ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ផលិត​ម្សៅ​បៀក​បំផ្ទុះ​ថ្ម​ភ្មំ​ច្រ​លួ​ញ ត្រូវ​អាជ្ញាធរ​ឲ្យ​ផ្អាក​មួយ​រយៈ​សិន

7 ឆ្នាំ មុន

ខេត្តកំពត ៖ ក្រុមហ៊ុន​ផលិត​ម្សៅ​បៀក​ខ្នាត​តូច​មួយ​បាន​ដាក់​រំសេវ​បំផ្ទុះ​យក​ថ្មភ្នំ​ច្រ​លួ​ញ ក្នុង​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស បាន​ធ្វើ​ឲ្យ​ធ្លាក់​បិទផ្លូវ​ចូល​ទៅ​ទី​អារាម

ខេត្តកំពត ៖ ក្រុមហ៊ុន​ផលិត​ម្សៅ​បៀក​ខ្នាត​តូច​មួយ​បាន​ដាក់​រំសេវ​បំផ្ទុះ​យក​ថ្មភ្នំ​ច្រ​លួ​ញ ក្នុង​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស បាន​ធ្វើ​ឲ្យ​ធ្លាក់​បិទផ្លូវ​ចូល​ទៅ​ទី​អារាម និង​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​រស់​ជាប់ជើង​ភ្នំ​ច្រ​លួ​ញ​នោះ ត្រូវ​បាន​ខាង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពត ចុះ​មក​ពិនិត្យ និង​ឲ្យ​ក្រុមហ៊ុន​ខ្នាត​តូច​នេះ​ផ្អាក​ជា​បណ្ដោះអាសន្ន​កាលពីដើម​ខែមករា​២០១៧​។ ទោះបី​ខាង​មន្ទី​រ៉ែ និង​ថាមពល​ខេត្ត​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន​សិន​ក៏​ដោយ​។

នៅ​ពេល​ថ្មី​ៗ​នេះ​ខាង​ជំនាញ​បាន​ហៅ​តំណាង​ក្រុមហ៊ុន​ម្សៅ​បៀក​នោះ និង​ប្រជាពលរដ្ឋ​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស ចំនួន​២៥​គ្រួសារ ចូលរួម​ស្ដាប់​ការ​សំណេះសំណាល​ថា តើ​ក្រុមហ៊ុន​បាន​ធ្វើ​អ្វីខ្លះ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។ ហើយ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​អ្វីខ្លះ​ឲ្យ​ក្រុមហ៊ុន​ធ្វើ ក្នុង​នោះ​ក៏​មាន​លោក ប៉ោ វី អភិបាលរង​ស្រុក​បន្ទាយមាស​ចូលរួម​ផង​ដែរ​។ លោក ជី សំ​អុល​តំណាង​ក្រុមហ៊ុន​ម្សៅ​បៀក​ខ្នាត​តូច​នេះ បាន​សុំ​ទោស​ដល់​ពលរដ្ឋ​ដែល​មានការ​ប៉ះពាល់​កន្លង​មក​ដោយ​ខ្លួន​មិន​បាន​មក​ពិនិត្យ​គ្រប់​ម៉ោង​ទេ បណ្ដោយ​ឲ្យ​តែ​មេការ​។

លោក ជី សំ​អុល និយាយ​ថា ផ្លូវ​ដែល​បាន​រមៀល​ថ្ម​បាំង​នោះ​ត្រូវ​បាន​គ្រឿងចក្រ​កាយ​បាន​ផ្លូវ​ល្អ​ដូច​មុន ហើយ​លោក​នឹង​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ច្រក​ឃ្លៃ​ថា មិន​ឲ្យ​មាន​បញ្ហា​អាក្រក់​ដូច​មុន​បាន​ទេ​។  លោក ជី សំ​អុល បាន​ធ្វើ​តាម​ការ​សំណូមពរ​របស់​ពលរដ្ឋ​គឺ​បំផ្ទុះ​ថ្ម​ពី​រូបភាព​ធំ​មក​រូបភាព​តូច​វិញ និង​ទិញ​ដី​ដែល​មាន​ថ្ម​ធ្លាក់​លើ​។ លោក សន ឌី ពលរដ្ឋ​ម្នាក់​ធ្លាប់​បាន​ចេញ​មក​ជំទាស់​ខាង​ក្រុមហ៊ុន បាន​ត្រេកអរ និង​សាទរ​ដែល​ក្រុមហ៊ុន​បាន​ទទួល​សំណើរ​អ្នក​ភូមិ​ចង់បាន​ដូច​ជា​ក្រុមហ៊ុន​ជួយ​ចាក់​គ្រោះ​នៅ​តាម​ផ្លូវ និង​ការ​បំផ្ទុះ​ត្រូវ​មាន​ពេលវេលា​ច្បាស់លាស់ និង​បំផ្ទុះ​ទ្រង់ទ្រាយ​ធំ​មក​នៅ​ត្រឹម​តូច​វិញ​។

លោក ប៉ោ វី អភិបាលរង​ស្រុក​បន្ទាយមាស បាន​ប្រាប់​ថា ពាក់​ព​ន្ធ័​រឿងរ៉ាវ​ក្រុមហ៊ុន​បំផ្ទុះ​ថ្មភ្នំ​ច្រ​លួ​ញ និង​ពលរដ្ឋ​ភូមិ​ច្រក​ឃ្លៃ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ហើយ ដោយ​ក្រុមហ៊ុន​បាន​ទទួល​សំណើ​ដែល​អ្នក​ភូមិ​ចង់បាន ដូច​ជា​បំផ្ទុះ​ថ្ម​ពី​ធំ​មក​ត្រឹម​តូច​វិញ​៕