ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សុ​ភី សម្រេចចិត្ដ​លក់​ម៉ូតូ​យក​ប្រាក់​បើក​ជំនួញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ គេ​កត់​សម្គាល់ថា កីឡាករ​ល្បីឈ្មោះ​ឡុ​ង សុ​ភី ប្រឹងប្រែង​ឡើង​ប្រដាល់​យ៉ាង​ខ្លាំង ​ដោយសារ​តែ​លោក​កាន់តែ​មាន​បន្ទុក​ច្រើន​ឡើង​ខុស​ពី​ពេល​នៅ​លីវ​ម្នាក់ឯង ។ លោក​ប្រកាស

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ គេ​កត់​សម្គាល់ថា កីឡាករ​ល្បីឈ្មោះ​ឡុ​ង សុ​ភី ប្រឹងប្រែង​ឡើង​ប្រដាល់​យ៉ាង​ខ្លាំង ​ដោយសារ​តែ​លោក​កាន់តែ​មាន​បន្ទុក​ច្រើន​ឡើង​ខុស​ពី​ពេល​នៅ​លីវ​ម្នាក់ឯង ។ លោក​ប្រកាស​បើក​ជំនួញ​ក្នុង​ពេល​ខាង​មុខ ដោយ​សម្រេចចិត្ត​លក់​ម៉ូតូ​ដែល​ជិះ​រាល់ថ្ងៃ ដើម្បី​បាន​ប្រាក់​យក​ទៅ​បំពេញតម្រូវការ​ចាំបាច់​នោះ ។

លោក ​ឡុ​ង សុ​ភី និយាយ​ថា ក្នុង​ពេល​ដ៏​ខ្លី លោក និង​ភរិយា​នឹង​បើកហាង​បាយ​តូច​មួយ ដោយ​គ្រោង​ចំណាយ​ដើមទុន​ប្រមាណ​ជា​៥​ពាន់​ដុល្លារ​យ៉ាង​ហោច ដើម្បី​ធ្វើ​ជា​មុខ​របរ​​ផ្ទាល់ខ្លួន​។

លោក​ថា បានជា​គម្រោង​មួយ​នេះ​មិន​ទាន់​ចេញ​រួច គឺ​ដោយសារ​តែ​ហេតុផល​២​ ទី​១-​បញ្ហា​ដើមទុន​មិន​ទាន់​គ្រប់ និង​ទី​២-គឺ​ទីតាំង​ដែល​លោក​ចង់បាន​នៅ​មិន​ទាន់​រក​ឃើញ ។

លោក​ថា ខ្លួន​ចង់បាន​ផ្ទះ​មួយ​ដែល​ជាប់​ផ្លូវថ្នល់ ដែល​មាន​តម្លៃ​អាច​រត់​រួច ដោយ​មិន​ហ៊ាន​ជួល​ហាង​ដែល​មាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ​ពេក​ទេ ដើម្បី​កុំឱ្យ​មាន​បន្ទុក​កាន់តែ​ធំ ។

ក្នុង​នោះ តំបន់​ដែល​លោក​ត្រូវការ​ ក៏​ស្ថិត​នៅ​ក្នុង​រង្វង់​ដែនដី​ភ្នំពេញ​ថ្មី និង​ទួល​គោក​នោះ​ដែរ ដោយ​មិន​ហ៊ាន​ទៅ​រក​ទីតាំង​ដែល​នៅ​ឆ្ងាយ​ខុស​ពី​កន្លែង​ដែល​លោក​ធ្លាប់​ជួល​នៅ​នោះ​ទេ ។ លោក​ថា ការងារ​រាល់ថ្ងៃ​មិនមែន​មាន​តែ​ប្រដាល់​នោះ​ទេ គឺ​មានការ​បង្វឹក​សិស្ស និង​មានការ​ងារ​ខាងក្រៅ​ផង​ដែរ ។ ប៉ុន្តែ​លុយកាក់​មិន​សល់​ច្រើន​ទេ ទើប​គម្រោង​បើកហាង​នៅ​តែ​ជា​រឿង​ស្ទាក់ស្ទើរ​មក​ទល់​ពេល​នេះ ។

ទោះបី​យ៉ាងណា លោក​ថា ឱ្យ​តែ​រក​ទីតាំង​ដែល​លោក​គិត​ថា ​សមរម្យ នោះ​អាជីវកម្ម​លក់​បាយ និង​ម្ហូប​ដោយ​មាន​ទទួល​ធ្វើ​ម្ហូប​ក​ម្ម៉​ង់​ផង នឹង​ត្រូវ​កើតឡើង ដោយ​លោក​សម្រេចចិត្ត​លក់​ម៉ូតូ​ដែល​ជិះ​រាល់ថ្ងៃ​ ដើម្បី​បង្គ្រប់​ដើមទុន ។ លោក​ថា ម៉ូតូ​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៦​ របស់​លោក គឺ​លោក​ទើបតែ​ទិញ​ប៉ុណ្ណោះ ក្រោយ​ពេល​ប្រកួត​ឈ្នះ​ តែ​លោក​នឹង​សុខចិត្ត​លក់​ចេញ ​ដើម្បី​អាច​ឱ្យ​អាជីវកម្ម​ដែល​លោក និង​ភរិយា​ចង់​បើក​ដំណើរការ ។

លោក​ជឿជាក់​ថា មុខរបរ​លក់​បាយ និង​ម្ហូប​របស់​ខ្លួន​នឹង​លេចឡើង​មិនយូរ បើ​ទោះជា​លោក​នៅ​មិន​ទាន់​អាច​រក​ដើមទុន​បាន​គ្រប់​ដល់​៥​ពាន់​ដុល្លារ​តាម​ការ​គ្រោងទុក​នៅ​ឡើយ ។ លោក​ប្រកាស​ប្រឹង​ប្រដាល់​ដោយ​ទទួលយក​ការ​ផ្គូផ្គង​មិន​ខ្លាច​ឈឺ​ជា​នោះ​ទេ ដើម្បី​សម្រេច​បំណង​មួយ​នេះ ខណៈ​ដែល​លោក​បញ្ជាក់​ថា បើ​ទោះជា​មានមុខ​របរ​ផ្ទាល់ខ្លួន​ ក៏​លោក​នៅ​តែ​ទទួល​ការ​ប្រដាល់​ដោយ​មិន​ព្រម​ដកខ្លួន ។ លោក​ថា ខ្លួន​ល្បី​នឹង​ប្រដាល់ អីុចឹង​បើ​ទោះជា​លោក​មាន​មុខរបរ​ក្នុង​ដៃ ក៏​លោក​នៅ​តែ​ទទួល​ការ​ប្រដាល់ លើកលែង​អ្នកគាំទ្រ​ឈប់​ចង់​មើល​ការ​ប្រកួត​របស់​លោក​ប៉ុណ្ណោះ ។

ឡុ​ង សុ​ភី និយាយ​ថា លោក​មាន​ដើមទុន​ប្រមាណ​ជា​ជាង​២​ពាន់​ដុល្លារ​ហើយ ដោយ​លោក​នឹង​ប្រឹង​ប្រដាល់ និង​រក​ការងារ​ខាង​ក្រៅ​ឱ្យ​បាន​ខ្លាំង​ទៀត ​នៅ​ពេល​ទីតាំង​ហាង​បាយ​ត្រូវ​បាន​រក​ឃើញ ។ ទោះបី​យ៉ាងណា លោក​ថា មិន​អាច​ជៀស​ផុត​ពី​ការ​លក់​ម៉ូតូ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង គឺ​មុខរបរ​ដែល​លោក​ត្រូវ​បើក​ត្រូវការ​ដើមទុន​មិន​តិច​នោះ​ទេ បូក​ទាំង​ការ​ទប់​លុយ​សម្រាប់​ខាត​ក្នុង​ពេល​ដំបូង​ៗ​នោះ​ផង ។ លោក​ថា ខ្លួន​សុខចិត្ត​អត់​ម៉ូតូ​ជិះ​មួយ​រយៈ ព្រោះ​មិន​បាន​ប្រថុយ​បែប​ហ្នឹង​នោះ​ទេ គឺ​មុខរបរ​របស់​ភរិយា​នឹង​មិន​អាច​ចេញ​រួច ។ លោក​ប្រកាស​ថា មិន​ទិញ​ម៉ូតូ​ជិះ​ចាស់​មួយ​រយៈ​នោះ​ទេ សុខចិត្ត​អត់​ម៉ូតូ​ដោយ​សុខចិត្ត​ខ្ចី​ម៉ូតូ​មិត្តភក្ដិ​ប្រើ​ការ​តែ​ម្ដង ដោយ​រង់ចាំ​ប្រដាល់​បាន​លុយ ឬ​មុខរបរ​ឡើង​សន្ទុះ​ ទើប​ទិញ​ម៉ូតូ​ល្អ​ជិះ​វិញ​តែ​ម្ដង ។ លោក​និយាយ​ថា ៖ «​ខ្ញុំ​នឹង​លក់​ម៉ូតូ​ហ្នឹង​ ព្រោះ​បើ​អត់​លក់​ទេ​ បើកហាង​អត់​ចេញ​ទេ បើ​រង់ចាំ​លុយ​ប្រដាល់​មិនដឹង​បាន​រកស៊ី​ពេល​ណា​ទេ ដូច្នេះ​បើ​ចង់បាន​មួយ​ត្រូវ​តែ​ចោល​មួយ​!» ។

មុខរបរ​មួយ​នេះ លោក​ហ៊ាន​បោះទុន​ដោយសារ​តែ​ភរិយា​របស់​លោក​ធ្លាប់​រកស៊ី​លក់​បាយ ​កាលពី​មិន​ទាន់​បាន​គ្នា​យូរ​មក​ហើយ ម្យ៉ាង​មក​ពី​លោក​ក៏​មាន​ប្អូន​ៗ​សាច់ថ្លៃ ក៏​មាន​ជំនាញ​ធ្វើ​ម្ហូប និង​ជួយ​ចាត់ចែង​ផង ទើប​លោក​យល់​ថា បាន​អាជីវកម្ម​កាន់តែ​ឆាប់ គឺ​កាន់តែ​ប្រសើរ ។ យ៉ាងណាមិញ លោក​ថា មិន​ទាន់​កំណត់​ថ្ងៃ​បើក​លក់​បាន​នៅឡើយ​ទេ ក្នុង​ពេល​ដែល​ហាង​គឺ​សុទ្ធតែ​ថ្លៃ ហើយ​តម្លៃ​ដែល​លោក​ចង់បាន និង​ទីតាំង​ល្អ​នៅ​មិន​ទាន់​រកបាន ។ លោក​រំពឹង​ថា មុខរបរ​មួយ​នេះ មិន​លើស​ពី​ឆ្នាំ​២០១៧​នេះ​ទេ ​នឹង​អាច​ចេញ​​រួច ដោយ​លោក​យល់​ថា មុខរបរ​លក់​បាយ លក់​ម្ហូប និង​អាហារ​កុម្ម៉ង់​នឹង​ធ្វើ​ឱ្យ​ជីវភាព​របស់​លោក​ស្ទុះ​ឡើង ក្នុង​ពេល​មិន​ទាន់​មានផ្ទះ​ផ្ទាល់ខ្លួន​សម្រាប់​រស់នៅ​ភ្នំពេញ​នេះ​ផង ។

លោក​និយាយ​ថា​៖ «​នៅ​ភ្នំពេញ​បើ​មិន​រកស៊ី ចាំតែ​ធ្វើការ និង​ប្រដាល់​រក​លុយ​មក​បង់ថ្លៃ​ផ្ទះ​មិន​គ្រប់​ទេ អីុចឹង​ហើយ​បាន​ខ្ញុំ​ត្រូវ​តែ​លក់​ម៉ូតូ​អត់​ទុក សុខចិត្ត​ដើរ​មួយ​រយៈ​សិន​ចុះ គង់តែ​បាន​លុយ​ទិញ​វិញ​ទេ​!» ។ លោក​ថា ខ្លួន​ធ្លាប់​ស្គាល់​រសជាតិ​អត់​ម៉ូតូ ហើយ​ដាច់​ជើង​ បណ្ដាល​ឱ្យ​ខាត​លុយកាក់​ច្រើន​ដង​រួច​ទៅ​ហើយ ប៉ុន្តែ​លោក​ថា ការ​សម្រេចចិត្ត​លើក​នេះ ​ខុស​ពី​លើក​មុន​ៗ​ ទើប​គិត​ថា​ ជា​រឿង​មិន​គួរ​ស្ដាយ​សម្រាប់​គម្រោង​លក់​ម៉ូតូ ហើយ​យក​លុយ​បង្គ្រប់​បើកហាង​មួយ​ដែល​ជា​មុខរបរ​ផ្ទាល់ខ្លួន ។ លោក​រំពឹង​យ៉ាង​មុត​មាំ​​ថា អាជីវកម្ម​ដែល​លោក​ស្រមៃ​ឡើង​នឹង​ជួយ​ឱ្យ​លោក​មាន​សន្ទុះ ហើយ​ក៏​នឹង​ធ្វើ​ឱ្យ​លោក​លែង​ភ័យ​រឿង​គេ​មិន​ផ្គូផ្គង​ឱ្យ​ប្រដាល់​សុទ្ធសាធ​ដូច​មុន​ទៀត​ដែរ ៕