ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អណ្តែត​ទឹក​នៅ​ប្រាសាទអង្គរវត្ត​ត្រៀមខ្លួន​បម្រើ​អ្នកទេសចរ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ស្ពាន​អណ្តែត​ទឹក​បណ្តោះអាសន្ន​ធ្វើ​ពី​ពោង​ជ័រ Polyethylene មា​នទី​តាំងនៅ​ក្នុង​ទឹក​ក​សិន្ធុ​ខាងត្បូង​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត នឹង​ដាក់​ឱ្យ​ដំណើរការ​ប្រើប្រាស់​មុន​ខែឧសភា ឆ្នាំ​២០១៧ ។ ស្ពាន​នេះ​សាងសង់​ឡើង​ដើម្បី​

ខេត្តសៀមរាប ៖ ស្ពាន​អណ្តែត​ទឹក​បណ្តោះអាសន្ន​ធ្វើ​ពី​ពោង​ជ័រ Polyethylene មា​នទី​តាំងនៅ​ក្នុង​ទឹក​ក​សិន្ធុ​ខាងត្បូង​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត នឹង​ដាក់​ឱ្យ​ដំណើរការ​ប្រើប្រាស់​មុន​ខែឧសភា ឆ្នាំ​២០១៧ ។ ស្ពាន​នេះ​សាងសង់​ឡើង​ដើម្បី​បង្វែរ​ចរាចរណ៍ និង​រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​ទស្សនា​អង្គរវត្ត ខណៈ​ស្ពាន​ហាល​អង្គរវត្ត​ត្រូវ​បិទ​ទាំងស្រុង​ដើម្បី​ទុក​ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា​ជួសជុល​ក្នុង​គោលបំណង​អភិរក្ស​ស្ពាន​បុរាណ​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ ។

លោក​ហេង គឹ​ម​ឡេ​ង ប្រធាន​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់​ថា លក្ខណៈ​ពិសេស​របស់​ស្ពាន​អណ្តែត​ទឹក​បណ្តោះអាសន្ន​គឺ​មាន​សុពលភាព​ប្រើ​ការ​បាន​ដល់​ទៅ​២០​ឆ្នាំ មាន​កន្លែង​ឈរ​លេង​ចំនួន​៦​សម្រាប់​ភ្ញៀវ​ទេសចរ​ឈរ​ស្រូប​យក​ខ្យល់អាកាស និង​ថតរូប​ជាដើម​។

ចំណែក​ផ្ទៃ​ពោង​ជ័រ​អណ្តែត​ទឹក​សរុប​គឺ​១៨៧៤​ម៉ែត្រការ៉េ (​បណ្តោយ​១៩៧​ម៉ែត្រ​គុណ​ទទឹង​១០​ម៉ែត្រ​) ដែល​ក្នុង​១​ម៉ែត្រ​ការ៉េ​អាច​ទ្រ​បន្ទុក​បាន​ចំនួន​២៧២​គីឡូក្រាម ហើយ​បើ​សន្មត​មនុស្ស​ម្នាក់​មាន​ទម្ងន់​៨០​គីឡូក្រាម ស្ពាន​នេះ​អាច​ទ្រ​មនុស្ស​សរុប​ចំនួន​៦៣៧១​នាក់​ក្នុង​ពេល​តែ​មួយ​។ ស្ពាន​នេះ​សិក្សា​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​ទទួលខុសត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​កាំ​ត្រង់​ស៊ី​ប (KTS) ។

លោក​វង្ស ចាន់​វិបុល ប្រធាន​ការដ្ឋាន​សាងសង់​ស្ពាន​អណ្តែត​ទឹក​របស់​ក្រុមហ៊ុន​កាំ​ត្រង់​ស៊ី​ប ប្រាប់​ថា សម្ភារ និង​អ្នកជំនាញ​បច្ចេកទេស​ក្នុង​ការ​ធ្វើ​ស្ពាន​គឺ​យក​ពី​ប្រទេស​កា​ណា​ដា​ទាំងអស់ ។ លក្ខណៈ​ពិសេស​របស់​ពោង​អណ្តែត​ទឹក គឺជា​ជ័រ​ស្វិត ធន់ ហើយ​អាច​ទ្រទ្រង់​នឹង​អាកាសធាតុ​បាន​យ៉ាង​ល្អ​បំផុត មិន​មាន​ប្រតិកម្ម​នឹង​ពន្លឺ​ថ្ងៃ ភ្លៀង និង​ធ្វើ​ឱ្យ​ទឹក​ប្រែ​ពណ៌ ឬ​បង្ក​ជា​សារធាតុពុល ផ្សេង​ៗ​ដល់​ទឹក​ឡើយ ។ លើស​ពី​នោះ​ទៅ​ទៀត​ពោង​ជ័រ Polyethylene មាន​លក្ខណៈ​គ្រើម ដែល​មិន​ធ្វើ​ឱ្យ​រអិល ហើយ​ពោង នីមួយ​ៗ​មាន​ខ្យល់​នៅ​ខាងក្នុង ពេល​ណា​កម្តៅ​ឡើង​ខ្លាំង​ធ្វើ​ឱ្យ​ឧស្ម័ន​ក្នុង​ពោង​សាយភាយ​មក​ក្រៅ ដែល​អាច​រក្សា​ទ្រង់ទ្រាយ និង​សីតុណ្ហភាព​ក្នុង​ពោង​ឱ្យ​នៅ​ដដែល ។

លោក​ចាន់ វិបុល បន្ថែម​ទៀត​ថា ក្នុង​ការ​ដំឡើង និង​ត​ភ្ជាប់​ពោង​ពី​មួយ​ទៅ​មួយ​ដើម្បី​ធ្វើ​ស្ពាន គឺ​អ្នកជំនាញ​នៃ​ក្រុមហ៊ុន​កាំ​ត្រង់​ស៊ី​ប និង​អ្នកជំនាញ​ផលិត​ស្ពាន​មក​ពី​ប្រទេស​កា​ណា បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​បំផុត​លើ​បច្ចេកទេស ដែល​ធានា​បាន​នូវ​ភាព​មាំ សុវត្ថិភាព​ខ្ពស់​មិន​អាច​របូត​ចេញពី​គ្នា​ឡើយ ។ មក​ដល់​ពេល​នេះ​ក្រុមការងារ​បាន​ត​ភ្ជាប់​ពោង​ជ័រ​អណ្តែត​ទឹក រួម​នឹង​ដាក់​បង្កាន់ដៃស្ពាន​រួចរាល់​ហើយ នៅ​សល់​តែ​ការ​ភ្ជាប់​ជណ្តើរ​ឈើ​មក​ស្ពាន​លើ​ទឹក​ប៉ុណ្ណោះ​។ ក្រុមការងារ​ទាំង​ពីរ​ក៏​កំពុង​សិក្សា​ពី​វិធីសាស្ត្រ​បន្ថែម​ទៀត​ក្នុង​ការ​ទប់​លំនឹង​ស្ពាន​កុំឱ្យ​យោល​យោគ ឬ​រេ​ចុះឡើង​ខណៈ​មាន​ភ្ញៀវ​ទេសចរ​ឆ្លងកាត់ ៕