ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​ដាក់​ឱ្យ​ប្រើ​សាកល្បង​ភាសាជាតិ​ចូល​ទៅ​ក្នុង​ភាសា​សកល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ Translator Hub-Khmer គឺជា​គម្រោង​បកប្រែ​នៅ​ក្នុង​ប្រព័ន្ធ​កម្មវិធី Microsoft ដែល​អនុវត្ត​ដោយ​សាកលវិទ្យាល័យ​អា​មេ​រិ​កាំ​ង​ភ្នំពេញ ក្រោម​កិច្ចសហការ​ប្រតិបត្តិការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ហើយ​គ្រោង

រាជធានី​ភ្នំពេញ ៖ Translator Hub-Khmer គឺជា​គម្រោង​បកប្រែ​នៅ​ក្នុង​ប្រព័ន្ធ​កម្មវិធី Microsoft ដែល​អនុវត្ត​ដោយ​សាកលវិទ្យាល័យ​អា​មេ​រិ​កាំ​ង​ភ្នំពេញ ក្រោម​កិច្ចសហការ​ប្រតិបត្តិការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ហើយ​គ្រោង​នឹង​ដាក់​ឱ្យ​សាកល្បង​បកប្រែ​ពី​ភាសាជាតិ​ទៅ​ជា​ភាសាបរទេស​នា​ពេល​ខាង​មុខ ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​អា​មេ​រិ​កាំ​ង​ភ្នំពេញ និង​សិក្ខាសាលា​ស្តី​ពី បច្ចេកវិទ្យា​លំហ​អេ​ឡិច​ត្រូ​និក កាលពី​ថ្ងៃ​ទី​១៦ មក​រា លោក សុខ សុ​ភ័ក្ត្រ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹង​ថា គម្រោងការ​បកប្រែ​ភាសាជាតិ​ចូល​ទៅ​ក្នុង​ភាសា​សកល ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Microsoft នេះ គឺ​ភាគី​ទាំង​ពីរ​បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ។

លោក​បន្ត​ថា ៖ « យើង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​Microsoft ព្រោះ​គេ​បាន​ស្ម័គ្រ​ចិត្តនឹង​ជួយ​ស្រុក​ខ្មែរ​ឱ្យ​មាន​គម្រោង​នេះ ។ គេ​ជួយ​ដើម្បី​ឱ្យ​ភាសាជាតិ​យើង​បាន​ចូល​ទៅ Translator Hub-Khmer ជា​បញ្ជរ​រួម​មួយ​សម្រាប់​បកប្រែ​ភាសា ដែល​នៅ​លើ​ពិភពលោក ភាសា​ចំនួន​៦០​បាន​ដាក់​បញ្ចូល និង​បាន​ប្រើប្រាស់​រួច​ហើយ ដោយឡែក​នៅ​តែ​យើង កំពុង​ចាប់ផ្តើម​និង​រៀបចំ ហើយ​អាច​ប្រហែល​៦​ខែ​ទៀត ទើប​យើង​ដាក់​ឱ្យ​ប្រើ​សាកល្បង » ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ថា ការ​ពន្យារពេល​នេះ ដោយសារ​ការ​ប្រើប្រាស់​ពាក្យ​មិន​ទាន់​ស៊ីសង្វាក់​គ្នា ព្រោះ​ភាសាជាតិ​វែង ច្រើន​ឃ្លា ទើប​មាន​សញ្ញា​«​ខណ្ឌ​»​មួយ​ខុស​ពី​ភាសា​អង់គ្លេស ។ ម្យ៉ាងទៀត ការ​ប្រើប្រាស់​ពាក្យ​ជា​ផ្លូវការ ព្រោះ​កន្លង​មក ក្រុមប្រឹក្សា​អក្សរសាស្ត្រ​បាន​បញ្ជាក់​ពី​ការ​ពិបាក​ដែរ អ្នកខ្លះ​ប្រើ​ភាសា​ផ្សេង អ្នក​សារ​ព័ត៌មាន​ប្រើ​ផ្សេង មន្ត្រី​រាជរដ្ឋាភិបាល​ប្រើ​ពាក្យ​ផ្សេង​ទៀត ដល់​យក​ទៅ​បក​ចេញ​ជា​ភាសា​អង់គ្លេស វា​មាន​ភាព​លម្អៀង​តិចតួច ហើយ​នៅ​ថ្ងៃ​ខាង​មុខ បើ​គម្រោង​នេះ​ដំណើរ​ការ​បាន​ល្អ គឺ​វា​មាន​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ពលរដ្ឋ​ក្នុង​ប្រទេស ។

លោក​បន្ត​ថា ៖ « កន្លង​មក ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​ដែល​រៀន​បាន​តិចតួច នៅ​ពេល​ចង់​ចូល​ទៅ​មើល​ពាក្យ​អង់គ្លេស វា​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​ផ្សេង​ៗ​មាននៅ​ក្នុង​អន្តរជាតិ គាត់​ស្រាវជ្រាវ​អត់​ចេញ តែ​ដល់​ពេល​យើង​មាន Translator Hub-Khmer នេះ ពេល​យើង​ដាក​ចូល​ទៅ វា​ចេញ ។ គម្រោង​នេះ​ជា​ជំនួយ​របស់ Microsoft សម្រាប់​ជួយ​ដល់​កម្ពុជា ក៏​ដូច​ជា​ប្រយោជន៍​របស់ Microsoft ដែរ ព្រោះ​Microsoft មាន​អ្នក​ប្រើប្រាស់​នៅ​ទូ​ទាំង​ពិភពលោក » ។

លោក Erick Stephens  តំណាង​ក្រុមហ៊ុន​Microsoft ឱ្យ​ដឹង​ថា ៖ « នេះ​គឺជា​ការ​ធ្វើ​ដំណើរ​មួយ​ដែល​យើង​បាន​និង​កំពុង​ចាប់ផ្តើម ហើយ​នៅ​មានដំណើរ​វែង​ឆ្ងាយ​ទៀត ដោយ​ទាមទារ​ឱ្យ​មាន​អ្នកជំនាញ​កាន់តែ​ច្រើន​បញ្ចូល​ភាសា​ខ្មែរ​កាន់តែ​សម្បូរ​បែប​ចូល​ទៅ​ក្នុង Translator Hub-Khmer » ។

គួរ​បញ្ជាក់​ថា កាលពី​ខែមេសា​ឆ្នាំ​២០១៣ ក្រុមហ៊ុន Google​បាន​បញ្ចូល​ភាសា​ខ្មែរ​ទៅ​ក្នុង​សេវា​បកប្រែ​ភាសា​អន​ឡាញ Google Translate ហើយ​បច្ចុប្បន្ន​ភាសា​ខ្មែរ​ត្រូវ​បាន​ក្រុមហ៊ុន​Google​ទទួលស្គាល់​ជា​ភាសា​ទី​៦៦​នៅ​ក្នុង Google Translate ប៉ុន្ដែ​ភាព​ត្រឹមត្រូវ​នៃ​ការ​បកប្រែ​នោះ នៅ​មាន​បញ្ហា​នៅឡើយ ៕