ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ជើង​ចាស់​លោក សោម ដូ​រិ​ន ចូល​សង្គ្រោះ​បន្ទាន់​ធ្វើការ​វះកាត់​ភ្លាម​ៗ​ទាំង​វ័យ​កំពុង​ជរា

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​ជើង​ចាស់​លោក សោម ដូ​រិ​ន ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ បន្ទាប់​ពី​លោក​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​លោក សោម ដូ​រិ​ន ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ បន្ទាប់​ពី​លោក​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា មាន​ឈា​.​មក​ក​នៅ​ក្នុង​ខួរក្បាល ដែល​ទាមទារ​អោយ​មានការ​វះកាត់​ភ្លាម​ៗ​។

ក្នុង​ភាព​វ័យ​កាន់​ចាស់ជរា លោក សោម ដូ​រិ​ន បាន​ពើបប្រទះ​នូវ​ជំងឺ​នានា​ជា​បន្តបន្ទាប់ ហើយ​នៅ​មុន​ពេល​វះកាត់​ខួរក្បាល​នា​ពេល​នេះ លោក​ក៏​បាន​ចាប់ផ្តើម​មាន​អាកា​រៈ​មិន​ស្រួល រហូត​មិន​អាច​ដើរ​រួច ទើប​ក្រុម​គ្រួ​សារបាន​ប្រញាប់​យក​រូប​លោក​មក​កាន់​មន្ទីរពេទ្យ​តែ​ម្តង​។

យ៉ាងណា ក្រោយ​ការ​ជួយ​សង្គ្រោះ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ មក​ទល់​នា​ពេល​នេះ ស្ថានភាព​ជំងឺ​របស់​លោក​បាន​វិល​មក​សភាព​គ្រាន់បើ​បន្តិច​ហើយ ខណៈ​ពេល​ដែល​លោក​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​វះកាត់​យក​ឈា​.​មក​ក​នៅ​ក្នុង​ខួរក្បាល​នា​ពេល​នេះ​។

បើ​តាម​ភរិយា​របស់​លោក គឺ​អ្នកស្រី សក្តិ សាកេ​តម​យូ​រ៉ា បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២២​នេះ​ថា លោក សោម ដូ​រិ​ន បាន​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រមាណ​៣​ថ្ងៃ​ហើយ បន្ទាប់​ពី​លោក​បាន​ធ្វើការ​វះកាត់​យក​ឈា​.​មក​ក​នៅ​ក្នុង​ខួរក្បាល​នៅ​ទី​នេះ​កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍ក​ន្ហ​ង​ទៅ​។

អ្នកស្រី​បញ្ជាក់​ថា រហូត​មក​ដល់​នា​ពេល​នេះ ស្ថានភាព​ជំងឺ​ស្វាមី​អ្នកស្រី គឺ​បាន​គ្រាន់​បន្តិច​ប៉ុណ្ណោះ ដោយ​គាត់​អាច​និយាយ​បាន​ខ្លះ បន្ទាប់​ពី​ធ្វើការ​វះកាត់​យក​ឈា​.​មក​ក​ក្នុង​ខួរក្បាល​ទទួល​បាន​ជោគជ័យ​។

អ្នកស្រី​បន្ថែម​ថា មុន​ពេល​មានការ​វះកាត់​ខាងលើ​នេះ ស្វាមី​អ្នកស្រី​គឺ​មាន​អាកា​រៈ​ឈឺក្បាល​ប្រមាណ​ជា​៤​ទៅ​៥​ថ្ងៃ ហើយ​ប្រើប្រាស់​ថ្នាំពេទ្យ​មិន​ទទួល​បាន​លទ្ធផល​ឡើយ ចុង​ក្រោយ​អាកា​រៈ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​លោក​ទន់​ជើង​ទាំង​ពីរ​មិន​អាច​ដើរ​បាន​តែ​ម្តង​។ ដោយសារ​ឃើញ​សភាព​បែប​នេះ អ្នកស្រី​រួម​ទាំង​កូន​ៗ​ក៏​បាន​នាំ​លោក​មក​ធ្វើការ​ពិនិត្យ​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង ហើយ​នៅ​ពេល​នោះ​ក្រុម​គ្រូពេទ្យ​ក៏​បាន​ធ្វើការ​ស្គេ​ន​ខួរក្បាល​លោក ដើម្បី​ពិនិត្យ​មើល ហើយ​ក៏​ឃើញ​មាន​ឈា​.​មក​ក​នៅ​ក្នុង​ក្បាល​នោះ​តែ​ម្តង​។

អ្នកស្រី​បញ្ជាក់​ថា ដោយ​ឃើញ​ស្ថានភាព​បែប​នោះ អ្នកស្រី​ក៏​បាន​បញ្ជូន​ស្វាមី​បន្ត​ភ្លាម​ៗ​មក​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​តែ​ម្តង ហើយ​មក​ដល់ទី​នេះ ក្រុម​គ្រូពេទ្យ​បាន​តម្រូវ​ឲ្យ​មានការ​វះកាត់​ជា​បន្ទាន់ ដើម្បី​អាច​ជួយ​សង្គ្រោះ​ជីវិត​គាត់​បាន​។

បើ​តាម​អ្នកស្រី សក្តិ សាកេ​តម​យូ​រ៉ា ថា បើ​ទោះបីជា​ការ​វះកាត់​ទទួល​បាន​ជោគជ័យ ហើយ​ស្វាមី​អ្នកស្រី​អាច​ដឹងខ្លួន​និយាយ​បាន​នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​បាន​តម្រូវ​អោយ​ស្វាមី​អ្នកស្រី​បន្ត​ស្នាក់​នៅ​មន្ទីរពេទ្យ ដើម្បី​បន្ត​តាមដាន​ជំងឺ ក្នុង​ពេល​ដែល​អ្នកស្រី​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​ពេលវេលា​ណាមួយ​ដែល​អាច​នាំ​ស្វាមី​ទៅ​គេហដ្ឋាន​វិញ​បាន​នោះ​ឡើយ​។

យ៉ាងណា​អ្នកស្រី​បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ទស្សនិកជន និង​សប្បុរសជន​នានា​ដែល​បាន​សម្តែង​ក្តី​បារម្ភ និង​សួរសុខទុក្ខ ព្រមទាំង​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​តិច​ក្តី​ច្រើន​ក្តី សម្រាប់​ជា​ការ​លើកទឹកចិត្ត​ស្វាមី​អ្នកស្រី និង​ជួយ​សម្រាលទុក្ខ​លំបាក​សម្រាប់​អ្នកស្រី​ដែល​កំពុង​ខ្វះខាត ហើយ​ត្រូវការ​ថវិកា​យ៉ាងច្រើន​សម្រាប់​ព្យាបាល​ស្វា​មីនា​ពេល​នេះ​។

ជា​ការ​កត់សម្គាល់ ក្នុង​វ័យ​៨៤​ឆ្នាំ​អតីត​តារា​សម្តែង​លោក សោម ដូ​រិ​ន បាន​ចូល​ប្រឡូក​អាជីព​សិល្បៈ​សម្តែង​តាំងពី​អំឡុង​ឆ្នាំ​១៩៥៨ ពោល​គឺ​តំណាល​នឹង​លោក នាង រិ​ទ្ធី​យ៉ា ដែល​គេ​ហៅ​ជំនាន់​ដំបូង​នៃ​ការ​កកើត​វិស័យ​ភាពយន្ត​ខ្មែរ​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រុមព្រះ​សុរិយាលោក​ព្រឹទ្ធាចារ្យ សោម ដូ​រិ​ន បាន​លះបង់​ច្រើន​ណាស់​ក្នុង​បុព្វហេតុ​សិល្បៈ​វប្បធម៌​ខ្មែរ តាំងពី​ពេល​ដែល​លោក​ប្រឡូក​សិល្បៈ​ដំបូង​ដើម​ទស​វត្ស​៥០ រហូត​មក​ដល់​សព្វថ្ងៃ​។ ក្រោយ​ពេល​ដែល​កម្ពុជា​រួច​ផុត​ពី​របប​ខ្មែរក្រហម ធនធានមនុស្ស​ផ្នែក​សិល្បៈ​ភាពយន្ត​នៅ​សល់​តិចតួច​ណាស់ ហើយ​រូប​លោក និង​ភរិយា ក៏​បាន​ចូលរួម​ជាមួយ​សិល្បករ​ដែល​មាន​វាសនា​រួច​ផុត​ពី​ការ​ស្លា​.​ប់​តិចតួច​បំផុត​នោះ រួម​គ្នា​កសាង​វិស័យ​ភាពយន្ត​អោយ​រស់​ឡើង​វិញ​ជា​ថ្មី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ