ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហម ឈ​រ៉ា សិល្បករ​ជើង​ចាស់ ដែល​គិត​ពី​អក្សរសាស្ត្រ​ជាតិ​ខ្លាំង

1 ឆ្នាំ មុន
  • ភ្នំពេញ

សម័យ​បច្ចុប្បន្ន​នេះ រឿង​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​ទាក់ទង​នឹង​អក្សរសាស្ត្រ​របស់​ខ្មែរ​យើង គឺ​សរសេរ​មានការ​ភ្លាំងភ្លាត់ ហើយ​ការ​សរសេរ​ទៀត​សោត គឺ​សរសេរ​ឱ្យ​តែ​បាន​ៗ​។ នៅ​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ​ផង​ដែរ យើង​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ សម័យ​បច្ចុប្បន្ន​នេះ រឿង​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​ទាក់ទង​នឹង​អក្សរសាស្ត្រ​របស់​ខ្មែរ​យើង គឺ​សរសេរ​មានការ​ភ្លាំងភ្លាត់ ហើយ​ការ​សរសេរ​ទៀត​សោត គឺ​សរសេរ​ឱ្យ​តែ​បាន​ៗ​។ នៅ​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ​ផង​ដែរ យើង​ឃើញ​ថា បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មានការ​កើនឡើង និង​បាន​ប្រើប្រាស់​បណ្តាញ​សង្គម ដូច​ជា ហ្វេ​ស​ប៊ុ​ក អ៊ី​ន​ស្តា​ក្រាម និង​ធ្វី​ត​ទ័​រ (Twitter) ជាដើម សម្រាប់​​ធ្វើការ​ចែករំលែក​នូវ​ទស្សនៈ និង​រូបភាព​ជា​រូបថត ជា​រូប​វី​ដេ​អូ​ផ្សេង​ៗ​នៅ​លើ​គណនី​បណ្តាញ​សង្គម​របស់​គាត់​។

ជាមួយ​គ្នា​នោះ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ក៏​អាច​ផ្សព្វផ្សាយ និង​សរសេរ​នូវ​អ្វី​ដែល​គាត់​យល់​ឃើញ ក៏​ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ គឺ​ការ​សរសេរ​អក្សរសាស្ត្រ​ជាតិ គឺ​មានការ​ខុស​ច្រើន ដោយ​បងប្អូន​ខ្លះ​គឺ​សរសេរ​ប៉ាតណាប៉ាតណី ខុស​អក្ខរាវិរុទ្ធ ឬ​ក៏​យក​ភាសា​និយាយ យក​មក​សរសេរ​ជា​ភាសាសរសេរ​ជាដើម​។

តួយ៉ាង​ដូច​ជា​ពាក្យ «​ខ្ញុំ​» តែ​បច្ចុប្បន្ន​នេះ បងប្អូន​យើង​ខ្លះ​យក​អក្សរសាស្ត្រ​ជាតិ​មួយ​ពាក្យ​នេះ មក​សរសេរ «​ញុំ​» ឬ «​ញ៉ុ​ម​» មក​ប្រើប្រាស់​ជំនួស​ពាក្យ ដែល​ត្រឹមត្រូវ​តាម​ក្បូន​ច្បាប់​អក្សរសាស្ត្រ​ទៅ​វិញ ហើយ​ការ​សរសេរ​ខុស​អក្ខរាវិរុទ្ធ​បែប​នេះ ក៏​សបញ្ជាក់​ថា ជា​ទ​ង្វើ​មួយ​មិនល្អ ដែល​ប៉ះពាល់​ដល់​អក្សរសាស្ត្រ​របស់​ជាតិ ។

សំណួរ​ចោទសួរ​ថា ហេតុ​អ្វី​បងប្អូន​យើង​សរសេរ​ខ្មែរ​ខុស​អក្ខរាវិរុទ្ធ0x017d7 បើ​នៅ​តែ​សរសេរ​ត​ៗ​គ្នា​ដូច្នេះ​ទៀត លើ​បណ្តាញ​សង្គម តើ​អក្សរសាស្ត្រ​ជាតិខ្មែរ អាច​នឹង​បាត់បង់​ដែរ​ឬទេ នា​ពេល​អនាគត?។

ជុំវិញ​រឿងរ៉ាវ​នៃ​ការ​សរសេរ​ខ្មែរ​ខុស​អក្ខរាវិរុទ្ធ ឬ​ការ​យក​ភាសា​និយាយ យក​មក​សរសេរ​នាំ​ឱ្យ​ខុស​ក្បួនច្បាប់​អក្សរសាស្ត្រ​នេះ ក៏​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​លោក ហម ឈ​រ៉ា ដែល​ជា​សិល្បករ​ជើង​ចាស់​មួយ​រូប​។

ថ្មី​ៗ​នេះ លោក ហម ឈ​រ៉ា ដែល​ជា​តារាភាពយន្ត​ខ្មែរ​ល្បីឈ្មោះ​មួយ​ដួង បាន​បញ្ចេញ​ទស្សនៈ​របស់​លោក​លើ​បញ្ហា​អក្សរសាស្ត្រ​ជាតិខ្មែរ​។ លោក ហម ឈ​រ៉ា ដែល​តែង​ស្រលាញ់​ចូល​ចិត្ត ការពារ និង​អភិរក្ស​ជា​និច្ច​នូវ​វប្បធម៌ អរិយធម៌​ខ្មែរ និង​អក្ស​សាស្ត្រ​ជាតិខ្មែរ ត្រូវ​បាន​មហាជន​អ្នកគាំទ្រ ស្រលាញ់​ចូល​ចិត្ត​នូវ​ទ​ង្វើ​ល្អ​របស់​លោក​ជា​ខ្លាំង ចាប់តាំងពី​ឈាន​ជើង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ រហូត​មក​ដល់​ពេល​បច្ចុ​ប្បន្ន​នេះ លោក ហម ឈ​រ៉ា មិន​ដែល​លេច​ធ្លាយ ឬ​មានរឿង​អាស្រូវ​ម្ដងណា​ឡើយ ពោល​គឺ​មិន​ដូច​អ្នកសិល្បៈ​មួយ​ចំនួន​តូច​ដែល​តែងតែ​អួត​ហ៊ឺហារ ឡូយឆាយ តែ​ចុង​ក្រោយ​ទឹកភ្នែក​រហាម ព្រោះ​ជំពាក់​បំណុល​គេ រួច​ស្រែក​រក​ជំនួយ​នោះ​ឡើយ​។

លោក ហម ឈ​រ៉ា ជា​ថ្មី​ម្តងទៀត កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ក៏​បាន​ប្រើប្រាស់​បណ្តាញ​សង្គម បង្ហាញ​នូវ​កង្វល់​ថា តើ​អក្សរសាស្ត្រ​ជាតិ​មួយ​ចំនួន​អាច​នឹង​បាត់បង់​នា​ពេល​អនាគត​ដែរ​ឬទេ? នៅ​ពេល​បងប្អូន​យើង​ខ្លះ​បាន​ទម្លាប់​យក​ភាសា​និយាយ មក​សរសេរ​ទៅ​វិញ​នោះ​។

តារា​សម្ដែង​ជើង​ចាស់ លោក ហម ឈ​រ៉ា បាន​ចេញ​មុខ​ប្រតិកម្ម​ជា​ខ្លាំង​ទៅ​លើ​រឿង​លុប​បំបាត់​អក្សរសាស្ត្រ​ជាតិ​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក ដោយ​នាំ​គ្នា​ប្រើ​ពាក្យ​ផ្សេង​ជំនួស​ពាក្យ​ដើម​ទៅ​វិញ​។ លោក ហម ឈ​រ៉ា តួកុន​ជើង​ចាស់​អំឡុង​ទស​វត្ស​៩០ បាន​ចោទ​ជា​សំណួរ​សួរ​នៅ​លើ​បណ្ដាញ​សង្គម​ថា «​តើ​អក្សរ​ជាតិ​ដូនតា​ប៉ុន្មាន​ពាក្យ​នេះ អាច​នឹង​បាត់បង់​ទៅ​ថ្ងៃក្រោយ​ទេ?​» ។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ បងប្អូន​ខ្មែរ​មួយ​ចំនួន​បាន​ប្រើប្រាស់​ពាក្យកាត់​មក​ជំនួស​ភាសា​ដើម​អស់​បាត់​ទៅ​ហើយ តួយ៉ាង​ដូច​ជា​ពាក្យ «​កំពុង​» ជំនួស​ដោយ «​ពុង​» ។ ពាក្យ «​ខ្ញុំ​» ត្រូវ​បាន​សរសេរ​ជំនួស​ដោយ «​ញុំ​» ឬ «​ញុ​ម​»​។ ឥឡូវ​ជំនួស​ដោយ «​ឡូ​វ​» ឬ «​លូវ​»​។ ពាក្យ «​និយាយ​» ត្រូវ​បាន​សរសេរ​ជំនួស​​ដោយ «​យាយ​» ។ ពាក្យ «​អង្គុយ​» ជំនួស​ដោយ «​គុយ​» ។ «​ភ្នំពេញ​» ជំនួស​ដោយ «​ពេញ​»​។ ពាក្យ​ថា «​ប៉ុន្មាន​» ជំនួស​ដោយ «​ម៉ា​ន​» ។ ថ្ងៃ​ជំនួស​ដោយ ងៃ ….​។​ល​។

លោក​បាន​លើក​ឡើង​ថា «​នេះ​ក៏​ព្រោះតែ​ទម្លាប់​យក​ភាសា​និយាយ​មក​សរសេរ ឬ​ក៏​សរសេរ​កាត់​។ កាត់​យូរ​ៗ​ទៅ​ដាច់​បាន​សម្រេច​ហើយ កូនចៅ​សុំ​ទោស​ដូនតា​ផង ដែល​កូនចៅ​មិន​អាច​ថែរក្សា​អក្សរ​ដូន​តា​ប៉ុន្មាន​ពាក្យ​នេះ​ឱ្យ​ត្រឹមត្រូវ​បាន​»​។ ហើយ​ចំពោះ​ទស្សន​របស់​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ ក៏​បាន​ធ្វើ​អោយ​មហាជន​ពេញ​ចិត្តជា​ខ្លាំង​ទៅ​លើ​រូប​លោក ដែល​តែងតែ​កែតម្រូវ និង​អោយ​តម្លៃ​ទៅ​លើ​អក្សរសាស្ត្រ​ជាតិ និង​តែងតែ​រំលឹក​លើកយក​នូវ​អ្វី​ដែល​ជា​វប្បធម៌ អរិយធម៌​ខ្មែរ មក​អោយ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានដឹង និង​ចង​ចាំ​ទុក​។

សូម​រំលឹក​ថា តារា​សម្ដែង​ជើង​ចាស់​លោក ហម ឈ​រ៉ា ចូល​សម្តែង​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​លើក​ដំបូង​នៅ​អំឡុង​ទស​វត្ស​៩០ ។ ខ្សែភាពយន្ត​ដែល​លោក​សម្តែង​លើក​ទី​១ គឺ​រឿង «​សំឡេង​ទ្រខ្មែរ​» ដោយ​សាច់​រឿង​នេះ ទទួល​បានការ​គាំទ្រ​ដូច​ទឹកបាក់​ទំនប់ ហើយ​សាច់​រឿង​នេះ ក៏​បាន​ធ្វើ​ឲ្យ​លោក​ចាប់​មានឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​សិល្បៈ​ផង​ដែរ​។

អ្វី​ដែល​ជា​ការ​កត់សម្គាល់​របស់​មហាជន និង​គិត​ថា លោក​ជា​បុគ្គល​គំរូ​នោះ គឺ​ចាប់ពី​ឈាន​ជើង​ចូល​វិស័យ​សិល្បៈ​មក លោក ហម ឈ​រ៉ា មិន​ដែល​លេច​ធ្លាយ ឬ​មានរឿង​អាស្រូវ​ផ្ទាល់ខ្លួន​ម្ដងណា​ឡើយ​។ ទន្ទឹម​នោះ លោក ហម ឈ​រ៉ា ហាក់ដូចជា​នៅ​រក្សា​ទីតាំង​ជា​តារា​សម្តែង​ដែល​មាន​ប្រជាប្រិយភាព មិន​ចាញ់​តារា​សម្តែង​ល្បីឈ្មោះ លោក ទេព រិ​ន​ដា​រ៉ូ ឡើយ ។ មួយវិញទៀត តារា​សម្ដែង​ជើង​ចាស់​រូប​នេះ ក៏​មាន​ជីវភាព​ធូរធា​សមប្រកប និង​រស់នៅ​ពេញ​ដោយ​សេចក្ដីសុខ សុភមង្គល​ជាមួយ​ភរិយា​របស់​លោក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ