ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ស្វ៊ី​ស​ជា​ច្រើន​មាន​បំណង​ចង់​មក​វិនិយោគនៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តំណាង​ក្រុមហ៊ុន​ល្បី​ៗ​របស់​សហព័ន្ធ​ស្វ៊ី​សបាន​ប្រាប់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថា មាន​វិនិយោគិន​ស្វ៊ី​ស​ជា​ច្រើន​មាន​បំណង​មក​បណ្តាក់ទុន​នៅ​ប្រទេស​កម្ពុជា ព្រោះ​ពួក​គេ​មាន​ទំនុកចិត្ត និង​មើលឃើញ

រាជធានី​ភ្នំពេញ ៖ តំណាង​ក្រុមហ៊ុន​ល្បី​ៗ​របស់​សហព័ន្ធ​ស្វ៊ី​សបាន​ប្រាប់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថា មាន​វិនិយោគិន​ស្វ៊ី​ស​ជា​ច្រើន​មាន​បំណង​មក​បណ្តាក់ទុន​នៅ​ប្រទេស​កម្ពុជា ព្រោះ​ពួក​គេ​មាន​ទំនុកចិត្ត និង​មើលឃើញ​យ៉ាង​ច្បាស់​ពី​ស្ថិរភាព​នយោបាយ ការ​រីក​ចម្រើន ជា​ពិសេស សក្តានុពល​សេដ្ឋកិច្ច​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ។ ការ​លើក​ឡើង​បែប​នេះ នៅ​ក្នុង​ឱកាស​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​តំណាង​ក្រុមហ៊ុន​ល្បី​ៗ​របស់​សហព័ន្ធ​ស្វ៊ី​ស​ទាំងនោះ​នៅ​ភោជនីយដ្ឋាន Club of the Restaurant ក្នុង​សណ្ឋាគារ Park Hyatt Zurich ក្នុង​ទីក្រុង Zurich ប្រទេស​ស្វ៊ី​ស ។

តំណាង​វិនិយោគិន​ស្វ៊ី​ស ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ដែល​បាន​ផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម​ពិសា​អាហារ និង​ផ្តល់​ព័ត៌មាន​សំខាន់​ៗ​មួយ​ចំនួន​អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​វិនិយោគិន​ស្វ៊ី​ស​ទាំងអស់​ដែល​មាន​បំណង​ទៅ​បណ្តាក់ទុន​នៅ​កម្ពុជា​។ ទន្ទឹម​នឹង​នោះ សម្តេច​តេ​ជោ ក៏​បាន​អញ្ជើញ​វិនិយោគិន​ស្វ៊ី​ស​ទាំងអស់​មក​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០១៧ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ ។

នៅ​ក្នុង​វេទិកា​នេះ គឺ​នឹង​ផ្តល់​ឱកាស​ឲ្យ​វិនិយោគិន​ស្វ៊ី​ស​បានឃើញ​កាន់តែ​ច្បាស់​អំពី​ឱកាស​មាស និង​សក្តានុពល​ទាំងឡាយ​ក្នុង​ការ បណ្តាក់ទុន​វិនិយោគ ។ ទន្ទឹម​នឹង​នោះ​ដែរ កម្ពុជា​ក៏​ចង់បាន​នូវ​ការ​ចូលរួម​ជា​គំនិត​យោបល់​ពី​ថ្នាក់ដឹកនាំ​នានា និង​វិស័យ​ឯកជន​ផ្សេង​ៗ​ដែល​នាំ​មក​នូវ​ការ​រីក​ចម្រើន​រួម​គ្នា​សម្រាប់​ពិភពលោក​ទាំងមូល ។

នៅ​ក្នុង​ពិធី​ទទួលទាន​អាហារ និង​សំណេះសំណាល​នោះ គឺ​បាន​ផ្តល់​ឱកាស​ដល់​តំណាង​ក្រុមហ៊ុន​ស្វ៊ី​ស​ទាំងអស់​បាន​ស្តាប់ និង​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​សម្តេច​តេ​ជោ​នាយក​​រដ្ឋមន្ត្រី អំពី​បញ្ហា​ជា​ច្រើន​ដែល​ទាក់ទង​ទៅ​នឹង​ការ​ពង្រឹង និង​ពង្រីក​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ការ​រិះរក​នូវ​វិធីសាស្ត្រ ល្អ​ៗ​ជា​ច្រើន​ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ស្វ៊ី​ស ឲ្យ​កាន់តែ​មាន​ទំហំ​ធំ​ឡើង​ថែម​ទៀត ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជាតិ​នៃ​ប្រទេស​ទាំង​ពីរ ៕