ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ខ្លួន ​ចាន់ វឌ្ឍនាកា មិន​ចាញ់​កីឡាករ​ល្បី​នៅ​អាស៊ី​ពេល​ទៅ​លេង​ឱ្យ​ក្លិប​ជប៉ុន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ទម្លាយ​ឱ្យ​ដឹង​ពី​សមាជិក​រួម​ក្រុម កីឡាករ​កម្ពុជា ​ចាន់ វឌ្ឍនាកា ក្នុង​ជំហាន​ទៅ​លេង​ឱ្យ​ក្លិប​ល្បីឈ្មោះ​របស់​ជប៉ុន​ពេញ​មួយ​ឆ្នាំ​ក្នុង​ពេល​ខាង​មុខ​នោះ ​គឺ​ទទួល​បាន​តម្លៃ​ខ្ពស់​មិន​ក្រោម​កីឡាករ​ល្បីឈ្មោះ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ទម្លាយ​ឱ្យ​ដឹង​ពី​សមាជិក​រួម​ក្រុម កីឡាករ​កម្ពុជា ​ចាន់ វឌ្ឍនាកា ក្នុង​ជំហាន​ទៅ​លេង​ឱ្យ​ក្លិប​ល្បីឈ្មោះ​របស់​ជប៉ុន​ពេញ​មួយ​ឆ្នាំ​ក្នុង​ពេល​ខាង​មុខ​នោះ ​គឺ​ទទួល​បាន​តម្លៃ​ខ្ពស់​មិន​ក្រោម​កីឡាករ​ល្បីឈ្មោះ​នៅ​ក្នុង​តំបន់​អាស៊ី​នោះ​ឡើយ ។ ទោះបី​យ៉ាងណា ទិន្នន័យ​លម្អិត​ត្រូវ​បាន​បិទ​ជិតឈឹង​ ដោយ​មាន​ត្រឹមតែ​ការ​អះ​អាង​​ថា តម្លៃ​ខ្លួន​របស់​កីឡាករ​រូប​នេះ ​គឺ​មិនធម្មតា​ប៉ុណ្ណោះ ។

ប្រភព​ក្លិប​បឹង​កេ​ត​អង្គរ ​ដែល​កីឡាករ ​ចាន់ វឌ្ឍនាកា ជ្រកកោន​បាន​អះអាង​ថា បើ​ទោះជា​ភាគី​ជប៉ុន ​គឺ​លោក ​Jun Koyama ​ប្រធាន​ក្លិប​បាល់ទាត់​ Fujieda MYFC បាន​ត្រឹម​តែ​​ជ្រើសរើស​កីឡាករ​រូប​នេះ ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ដោយ​មិន​បាន​កុងត្រា​ទិញ​យក​ទៅ​លេង​ផ្ដាច់មុខ​រយៈពេល​មួយ​កំណត់​ដូច​គ្នា​នឹង​កីឡាករ​ដែល​លេង​នៅ​ក្នុង​ក្លិប​ជប៉ុន​ផ្សេង​ទៀត ក៏​តម្លៃ​ខ្លួន​របស់​គេ​ត្រូវ​បាន​បង្ហើប​ថា​ មិន​ក្រោម​ម៉ឺន​ដុល្លារ​ទម្រាំ​តែ​ចប់​កុងត្រា​មួយ​ឆ្នាំ ។ តម្លៃ​នេះ​ នឹង​បន្ត​ឈាន​ឡើង​សម្រាប់​ការ​ព្រមព្រៀង​ក្នុង​ឆ្នាំ​ទី​២ និង​ពេល​កីឡាករ​ចាន់ វឌ្ឍនាកា អាច​ឈាន​ទៅ​លេង​ក្នុង​ក្លិប​លំដាប់​អឺរ៉ុប និង​ពិភពលោក​ក្រោយ​ការ​អភិវឌ្ឍ​សមត្ថភាព​នោះ​ផង ទើប​អ្នក​ណា​ៗ​ក៏​ចាត់​ទុក​វត្តមាន​ទៅ​បង្ហាញខ្លួន​ក្នុង​ក្លិប​ជប៉ុន​របស់​ជើង​ខ្លាំង​កម្ពុជា​រូប​នេះ ​បង្ហាញ​យ៉ាង​ច្បាស់​ថា ​វិស័យ​បាល់ទាត់​កម្ពុជា​រីក​ចម្រើន និង​បង្ហាញ​ថា ​កីឡាករ​កម្ពុជា​មិនធម្មតា​លើ​ឆាក​អន្តរជាតិ ។

ប្រភព​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​អះអាង​ថា ចាន់ វឌ្ឍនាកា ស៊ីថ្លៃ​មួយ​ចប់​កុងត្រា​រាប់​ម៉ឺន​ដុល្លារ ​ដោយ​លោក​ត្រូវ​ភាគី​ជប៉ុន​ផ្ដល់​កម្រៃ​ឡើង​ទៅ​លេង​មួយ​លើក​ៗ​បន្ថែម​ទៀត ជា​ពិសេស​ក្នុង​ដំណាក់កាល​ហ្វឹកហាត់ និង​ពេល​ប្រកួត ​ហើយ​ទទួល​បាន​លទ្ធផល​ល្អ ។ ចាន់ វឌ្ឍនាកា នឹង​អាច​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ច្រើន​ជាង​នៅ​កម្ពុជា​ ចាប់ពី​ដើម​ឆ្នាំ​២០១៧ ​នេះទៅ ​ដោយសារ​តែ​គេ​ត្រូវ​ប្រើ​ពេល​ច្រើន​ស្វែង​យល់​បច្ចេកទេស​តាម​ទម្រង់​ជប៉ុន ​និង​អឺរ៉ុប ដែល​ត្រូវ​បង្វឹក​ដោយ​ភាគី​ជប៉ុន ។

យ៉ាងណាមិញ គេ​នៅ​តែ​បង្ហាញខ្លួន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ សម្រាប់​ព្រឹត្តិការណ៍​ធំ​ៗ ​បើ​ទោះជា​គេ​ត្រូវ​ជាប់​ភារៈ​ចេញ​ទៅ​លេង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ជា​លក្ខណៈ​ខ្ចី​ជើង​រហូត​ដល់​ទៅ​មួយ​ឆ្នាំ​ក្តី ។ ក្នុង​នោះ​ភាគី​ជប៉ុន ក៏​បាន​ប្រកាស​ថា កម្ពុជា​នឹង​មិន​មាន​តែ​កីឡាករ​រូប​នេះ​ម្នាក់ ដើម្បី​ចេញ​ទៅ​លេង​នៅ​ក្នុង​ប្រទេស​ជប៉ុន​នោះ​ទេ ​ដោយ​ខាង​ជប៉ុន នឹង​អាច​សម្លឹង​មើល​កីឡាករ​ល្អ​ៗ​ផ្សេង​ទៀត ដើម្បី​ផ្ដល់​ឱកាស និង​ដើម្បី​ឱ្យ​ជប៉ុន​ប្រមូល​បាន​កីឡាករ​ដែល​មាន​ជើងល្អ​នៅ​ក្នុង​តំបន់​អាស៊ី ទៅ​លេង​នៅ​ក្លិប​របស់​ខ្លួន ។

លោក ​Jun Koyama ​ប្រធាន​ក្លិប​បាល់ទាត់ Fujieda MYFC​ ធ្លាប់​បញ្ជាក់​ថា ក្លិប​ជប៉ុន​ពេញចិត្ត​ទម្រង់​លេង​របស់​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​កម្ពុជា ​ចាន់ វឌ្ឍនាកា ទើប​សម្រេច​ចុះ​កុងត្រា​ខ្ចី​ជើង​ឱ្យទៅ​លេង​នៅ​ក្លិប​របស់​ខ្លួន បើ​ទោះ​មិន​ទាន់​ពិចារណា​រឿង​ទិញ​ផ្ដាច់មុខ​ក្នុង​រយៈពេល​មួយ​កំណត់ ដើម្បី​ទៅ​លេង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក្ដី ។ លោក​ថា សមត្ថភាព​របស់​កីឡាករ​រូប​នេះ ​មិន​ពិបាក​ក្នុង​ការ​បង្វឹក​បន្ថែម​ឱ្យ​ក្លាយជា​កីឡាករ​ដែល​អាច​ឈាន​ឡើង​ទៅ​កាន់​ក្រុម​លំដាប់​របស់​អាស៊ី និង​អឺរ៉ុប​នោះ​ទេ ប្រសិនបើ​កីឡាករ​រូប​នេះ ​មានការ​ប្រឹងប្រែង​ឱ្យ​បាន​ខ្លាំងក្លា​តាម​ការ​បណ្ដុះបណ្ដាល​របស់​ក្រុម​ជប៉ុន ។

អីុ​ចឹ​ង​ហើយ​ទើប​លោក​បញ្ជាក់​ថា ចាន់ វឌ្ឍនាកា ទទួល​បាន​តម្លៃ​ខ្ពស់​មិន​ខុស​ពី​កីឡាករ​លំដាប់​​កំពូល​នៅ​ក្នុង​តំបន់​អាស៊ី ដែល​ជប៉ុន​ទិញ​ទៅ​លេង​នោះ​ទេ ដោយ​តម្លៃ​ខ្លួន​នោះ​លោក​ថា​ មាន​កម្រិត​ខ្ពស់​ដាច់​ឆ្ងាយ​ពី​តម្លៃ​ខ្លួន​របស់​កីឡាករ​នៅ​កម្ពុជា និង​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នោះ​ផង ដោយ​លោក​បាន​អះអាង​ថា ​សប្បាយចិត្ត​ដែល​អាច​ឆក់​បាន​កីឡាករ​ល្អ​ ចាន់ វឌ្ឍនាកា ឱ្យទៅ​លេង​នៅ​ប្រទេស​ជប៉ុន​ក្នុង​ក្លិប​របស់​ខ្លួន។ លោក​ថា មិនមែន​ជា​រឿង​ងាយ​ទេ​ ដែល​កីឡាករ​កម្ពុជា​បាន​ចូល​ទៅ​លេង​ក្នុង​ក្លិប​របស់​ជប៉ុន ប៉ុន្តែ​វា​នឹង​ក្លាយជា​សញ្ញាណ​បោះ​ជំហាន​បន្ត​សម្រាប់​កីឡាករ​រូប​នេះ ដែល​ចង់​ក្លាយ​ខ្លួន​ជា​ខ្សែប្រយុទ្ធ​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ជប៉ុន នៅ​ទ្វីបអាស៊ី ទ្វីបអឺរ៉ុប និង​ពិភព​លោក ។

យ៉ាងណាមិញ លោក​ថា អ្វី​ៗ​ដែល​អាច​ទៅ​បាន គឺ​មិន​អាច​ខ្វះ​បាន​នូវ​ការ​ផ្ដល់​កម្លាំងចិត្ត​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា​នោះ​ទេ ដោយសារ​តែ ​ចាន់ វឌ្ឍនាកា ដ្បិតថា ​ឈាន​ឡើង​ដោយ​សមត្ថភាព​ខ្លួន ​តែ​ក៏​ត្រូវការ​ការ​លើកទឹកចិត្ត​ពី​ជនជាតិ​ដើម​របស់​ខ្លួន​ដែរ​ ។ លោក​ Jun Koyama បាន​និយាយ​ថា​៖ «​ខ្ញុំ​សន្យា​ថា ​នឹង​បណ្ដុះបណ្ដាល ​វឌ្ឍនាកា ឱ្យ​កាន់​តែ​​រីក​ចម្រើន ដែល​អាច​និយាយ​បាន​ថា ​រីក​ចម្រើន​រហូត​បាន​ឡើង​ទៅ​លេង​លី​ក​កំពូល​ជប៉ុន ​(J-League) ​ឬ​តំបន់​អឺរ៉ុប និង​ពិភពលោក​ជាដើម ។ តែ​យ៉ាងណា ខ្ញុំ​សូម​សំណូម​ពរ​​ដល់​អ្នកគាំទ្រ​កម្ពុជា សូម​បន្ដ​គាំទ្រ វឌ្ឍនាកា ដើម្បី​ជំរុញ​សមត្ថភាព​របស់​គេ​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​» ។ លោក​ថា​ កីឡាករ​កម្ពុជា​បន្តបន្ទាប់ នឹង​មាន​លទ្ធភាព​តាម​លំនាំ​កីឡាករ​កម្ពុជា​រូប​នេះ ដោយ​តម្លៃ​ខ្លួន​ក្នុង​ការ​ដោះ​ដូរ​ក៏​មិន​ទាប​នោះ​ដែរ ដោយសារ​តែ​ខាង​ភាគី​ជប៉ុន​បាន​ផ្ដល់​តម្លៃ​ខ្លួន​ដល់​កីឡាករ​ក្នុង​ចំនួន​មួយ​ដែល​កីឡាករ​ម្នាក់​ៗ​ទទួល​យក​បាន ។

លោក បែ មក​រា តំណាង​ក្លិប​បឹង​កេ​ត​អង្គរ ក៏​បាន​បញ្ជាក់​ថា តម្លៃ​ខ្លួន​របស់​ ចាន់ វឌ្ឍនាកា​ មាន​កម្រិត​មិន​ខុស​គ្នា​នឹង​តម្លៃ​កីឡាករ​ល្បី​ៗ​នៅ​ក្នុង​តំបន់​អាស៊ី​នោះ​ទេ បើ​ទោះជា​លោក​រក្សា​សិទ្ធិ​មិន​ប្រាប់​ឱ្យ​ដឹង​តាម​គោលការណ៍​របស់​ក្លិប​ជប៉ុន Fujieda MYFC ។ លោក​ថា​ ក្រោយ​ចុះ​កុងត្រា​ខ្ចី​ជើង​រយៈ​មួយ​ឆ្នាំ ​(២០១៧) ចាន់ វឌ្ឍនាកា នឹង​មាន​សមត្ថ​ភាព​កាន់តែ​ខ្ពស់​លើ​ឆាក​អន្តរជាតិ ដើម្បី​យក​បច្ចេកទេស​ទាំងនោះ​មក​បង្ហាត់បង្ហាញ​ដល់​កីឡាករ​កម្ពុជា​ក្នុង​វិស័យ​កីឡាបាល់ទាត់ ៕