ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំឡុងពេលបោះឆ្នោតឃុំសង្កាត់ មានអ្នកចូល​ទៅទន្ទ្រានចាប់ដី លើទីតាំងដីរបស់​ក្រុមហ៊ុន ក្នុងតំបន់សេដ្ឋកិច្ចពិសេស​​ក្រុងព្រះសីហនុ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាល​ខេត្តព្រះសីហនុ បានប្រកាសនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ពីករណីការចូលទៅទន្ទ្រានកាន់កាប់ និងសង់ខ្ទមមិនរៀបរយ លើទីតាំងដីរបស់​ក្រុមហ៊ុន សីហនុវីល ស្ពេសល…

ខេត្តព្រះសីហនុ៖ រដ្ឋបាល​ខេត្តព្រះសីហនុ បានប្រកាសនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ពីករណីការចូលទៅទន្ទ្រានកាន់កាប់ និងសង់ខ្ទមមិនរៀបរយ លើទីតាំងដីរបស់​ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ (SIHANOUK VILLE SEZ)។ ដើម្បីជៀស​វាង និងទប់ស្កាត់​ការចូលទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់ ក្នុងទីតាំងដីនេះបន្តទៅ​ទៀត រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបង្កើតក្រុមការងារចម្រុះ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ដើម្បីចុះវាស់វែងកំណត់ព្រំដី ឈូសឆាយ សម្អាតដី និងធ្វើការចុះរុះរើខ្ទមមិនរៀបរយលើទីតាំងដីខាងលើ។

សេចក្តីប្រកាស លើកឡើងថា កន្លងមក អាជ្ញាធរមានសមត្ថកិច្ច បានផ្សព្វផ្សាយ​ ពន្យល់ និងណែនាំប្រជាពលរដ្ឋឱ្យ​យល់ដឹងផ្លូវច្បាប់ តាមរយៈគេហទំព័ររបស់រដ្ឋបាលខេត្តព្រះសីហនុ និងការចុះផ្សព្វផ្សាយ​ដល់ទីតាំងដី ដែលកំពុងរងការទន្ទ្រាន ដែលជាទង្វើខុសច្បាប់ អាចនឹងប្រឈម​ទោស​ទណ្ឌផ្លូវច្បាប់។​

តាមសេចក្តីប្រកាស បន្ទាប់ពីការផ្សព្វផ្សាយ​នេះ ប្រជាពលរដ្ឋមួយចំនួនធំ បានចាកចេញពីទីតាំង​ដីតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច​។ ដោយឡែក នៅមានប្រជាពលរដ្ឋមួយចំនួនតូច មិនបានស្តាប់តាមការអប់រំ ណែនាំខាងលើ ថែមទាំងបន្តសកម្មភាព​ចូលទន្ទ្រានកាន់កាប់ដី​របស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ ( SIHANOUK VILLE SEZ ) ទ្រង់ទ្រាយធំជាងមុនជាបន្តបន្ទាប់។ ជាក់ស្តែង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ អាជ្ញាធរមូលដ្ឋាន​បានចុះអប់រំ ពន្យល់ណែនាំប្រជាពលរដ្ឋឱ្យ​ស្ម័គ្រចិត្តរុះរើខ្ទមចេញពីទីតាំង​ដីខាងលើ ដោយខ្លួនឯង ដោយបានធ្វើកំណត់ហេតុ​ណែនាំផងដែរ​។

សេចក្តីប្រកាស បន្ថែមថា នាពេលថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យឃើញថា អំឡុងពេលយុទ្ធនាការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ស្របពេលដែល​អាជ្ញាធរមូលដ្ឋាន​កំពុងមមាញឹក​ជាមួយ​នឹងការរៀបចំ​ការពារ​ សន្តិសុខ សណ្តាប់ធ្នាប់​សម្រាប់ពេលបោះឆ្នោត ដែលបានព្រឹត្តិទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានមេខ្យល់ បានបំផុសបំផុល​ប្រជាពលរដ្ឋឱ្យចូលទៅទន្ទ្រានកាន់កាប់​ដី ដែលមានប័ណ្ណ​សម្គាល់សិទ្ធិ​កាន់កាប់ស្របច្បាប់ របស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខន​នើមី ហ្សូន។ ជាក់ស្តែងតាមការចុះពិនិត្យរបស់ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ ឃើញថា មានខ្ទមរាប់រយខ្នង នៅលើទីតាំងដីនេះ។​

រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាស អំពាវនាវ​យ៉ាងទទូចដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចាញ់បោក​មេខ្យល់ បច្ចុប្បន្ន បាន និងកំពុងសង់ខ្ទម​មិនរៀបរយលើទីតាំងខាងលើ ឱ្យស្ម័គ្រចិត្ត​ចាកចេញពីទីតាំងដីដោយខ្លួនឯង មុនពេលក្រុមការងាររដ្ឋបាលខេត្ត ចុះធ្វើចំណាត់​ការរដ្ឋបាល និងវិធានការច្បាប់ នាពេលខាងមុខនេះ។​

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានប្រកាស​បញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងចាត់វិធានការ​ផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ដោយ​មិនលើកលែងចំពោះជនណា ដែល​នៅពីក្រោយខ្នង​នៃអំពើញុះញង់ និងការបំផុសចលនាបង្ក​ឱ្យ​មានភាពចលាចល និងអនាធិបតេយ្យ សម្រាប់សង្គមជាតិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ