ ។

ក្នុង​ជំនួប​ជាមួយ​តារាចម្រៀង​សុខ ពិសី កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នាង​បញ្ជាក់​ថា នាង សប្បាយ​ចិត្តនឹង​ការងារ​ដែល​សម្រេច​បាន​ក្នុង​ពេល​កន្លង​មក​ទាំង​កម្មវិធី ធំ​ៗ និង​កម្មវិធី​សប្បុរសធម៌​នានា ។ ក្នុង​ឆ្នាំ​ថ្មី​នេះ​តម្លៃ​ខ្លួន​នៃ​ការ​ចូលរួម​ច្រៀង​របស់​នាង​ឡើង​ខ្ពស់​ជាង​មុន​បន្តិច ព្រោះតែ​ការ​ចំណាយ និង​ផ្គត់ផ្គង់​ក្រុម​រាំ​របស់​នាង​ក៏​មាន​កំណើន​ដែរ ។

ទទួលស្គាល់​ថា​តម្លៃ​ខ្លួន​អាច​ប្រហាក់ប្រហែល​ទៅ​នឹង​ការ​លើក​ឡើង​នោះ​មែន ប៉ុន្តែ​នាង​សុំ​មិន​បញ្ជាក់​លម្អិត​ទេ ។ «​នាង​ខ្ញុំ​មិន​សម្លឹង​មើលឃើញ​តែ​ប្រាក់​ជា​ធំ​ទេ ប៉ុន្តែ​សម្រាប់​ការងារ​ប្រគំ​តន្ត្រី​មនុស្សធម៌​នាង​ខ្ញុំ​នៅ​តែ​ជួយ​ទៅ​តាម​លទ្ធភាព និង​ពេលវេលា​អំណោយផល​» ។

អ្នក​ផលិតកម្ម​វិធី​ប្រគំ​តន្ត្រី​ដដែល​នោះ​លើក​ឡើង​ថា ការ​ដំឡើង​ថ្លៃ​ខ្លួន​របស់​តារាចម្រៀង​សុខ ពិសី មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​ការងារ​សិល្បៈ​របស់​នាង​ទេ ប៉ុន្តែ​នាង​កាន់តែ​មានឱកាស​ច្រើន​ជាមួយនឹង​គូប្រជែង​ទៅ​វិញ ព្រោះ​សុខ ពិសី​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត​ថ្មី​ជាមួយ​ការ​ច្រៀង និង​ក្រុម​រាំ​របស់​នាង ។

តារា​លំដាប់​ជួរ​មុខ​នៅ​ផលិត​សាន់​ដេក​ញ្ញា​សុខ ពិសី​បាន​វិ​វ​ឌ្ឍ​ការ​សម្តែង​ជា​បន្តបន្ទាប់​ដោយ​គេ​សង្កេត​ឃើញ​នាង​ប្តូរ​របៀប​សម្តែង គឺ​ក្រៅពី​ច្រៀង​បែប​មនោសញ្ចេតនា​តែ​ម្នាក់ឯង  នាង​កែប្រែ​មក​ច្រៀង​មាន​អម​ដោយ​ក្រុម​រាំ​ជា​ប្រចាំ ។ មូលហេតុ​នេះ​ហើយ​កាន់តែ​ជួយ​ជំរុញ​ឲ្យ​តារា​ស្រី​ម្នាក់​នេះ​ស្ថិត​នៅ​ក្នុង​ការ​តាមដាន​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ​របស់​នាង ។ រាល់ពេល​សុខ ពិសី សម្តែង​នៅ​ទីណា អ្នកគាំទ្រ​របស់​នាង​តែងតែ​នាំ​គ្នា​ទៅ​អបអរសាទរ​ជា​ប្រចាំ ៕