ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនឯកជនសប្បាយកើបលុយពីគម្រោងស្ដារ​ដី​អាងភាស​ ខណៈ​ពលរដ្ឋ​ទឹកភ្នែក​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​យ៉ាងតិច​ជាង​៦០​នាក់​ដែល​គេ​អះអាង​ថា ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ជាង​២០០​គ្រួសារ នៅ​ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ បាន​លើកគ្នា​ទៅ​តវ៉ា​ជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ សីហា…

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​យ៉ាងតិច​ជាង​៦០​នាក់​ដែល​គេ​អះអាង​ថា ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ជាង​២០០​គ្រួសារ នៅ​ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ បាន​លើកគ្នា​ទៅ​តវ៉ា​ជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ សីហា នៅ​តំបន់​«​អាង​ភាស​» ស្ថិត​ក្នុងភូមិ ឃុំ​ខាងលើ ដើម្បី​ទាមទា​សុំ​សិទ្ធិ​គ្រប់គ្រង​ដីស្រែ​របស់​ពួក​គេ ដែល​បាន​កាន់កាប់​ជិត​៤០​ឆ្នាំ​កន្លង​ទៅ​នេះ​ដោយ​ស្របច្បាប់ខណៈ​ដែល​អាជ្ញាធរ​បាន​ដកហូត​យក​ដីស្រែ​រាប់​សិប​ហិច​តា​របស់​ពួក​គេ​នៅ​តំបន់​«​អាង​ភាស​» ទៅ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯក​ជន កាយ​យក​អាច​ម៏​ដី​លក់ ក្រោម​គម្រោង​«​ស្ដារ​បាត​អាង​ភាស​»​។

បើ​តាម​ការ​ផ្ដល់​បទ​សម្ភាសន៍​នៅ​កន្លែង​តវ៉ា ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ថា អាជ្ញាធរ​ស្រុក និង ខេត្ត បាន​ដកហូត​ដីស្រែ​ដែល​ពួក​គេ​កំពុង​អាស្រ័យ​ផល​ជាក់ស្ដែង​ចំនួន​ជាង​៣០​ហិច​តា ដែល​ពលរដ្ឋ​ចំនួន​២៣​គ្រួសារ​កំពុង​កាន់កាប់​បង្កបង្កើន​ផល យក​ទៅ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​កាយ​យក​អាច​ម៏​ដី​លក់ ក្រោម​គម្រោង​«​ស្ដារ​ដី​បាត​អាង​»​។

ក្រុម​អ្នក​តវ៉ា​បាន​បញ្ជាក់​ថា មិន​ត្រិ​ម​តែ​យក​ដីស្រែ​ជាង​៣០​ហិច​តា​របស់​ពលរដ្ឋ​២៣​គ្រួសារ​ប៉ុណ្ណោះ​ទេ គម្រោង​«​ស្ដារ​ដី​បាត​អាង​ភាស​»​របស់​រដ្ឋ​ខាងលើ​នេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​២០០​គ្រួសារ​ទៀត ដែល​កំពុង​កាន់កាប់​អាស្រ័យ​ផល លើ​ដីស្រែ​រាប់រយ​ហិច​តា​ទៀត នៅ​ក្នុង​តំបន់​«​អាង​ភាស​» នេះ​កំពុង​មានការ​ព្រួយបារម្ភ​ពី​ការ​ដកហូត​ដោយ​គ្មាន​សំណង​។ ដូច្នេះ​ហើយ​ទើប​ពួក​គេ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​មិន​ឈប់​ឈរ​រហូត​មក​ដល់​ពេល​នេះ ប៉ុន្តែ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ដដែល​ពី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​។ នៅ​ក្នុង​កិច្ច​សម្ភាស​ន៏ ក្រុម​ប្រជាពលរដ្ឋ បាន​និយាយ​ថា គោលបំណង​របស់​ពួក​គេ​គឺ​ទាមទា​សុំ​សិទ្ធ​កាន់កាប់​លើ​ដីស្រែរ​របស់​ពួក​គេ​វិញ និង សុំ​ឲ្យ​អាជ្ញាធរ​ចេញ​ប្លង់​កម្ម​សិទ្ធ​កាន់កាប់​ដី​ស្របច្បាប់​។ ព្រោះ​ពួក​បាន​កាន់កាប់​ដីស្រែ​នៅ​តំបន់​«​អាង​ភាស​»​នេះ​ជិត​៤០​ឆ្នាំ​កន្លង​មក​ហើយ ដែល​បាន​មក​ពី​ការ​បែងចែក​របស់​អាជ្ញាធរ​ភូមិ ឃុំ ក្នុង​អំឡុង​ទស​វត្ស​ន៏​ឆ្នាំ​១៩៨០​។

ដោយឡែក អ្នក​តវ៉ា​ខ្លះ​ទៀត ក៏​បាន​ទាមទា​សិទ្ធ​គ្រប់គ្រង​ដីស្រែ​ស្របច្បាប់​ដូច​គ្នា ដោយ​ពួក​គេ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​អនុវត្ត​តាម​ប្រសា​ស​សម្ដេច ហ៊ុន សែន ដែល​សម្ដេច បាន​លើក​ឡើង​ថា «​ដីស្រែ​ឬ​ដី​លំនៅ​ឋាន ដែល​ពលរដ្ឋ​អាស្រ័យ​ផល​ច្រើន​ឆ្នាំ​ហើយ ត្រូវ​តែ​កាត់​ឈ្វៀល​ជួន​ពួក​គាត់ មិន​ត្រូវ​បាន​ដកហូត​ទេ​»​ដោយសារ​ពួក​គេ​បាន​ស្ដាប់​ឮ​នូវ​ប្រសា​ស​សម្ដេច​បែប​នេះ​ហើយ ទើប​ក្រុម​អ្នក​តវ៉ា​ខាងលើ​នេះ សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរ​អនុវត្ត​បែប​នេះ​តាម​ប្រសា​ស​សម្ដេច ។ ព្រោះ​ពួក​គេ​សំអាង​ថា ដីស្រែ ឬ ដី​លំនៅ​ឋាន​ដែល​ពួក​គេ​មួយ​ចំនួន​បាន​កាន់កាប់​និង​កំពុង​អាស្រ័យ​ផល​នា​បច្ចុប្បន្ន​នេះ គឺ ពួក​គេ​បាន​គ្រប់គ្រង​ជិត​៤០​ឆ្នាំ​កន្លង​មក​ហើយ តែ​ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​តូច​បាន​ទិញ​ដូរ​ត​ៗ​គ្នា​ដែរ​។ តំបន់​«​អាង​ភាស​»​មាន​ផ្ទៃដី​សរុប​ជិត​២០០០​ហិច​តា ស្ថិត​ក្នុងភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ។

ដោយឡែក បើ​ពិនិត្យ​លើ​លិខិត​របស់​លោក សុខ លូ អភិបាលខេត្ត ដែល​ស្នើ​សុំ​សហការ​ពី​មន្ទីរ​ធន​ធាត​ទឹក ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ០៧ កក្កដា ឆ្នាំ​២០២២ ក្នុង​កម្មវត្ថុ ស្នើ​សុំ​មន្ទីរ​ជំនាញ​នេះ ផ្ដល់​កិច្ចសហការ​និង​បច្ចេកទេស ក្នុង​ការ​ស្ដារ​យក​សាច់​ដី​ពី​ក្នុង​អាង​ភាស​ចំនួន​៤​លាន​ម៉ែត្រគូប ។ នៅ​ក្នុង​ខ្លិ​ម​សារ នៃ​លិខិត​នេះ លោក​អភិបាលខេត្ត បាន​ប្រគល់​សិទ្ធ​ផ្ដាច់មុខ​ទៅ​ឲ្យ​ក្រុម​គ្រឿងចក្រ​ឯកជន​ចំនួន​០២ ក្នុង​ការ​អនុវត្ត​គម្រោង​ស្ដារ​ដី​បាត​អាង​នេះ គឺ ក្រុម​គ្រឿងចក្រ​របស់​លោក វ៉ា​ន់ គឹ​ម​ស្រ៊ុ​ន និង ក្រុម​គ្រឿងចក្រ​របស់​លោក ម៉ី ម៉េ​ង​ស៊ា ។

បើ​ផ្អែក​លើ​ប្លង់​ផែនទី​បង្ហាញ​លើ​ទីតាំង​ដី គឺ គម្រោង​ស្ដារ​យក​សាច់​ដី​ចំនួន​៤​លាន​ម៉ែត្រគូប​នេះ ជា​ជំ​ហ៊ាន​ទី​១ លើ​ផ្ទៃដី​ទំ​ហ៊ុម​១០០​ហិច​តា នៅ​តំបន់​អាង​ភាស​ទាំងមូល​ដែល​មាន​ទំ​ហ៊ុំ​សរុប​ជិត​២០០០​ហិច​តា​ជា​ដី​របស់​រដ្ឋ​។ ចលនា នៃ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ បាន​ចាប់ផ្ដើម​ផុសផុល​ចុះ​រារាំង​គ្រឿងចក្រ​តាំងពី​ក្រុម​គ្រឿងចក្រ​នេះ​ចុះ​កាយ​ដី​ដំបូង ដែល​គេ​សង្ស័យ​ថា មិន​ទាន់​មានច្បាប់​អនុញាត​ពី​ក្រសួង​សាមី​នៅឡើយ ។

ជា​ពិសេស​ប្រឆាំង​នឹង​ក្រុម​គ្រឿងចក្រ​របស់​លោក វ៉ា​ន់ គឹ​ម​ស្រ៊ុ​ន តែ​ម្ដង ដែល​ក្រុម​នេះ​បាន
ប៉ះពាល់​លើ​ដីស្រែ​ពលរដ្ឋ​ដំបូង​គេ​ចំនួន​២៣​គ្រួសារ ដោយសារ​តែ​គ្មាន​ដំណោះស្រាយ​ជា​មុន​។ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​គ្រឿងចក្រ​និង​ក្រុម​ប្រជាពលរដ្ឋ​២៣​គ្រួសារ​នេះ ពេល​ខ្លះ​ស្ទើរតែ​ឈាន​ដល់​ប្រើ​អំពើ​ហឹ​ង្សា​ទៀត​ផង រហូត​ពេល​ខ្លះ​អាជ្ញាធរ ត្រូវ​បង្ខំចិត្ត​ប្រើប្រាស​កងកម្លាំង​ស​ត្ថ​កិច្ច​គ្រប់​ស្ថាប័ន​ឲ្យ​ជួយ​អន្តរា​គម​ន៏​ទប់​ស្គា​ត់​។ នេះ​បើ​តាម​ការ​អះអាង​ពី​ម្ចាស់​ដីស្រែ​។ នៅ​ក្នុងអំឡុង​ពេល នៃ​ការ​តវ៉ា​កាន់តែ​ពុះ​ក​ញ្ច្រោ​ល​ខ្លាំង ស្រាប់តែ​មាន​ដំណឹង​លេចឮ​ក្រៅផ្លូវការ​ថា ដីស្រែ​ចំនួន​ជាង​៣០​ហិច​តា​របស់​ពលរដ្ឋ​ចំនួន​២៣​គ្រួសារ​នេះ ត្រូវ​បាន​ក្រុម​ជន​ទី​២ យក​ទៅ​លក់​បន្ត​ឲ្យ​ក្រុម​ជន​ទី​៣ (​ក្រុម​លោក វ៉ា​ន់ គឹ​ម​ស្រ៊ុ​ន​) ក្នុង​តំលៃ​១២០០០​ដុល្លា ក្នុង​មួយ​ហិច​តា​។ ដំណឹង​នេះ​រឹតតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ផ្ទុះ​កំហឹង​កាន់តែ​ខ្លាំង ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​ប្រឈម​ដាក់​គ្នា​ជាមួយ​ក្រុម​គ្រឿងចក្រ​។

ក្នុង​គ្រា​ដែល​ស្ថានភាព​តវ៉ា​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​កាន់តែ​ឡើង​កំ​ដៅ ដើម្បី​ទាមទា​ឲ្យ​អាជ្ញាធរ​ស្រុក​និង​ខេត្ត ជួយ​រក​ដំណោះស្រាយ អភិបាលស្រុក​ឯក​ភ្នំ លោក មិ​ល សុផល បាន​កោះហៅ​តំណាង​ក្រុម​អ្នត​វ៉ា​ទៅ​កាន់​សាលាស្រុក ដើម្បី​ពិភាក្សា​គ្នា​រក​ច្រកចេញ​។ ប៉ុន្តែ​ ប្រជា​ពលរដ្ឋ​បាន​អះអាង​ថា «​ការ​ជួប​គ្នា​រក​ដំណោះស្រាយ​នោះ គ្មាន​ប្រ​យោ​ជ​ន៏​ទេ គឺ អាជ្ញាធរ​ស្រុក ហៅ​ទៅ​គ្រាន់តែ​សំឡុត គំរាមកំហែង​ចាប់​ដាក់គុក ហាម​មិន​ឲ្យ​តវ៉ា ឬ ថត​បង្ហោះ​តាម​បណ្ដាញ​សង្គម​តែ​ប៉ុណ្ណោះ​» តែ​លោក​អភិបាលស្រុក បាន​បដិសេធ​ទាំង​ស្រុក​ចំពោះ​ការ​ចោទប្រកាន់​នេះ​។
លោក មិ​ល សុផល បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា លោក​បាន​ហៅ​ប្រជាពលរដ្ឋ​មក​ជួប ដើម្បី​បញ្ជាក់​និង​ពន្យល់​ប្រាប់​គាត់​អំពី​ផែនការ ស្ដារ​ដី​អាង​ភាស ដែល​គម្រោង​របស់​រដ្ឋ មិនមែន​លោក​ហៅ​ពួក​គាត់​មក​គំរាមកំហែង​ដូច​ពួក​គាត់​បាន​លើក​ឡើង​នោះ​ទេ​។

លោក​បាន​ប្រាប់​ថា តាម​ពិត​ដី​តំបន់​អាង​ភាស​ដែល​មាន​ទំ​ហ៊ុំ​ផ្ទៃដី​សរុប​ជិត​២០០០​ហិច​តា​នោះ ជា​ដី​របស់​រដ្ឋ មិនមែន​ដី​របស់​ជន​ណា​ម្នាក់​ទេ​។ ដោយឡែក ពាក់ព័ន្ធ​ព័ត៌មាន​ដែល​បែកធ្លាយ​ក្រៅផ្លូវការ​ថា ដីស្រែ​របស់​ពលរដ្ឋ​ជាង​៣០​ហិច​តា​នោះ ត្រូវ​បាន​ជន​ទី​២ ឃុបឃិត​គ្នា​លួច​លក់​ស្ងាត់​ៗ​ទៅ​ឲ្យ​ក្រុម​គ្រឿងចក្រ​លោក វ៉ា​ន់ គឹ​ម​ស្រ៊ុ​ន លោក​អភិបាលស្រុក​រូប​នេះ​៩ បាន​បដិសេធ ហើយ​និយាយ​ថា «​វា​គ្រាន់តែ​ជា​ពាក្យ​ច​ចាម​អារាម​តែ​ប៉ុណ្ណោះ​។ គ្មាន​អ្នក​ណា​លួច​លក់​ដី​នោះ​ទេ​។ វា​ជា​ដី​ដែល​ក្រុម​គ្រឿងចក្រ​នោះ ទ​ទូល​បាន​សិទ្ធ​ស្ដារ​យក​សាច់​ដី​ពី​អាជ្ញាធរ​ខេត្ត​ទេ​»​។

លោក មិ​ល សុផល បាន​បញ្ជាក់​ថា តាម​ពិត​ប្រជាពលរដ្ឋ​ចំនួន​២៣​គ្រួសារ ដែល​តែង​តវ៉ា​មិន​ឈប់​នោះ ពួក​គាត់​ធ្លាប់​ទ​ទូល​បាន​សំណង​ពី​ផល​ប៉ះពាល់​ដីស្រែ​នោះ​រួច​អស់ហើយ ។ លោក​ថា កាលនោះ​ពួក​គេ​ទ​ទូល​បាន​ប្រាក់​ថំ​នួន​៦៥២​ដុល្លា​ក្នុង​មួយ​គ្រួសារ ជា​ថ្នូរ​នឹង​ការ​ប្រគល់​ដី​ដោយ​ស្ម័គ្រចិត្ត​ឲ្យ​ក្រុម​គ្រឿងចក្រ ថែម​ទាំង​បាន​ផ្ដិត​ស្នាម​មេដៃ​ជា​កំណត់ហេតុ​ទៀត​ផង​។ លោក​បាន​បន្ថែម​ថា ប្រាក់​ដែល​ផ្ដល់​ជូន​ពួក​គាត់​នោះ គឺ ខាង​គ្រឿងចក្រ​ជា​អ្នក​ដោះស្រាយ​ជួញ​គាត់​។ ដូច្នេះ​ពួក​គាត់​មិន​មាន​សិទ្ធ​ទាមទា​ដី​ទៀត​ទេ​។

ប៉ុន្តែ​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក​អភិបាលស្រុក​ឯក​ភ្នំ បើ​តាម​ការ​បំភ្លឺ​របស់​អ្នក​តវ៉ា​ម្នាក់ គឺ លោក ហុ​ក ហាន់ អាយុ​៥៤​ឆ្នាំ បាន​ប្រាប់​ថា រឿង​អាជ្ញាធរ​ឲ្យ​ប្រាក់​មួយ​គ្រួសារ​ចំនួន​៦៥២​ដុល្លា​នោះ គឺ ពិតជា​មាន​មែន គឺ​តាំងពី​មុន​បោះ​ឆ្នោត​ឃុំ សង្កាត់​ម្លេះ​។ លោក ហុ​ក ហាន់ ក៏​ដូច​អ្នក​តវ៉ា​ដទៃ​ទៀត បាន​និយាយ​ស្រ​ដៀង​ៗ​គ្នា​ថា កាលនោះ​អាជ្ញាធរ​ស្រុក បាន​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ចំនួន​២៣​គ្រួសារ ដោយ​ប្រាប់​ពលរដ្ឋ​ថា យក​ស្នាម​មេដៃ​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​ទាំង​២៣​គ្រួសារ​ទៅ​ទ​ទូល​អំណោយ​ពី​បក្ស​…. ។ ក្រោយ​ពី​បាន​ស្នាម​មេដៃ​គ្រប់​ចំនួន លោក​អភិបាលស្រុក ក៏​បាន​ហៅ​ពួក​គាត់​ទៅ​ជួបជុំ​គ្នា ដើម្បី​ទ​ទូល​អំណោយ​ជា​ប្រាក់​ចំនួន​៦៥២​ដុល្លា គឺ​ទ​ទូល​ផ្ទាល់​ពី​ឯកឧត្តម សេង យូ​អូន​។

ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​អាជ្ញាធរ​ស្រុក បែរជា​យក​ស្នាម​មេដៃ​ពួក​គាត់​ទៅ​ភ្ជាប់​ជាមួយនឹង​កំណត់ហេតុ ដំណោះស្រាយ​ដីស្រែ​របស់​ពួក​គាត់​ទៅ​វិញ​។ នេះ​ជា​ការ​បោក​បញ្ឆោត​ពួក​គាត់​ទាំងស្រុង​។ តាម​ពិត​ស្នាម​មេដៃ​នោះ លោក​អភិបាលស្រុក​បាន​បញ្ជាក់​ច្បាស់​ក្រឡែត​ថា យក​ស្នាម​មេដៃ​ទៅ​ទ​ទូល​អំណោយ​ពី​បក្ស មិនមែន​ទៅ​ទ​ទូល​ប្រាក់​ចំនួន​៦៥២​ដុល្លា ជា​ថ្នូរ​នឹង​ការ​ប្រគល់​ដីស្រែ​ដែល​គាត់​ធ្លាប់​អាស្រ័យ​ផល​ជិត​៤០​ឆ្នាំ​កន្លង​មក​ហើយ​នេះ​ទេ ។ លោក មិ​ល សុផល បាន​បញ្ជាក់​ដែរ​ថា លោក​មាន​កំណត់ហេតុ​ច្បាស់លាស់​អំពី​ការ​ទ​ទូល​ប្រាក់​ចំនួន​៦៥២​ដុល្លា ជាមួយនឹង​ការ​ប្រគល់​ដីស្រែ​ជូន​រដ្ឋ​វិញ​នេះ ។

លោក​បាន​ចោទ​ជា​សំនួ​រថា តើ​បក្ស​ឯណា​មាន​ប្រាក់​ចែក​អំណោយ​ជូន​ពួក​គាត់​ច្រើន​ម្លឹ​ង​ៗ​នោះ ? ទោះ​យ៉ាងណា ពេល​នេះ​គាត់​ពួក​គាត់​ប្រឹង​តវ៉ា​យ៉ាងណា​ក៏​មិន​បាន​ដី​នោះ​មក​វិញ​ដែរ ព្រោះ​វា​ជា​ដី​របស់​រដ្ឋ​។ ម្យ៉ាងទៀត ពេល​នេះ​ដី​ចំនួន​៤០០​ហិច​តា​នៅ​ចំណុច​ដែល​កំពុង​មាន​វិ​វា​ទោះ ត្រូវ​មន្ទីរ​ធនធានទឹក បំពេញ​សំណុំ​បែបបទ​ដើម្បី​ធ្លើ​ប្លង់​រឹង​រួច​ទៅ​ហើយ តែបើ​ពួក​គាត់​នៅ​តែ​តវ៉ា ឲ្យ​ពួក​គាត់​តវ៉ា​ទៅ​។ ប៉ុន្តែ​បើ​តាម​ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្ដុំ​គ្នា​ព្រឹក​ថ្ងៃ​ទី ១៥ សីហា ប្រមាណ​ជាង​៦០​នាក់​តំណាង​ជាង​២០០​គ្រួសារ​ខាងលើ​នេះ ពួក​គាត់​និយាយ​ថា ពេល​នេះ​អាជ្ញាធរ​មិន​បាន​ជួប​ដោះស្រាយ​ជាមួយ​ពួក​គាត់​ទេ​។

ដូច្នេះ មាន​តែ​ពួក​គាត់​អំពាវនាវ​ស្នើ​សុំ​សម្ដេច ហ៊ុន សែន ជួយ​អន្តរា​គម​ន៏​ទៅ​អាជ្ញាធរ​ថ្នាក់​ក្រោម អនុវត្ត​តាម​គោលនយោបាយ​របស់​សម្ដេច កាត់​ឈ្វៀល​ដី​ប្រគល់​ឲ្យ​ពួក​គាត់​បាន​បង្កបង្កើន​ផល​ឡើង​វិញ ព្រោះ​ពួក​គាត់​គ្មាន​ដីស្រែ​បង្កបង្កើន​ផល ក្រៅពី​ដី​នៅ​ក្នុង​តំបន់​អាង​ភាស​នេះ​ទេ ។ ម្យ៉ាង​ពួក​គាត់​ធ្លាប់​កាន់កាប់​ដី​នៅ​តំបន់​អាង​ភាស​នេះ​អស់​រយះ​ពេល​ជិត​៤០​ឆ្នាំ​កន្លង​មក​ហើយ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ