ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​តាម​រយៈ​កំណាយ​បង្ហាញ​ថា​ធ្លាប់​ជួសជុល

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​បាន​និង​កំពុង​ចាប់ផ្តើម​គម្រោង​ជួសជុល​ហើយ ។ ដោយ​គោរព​តាម​អនុសាសន៍​ពី​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្រប​សម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន

ខេត្តសៀមរាប ៖ ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​បាន​និង​កំពុង​ចាប់ផ្តើម​គម្រោង​ជួសជុល​ហើយ ។ ដោយ​គោរព​តាម​អនុសាសន៍​ពី​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្រប​សម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា ICC-Angkor មុន​ដំណើរការ​ជួសជុល គឺ​ត្រូវធ្វើ​កំណាយ​ស្រាវជ្រាវ​ជា​មុន ដើម្បី​ឈ្វេងយល់​ពី​ទិន្នន័យ​បុរាណវិទ្យា ក៏​ដូច​ជា​រចនាសម្ព័ន្ធ​របស់​ស្ពាន​ហាល​ទាំងមូល ។

ស្រប​តាម​អនុសាសន៍​នេះ​ក្រុមការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​សាកលវិទ្យាល័យ​ស៊ូ​ហ្វ៊ី​យ៉ា បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ និង​សន្និដ្ឋាន​ថា ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​បាន​ស្រុត និង​ខូចខាត​ផ្នែក​ជញ្ជាំង ហើយ​ក្រោយមក​នៅ​សម័យ​ក្រោយ​អង្គរ និង​ក្នុង​សម័យ​បារាំង​ក៏​ធ្លាប់​បាន​ជួសជុល​មួយ​ចំនួន​ដែរ ។

លោក​អន សុភាព មន្ត្រី​បច្ចេកទេស​ផ្នែក​បុរាណវិទ្យា ដែល​បាន​ដឹកនាំ​ការងារ​ធ្វើ​កំណាយ​នេះ​ផ្ទាល់​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រុមការងារ​បាន​បើក​រណ្តៅ​កំណាយ​ចំនួន​២​កន្លែង​ផ្សេង​គ្នា​នៅ​លើ​ស្ពាន​ហាល ។ លទ្ធផល​នៃ​កំណាយ​នេះ​បាន​រក​ឃើញ​ពី​កា​រវិ​វ​ឌ្ឍ​លើ​ការងារ​ជួសជុល​ស្ពាន​ហាល​នេះ​ដែល​ធ្លាប់​បាន​ធ្វើ​ឡើង​តាំងពី​ក្រោយ​អង្គរ ។ ជា​រួម លទ្ធផល​កំណាយ និង​ឯកសារ​ដែល​នៅ​សេសសល់ ក្រុមការងារ​បាន​រក​ឃើញ​ថា ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​ធ្លាប់​បាន​ជួសជុល​ចំនួន​៤​ដំណាក់កាល​រួច​មក​ហើយ ។

ដំណាក់កាល​ទី​១​គឺ ការ​ជួសជុល​ក្នុង​សម័យ​ក្រោយ​អង្គរ ។ ដំណាក់កាល​ទី​២ គឺ​ដើម​ទស​វត្ស​ទី​៥០ ជួសជុល​ដោយ​បារាំង នៅ​ចំហៀង​ខាងជើង​ផ្នែក​ខាងកើត ដែល​ពេល​នោះ​គឺ​ការ​ជួសជុល​មាន​ប្រើ​បេតុង​ច្រើន ។ ដំណាក់​ទី​៣ គឺ​ខាង​ដើម​ទស​វត្ស​ទី​៦០ ដែល​ត្រូវ​បាន​ជួសជុល​ដោយ​បារាំង​ដែរ នៅ​ពាក់កណ្តាល​ផ្នែក​ខាងត្បូង​។ ដំណាក់កាល​ទី​៤ ពី​ឆ្នាំ​១៩៩៦-២០០៧ ដែល​ជួសជុល​ដោយ​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា​រួម​នឹង​អាជ្ញាធរ​ជាតិ​អប្សរា​ផ្នែក​ខាងជើង​ក្នុង​ដំណាក់កាល​ទី​១ ។

ដោយឡែក​គម្រោង​ជួសជុល​ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ាប​ច្ចុ​ប្បន្ន​នេះ គឺ​ធ្វើ​ឡើង​ទៅ​ផ្នែក​ខាងជើង​ដំណាក់កាល​ទី​២​ដែល​មាន​ប្រវែង​១០០​ម៉ែត្រ ។

តាម​ការ​បញ្ជាក់​របស់​លោក​អន សុភាព លទ្ធផល​នៃ​កំណាយ​ស្ពាន​ហាល​ក្នុង​ដំណើរការ​ជួសជុល​ដំណាក់កាល​ទី​២ ដែល​មានការ​បើក​រណ្តៅ​កំណាយ​ចំនួន​២​កន្លែង​បាន​បង្ហាញ​ថា ស្ថានភាព​ស្ពាន​ហាល​មាន​ភាព​ច្របូកច្របល់ ដោយ​ការ​ជួសជុល​ក្នុង​សម័យ​ក្រោយ​អង្គរ មិន​បាន​រៀប​ថ្ម ក៏​ដូច​ជា​ការ​ពង្រឹង​គ្រឹះ​ឲ្យ​បាន​ត្រឹមត្រូវ គ្រាន់តែ​ប្រមូល​កម្ទេចកម្ទី​ដែល​មាន​ស្រាប់​នៅ​ទីនោះ​ចាក់​បំពេញ​ប៉ុណ្ណោះ ។ ចំណែក​ថ្មបាយក្រៀម​មាន​១១​ស្រទាប់ ដែល​ជា​ជញ្ជាំង​ស្ពាន​ហាល​នោះ ក៏​រង​ការ​ពុក​ផុយ​ដោយសារ​អាយុកាល​ផង​ដែរ ។ មាន​តែ​នៅ​ស្រទាប់​ទី​៤​ឡើង​តែ​ប៉ុណ្ណោះ​ដែល​ស្ថានភាព​ថ្ម​នៅ​ល្អ​ប្រសើរ ។

លោក​អន សុភាព ពន្យល់​ទៀត​ថា​៖ «​យើង​បាន​យក​លទ្ធផល​នេះ​ទៅ​ប្រៀបធៀប​ទៅ​នឹង​លទ្ធផល​ការងារ​ជួសជុល​ក្នុង​ដំណាក់កាល​ទី​១ គឺ​សាកលវិទ្យាល័យ​ស៊ូ​ហ្វ៊ី​យ៉ា រក​ឃើញ​ដូច​គ្នា ថ្មបាយក្រៀម​មានការ​ពុក​ផុយ​ស្ទើរ​១០០​ភាគរយ ហើយ​ការ​ជួសជុល​គឺ​ត្រូវ​ជំនួស​ដោយ​ថ្មបាយក្រៀម​ថ្មី​ទាំងអស់​តែ​ម្តង » ។ តាម​រយៈ​លទ្ធផល​កំណាយ​ដែល​ទទួល​បាន​នៅ​ពេល​នេះ ក្រុមការងារ​នឹង​ធ្វើ​របាយការណ៍​ដើម្បី​ដាក់​ឆ្លង​ក្នុង​កិច្ចប្រជុំ ICC-Angkor ដែល​គ្រោង​នឹង​ចាប់ផ្តើម នៅ​ចុង​ខែមករា ឆ្នាំ​២០១៧ ។

ក្រុមការងារ​នឹង​រក្សា​រណ្តៅ​កំណាយ​សាកល្បង ដើម្បី​រង់ចាំ​ដល់​ថ្ងៃ​កិច្ចប្រជុំ ICC-Angkor ។ ក្រុមការងារ​នឹង​អញ្ជើញ​អ្នក​ជំនាញការ ICC-Angkor ទាំងអស់​ទៅ​ពិនិត្យ​មើល​រណ្តៅ​កំណាយ ដើម្បី​សុំ​យោបល់​សម្រាប់​ការងារ​ជួសជុល​ទៅ​ថ្ងៃ​អនាគត ៕