ក្រុម Nevercare កម្ពុជា​លើក​ពាន MATIC 2017


រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រុមកីឡា​អេ​ឡិច​ត្រូ​និក Nevercare កម្ពុជា បាន​ក្លាយជា​ម្ចាស់​ពាន​ជើងឯក MATIC ២០១៧ ទាល់តែ​បាន​ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​​អស់​រយៈពេល​២​ថ្ងៃ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ មក​រា ។ ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រុម​កីឡា​អេ​ឡិច​ត្រូ​និក Nevercare កម្ពុជា ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​ថ្នាក់ដឹកនាំ​របស់​សហព័ន្ធ ព្រមទាំង​មានការ​ដង្ហែ​អម​ជាមួយ​ម៉ូតូ​ធំ​យ៉ាង​គគ្រឹកគគ្រេង​ធ្វើ​ដំណើរ​មក​កាន់​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា។

គួរ​រំឭក​ផង​ដែរ​ថា ក្រុមកីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា ​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍ MATIC2017 នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ តាំងពី​ថ្ងៃ​ទី​១៣ មក​រា ហើយ​ការ​ប្រកួត​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ និង​ទី​១៥ មក​រា ដែល​មាន​បណ្ដា​ប្រទេស​ចំនួន​៧​ចូលរួម ​ក្នុង​នោះ​មាន​ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​ម្ចាស់ផ្ទះ កម្ពុជា ថៃ មី​យ៉ា​ន់​ម៉ា សិង្ហ​បុរី ចិន និង​ឥណ្ឌូ​ណេ​ស៊ី ។ កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ចំនួន​២​ក្រុម​ទៅ​ចូលរួម​ប្រកួត​ គឺ​ក្រុម Nevercare និង​ក្រុម Successful នៅ​ក្នុង​ព្រឹត្តិការណ៍ Mission Against International Championship2017 នា​ប្រទេស​ម៉ា​ឡេ​ស៊ី ។ ជា​លទ្ធផល​ក្រុម Nevercare កម្ពុជា ​បាន​ផ្ដួល​ក្រុម​ថៃ​ ដែល​ជា​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​ ក្នុង​លទ្ធផល​ពិន្ទុ​៥-៣ និង​៥-២ ។

លោក ជា ចាន់​បរិបូរណ៍ អនុប្រធាន​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ចាប់តាំងពី​ឆ្នាំ​២០១៣ រហូត​មក​នោះ ក្រុម​អេ​ឡិច​ត្រូ​និក​កម្ពុជា ​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ ថែម​ទាំង​ឈ្នះ​ពាន​ជើងឯក​ចំនួន​២​លើក​ទៀត​ផង ​គឺ​នៅ​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៧​នេះ​តែ​ម្ដង ។

លោក វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​ថា កីឡា​អេ​ឡិច​ត្រូ​និក​នៅ​មិន​ទាន់​បាន​ចូល​ជា​សមាជិក​របស់​កីឡា​អូ​ឡាំ​ពិ​ក ឬ​កីឡា​អាស៊ាន​នៅឡើយ​នោះ​ទេ ។ ប៉ុន្តែ​លោក​គិត​ថា បើ​សិនជា​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា មាន​ស្នាដៃ​ល្អ មានបទពិសោធន៍​គ្រប់គ្រាន់ ប្រហែលជា​អាច​រៀបចំ​ឱ្យ​មានកម្ម​វិធី​ប្រកួត​ដ៏​ធំ​មួយ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​ ខាង​មុខ ។ លោក​សូម​កោតសរសើរ​ដល់​ក្រុមកីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា ដែល​បាន​នាំ​មក​នូវ​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​មក​ជូន​ជាតិ ។ លោក​បាន​ប​ញ្ជាក់​ថា អ្វី​ដែល​ទទួល​បាន​ថ្ងៃនេះ ​បាន​ក្លាយជា​និមិត្តរូប​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ពួក​គេ​ស្គាល់​ថា អ្វី​ទៅ​ការងារ​ជា​ក្រុម​នោះ ។ លោក​បាន​បន្ថែម​ទៀត​ថា ការ​ធ្វើ​ការងារ​ជា​ក្រុម​នេះ ​ខ្មែរ​យើង​គឺ​ពិបាក​ខ្លាំង​ណាស់ ប្រសិនបើ​មាន​ចាប់ពី​២នាក់​ឡើង​ទៅ​ច្បាស់​ជា​តឹង​សរសៃ​.​ក​ដាក់​គ្នា ឬ​ក៏​អាច​ឈ្លោះប្រកែក​គ្នា មិន​ចុះសម្រុង​គ្នា​ក៏​ថា​បាន ។ ដូច្នេះ​ហើយ​ទើប​លោក​សរសើរ​ដល់​ក្រុមកីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា​ដែល​ឈ្នះ​ការ​ប្រកួត​លើក​នេះ​ដោយសារ​តែ​ពួក​គេ​ចេះ​ធ្វើ​ការងារ​ជា​ក្រុម​បាន​ល្អ ។ លោក​បាន​បញ្ជាក់​ថា កីឡា​​អេ​ឡិច​ត្រូ​និក​មិនយូរ​ទេ ​នឹង​អាច​ដាក់​បញ្ចូល​ទៅ​ក្នុង​កីឡា​អូ​ឡាំ​ពិ​ក ឬ​កីឡា​អាស៊ាន​ហ្គេ​ម​មិន​ខាន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ