ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ធ្វើ​ឱ្យ​បាក់​ច្រាំង​ទន្លេ ផ្ទះ​ពល​រដ្ឋ​​១០​ខ្នង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ

1 ឆ្នាំ មុន
  • កំពង់ចាម

គ្រោះ​ធម្មជាតិ​ក្នុង​រដូវវស្សា​ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​កំពុង​ហក់​ឡើង​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ​នៅ​ភូមិ​ទួល​គរ​ឃុំ​ទន្លេ​បិទ​ស្រុក​ត្បូងឃ្មុំ បាន​បាក់​អស់​

ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះ​ធម្មជាតិ​ក្នុង​រដូវវស្សា​ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​កំពុង​ហក់​ឡើង​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ​នៅ​ភូមិ​ទួល​គរ​ឃុំ​ទន្លេ​បិទ​ស្រុក​ត្បូងឃ្មុំ បាន​បាក់​អស់​បណ្ដោយ​ប្រវែង​៦៥​ម៉ែត្រ និង​ជម្រៅ​ចូល​មក​ក្នុង​ពី​៥​ទៅ​១០​ម៉ែត្រ ជា​ហេតុ​ធ្វើ​ឲ្យ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ក្នុង​នោះ​រុះរើ​ទាំងស្រុង​ចេញពី​ទីតាំង​ដែល​អាច​បាក់​ចូល​ទន្លេ ចំនួន​៨​ខ្នង ដោយ​មាន​កម្លាំង​មូល​ដ្ឋាន និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំនួន​៣០​នាក់ សរុប​៦០​នាក់ បាន​សស្រាក់សស្រាំ​នាំ​គ្នា​ជួយ​រុះរើ ។

លោក សេង សុ​ខឿន អភិបាលស្រុក​ត្បូងឃ្មុំ​ប្រាប់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា​ឆ្នាំ​២០២២​ថា ច្រាំង​ទន្លេ​បាន​ចាប់ផ្ដើម​បាក់​បន្តិច​ម្ដង​ៗ​នៅ​ល្ងាច​ថ្ងៃ​ទី ១២​សីហា ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​១៣ ខែ​សីហា កម្លាំង​​អាជ្ញាធរ​មូលដ្ឋាន​រួម​និង​កម្លាំង​ខេត្ត​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ចុះ​មក​ជួយ​អន្តរាគមន៍ រុះរើ​លំនៅ​ឋាន​ដែល​ប៉ះពាល់ ។ ព្រោះថា​ច្រាំង​ទន្លេ បាន​បាក់​គៀ​កម​ដល់​លំនៅ​ឋាន​របស់​ពួក​គាត់ ។ ដោយ​ត្រូវ​តែ​រុះរើ​ទៅ​កាន់​កន្លែង​ថ្មី​ដែល​មាន​ចម្ងាយ​ពី​កន្លែង​ចាស់ ប្រមាណ​ពី​១០០​ទៅ​១៥០​ម៉ែត្រ ។

អភិបាលស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​បន្ត​ថា នេះ​ជា​គ្រោះ​ធម្មជាតិ​ដែល​តែងតែ​កើតឡើង​នៅ​ក្នុង​រដូវវស្សា​ដោយ​មិន​មាន​នរណា​ម្នាក់​ដឹង​មុន​នោះ​ទេ ។ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែសីហា នៅ​សល់​តែ​លំនៅ​ឋាន​ចំនួន​ពីរ​ខ្នង​ប៉ុណ្ណោះ ដែល​មិន​ទាន់​បាន​រុះរើ ព្រោះថា​នៅ​ឆ្ងាយ​ពី​ច្រាំង​ទន្លេ ។ ស្រប​ពេល​ដែល​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង ទទួល​បាន​ពី​លោក​មេឃុំ​ទន្លេ​បិទ រូប​លោក​បាន​រាយការណ៍​បន្ត​ទៅ​ឯកឧត្តម​អភិបាលខេត្ត ដើម្បី​សុំ​កម្លាំង​ចុះ​មក​ជួយ​អន្តរាគមន៍ ។

ពេល​កំពុង​តែ​ជួប​ការ​លំបាក​បែប​នេះ​ត្រូវ​បាន លោក ជីវ ស៊ីវ​ផេង អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ទន្លេ​បិទ បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក​ថវិកា​ឧបត្ថម្ភ​ដល់​គ្រួសារ​ដែល​ទទួល​រង​គ្រោះ និង​ផល​ប៉ះពាល់​ដោយសារ​ការ​បាក់​ច្រាំង​ទន្លេ នៅ​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ​ចំនួន​១០​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន​ប្រាក់ ១០​ម៉ឺន​រៀល ។

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ត្បូងឃ្មុំ បាន​នាំ​យក​ជំនួយ​សង្គ្រោះ​បន្ទាន់​ផ្តល់​ជូន​គ្រួសារ​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​បាក់​ច្រាំង​ទន្លេ កំពុង​រុះរើ​ផ្ទះ​នៅ​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ចំនួន​៨​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន ប្រាក់​២០​ម៉ឺន​រៀល អង្ករ​៥០​គីឡូក្រាម មី​ជាតិ​១​កេស ត្រីខ​១​យួរ ទឹកត្រី​១​យួរ និង​ទឹក​ស៊ី​អ៊ី​វ​១​យួរ ។

ដោយឡែក​ម្លាំ​ង​សមត្ថកិច្ច​ចំនួន​៦០​នាក់ (​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំនួន​៣០​នាក់ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចំនួន​៣០​នាក់​) បាន​ចុះ​ជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ការ​បាក់​ច្រាំង​ទន្លេ និង​ប្រចាំការ​នៅ​កន្លែង​កើតហេតុ ដើម្បី​ជួយ​រុះរើ​ផ្ទះ​ក្នុង​ករណី​បាក់​ច្រាំង​បន្ត​ទៀត ។

គួរ​រំឭក​ថា កាលពី​ឆ្នាំ​២០២១​កន្លង​ទៅ​នៅ​ភូមិ​ទួល​គរ នេះ​គឺ​មាន​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ត្រូវ​បាន​រុះរើ​ជា​បន្ទាន់​ដោយសារ​តែ​ច្រាំង​ទន្លេ​បាន​បាក់​មក​កៀក​ដល់​លំនៅ​ឋាន​របស់​ពួក​គាត់ តែ​មិន​មាន​អ្នក​រង​គ្រោះ​ទេ ។

លោក​ឧត្តមសេនីយ៍ត្រី ម៉ុ​ន មាគ៌​៌ា ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា ក្នុង​រដូវវស្សា ទឹកទន្លេ​បាន​ហក់​ឡើង​ធ្វើ​ឲ្យ​លិច​តាម​បឹង បួរ ព្រែក​មួយ​ចំនួន​ជាប់​ដង​ទន្លេ​ទទួល​បាន​បញ្ជា​ពី​អគ្គស្នងការ​នគរបាល​ជាតិ​ក៏​ដូច​ជា​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ឱ្យ​កម្លាំង​នគរ​បាល​គឺ​ត្រៀម​ចុះ​ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​ដោយ​បាក់​ច្រាំង​ទន្លេ​មិន​ថា​យប់​ឬ​ថ្ងៃ​នោះ​ទេ ។

ជាក់ស្ដែង​នៅ​ក្នុង​ឃុំ​ទន្លេ​បិទ​ស្រុក​ត្បូងឃ្មុំ​រូប​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​បញ្ជា​ដោយ​ផ្ទាល់​ជួយ​ដល់​ប្រជា​ពលរដ្ឋ ធ្វើ​ឲ្យ​ពួក​គាត់​មាន​ភាព​កក់ក្តៅ​គឺ​បាន​ជួយ​រុះរើ​លំនៅ​ឋាន ដោយ​មិន​បាន​ចំណាយ​ប្រាក់ ជាមួយ​នោះ​កម្លាំង​នគរបាល​ត្រៀមចាំ​ជួយ​ជា​និច្ច​មិន​ថា​យប់ ឬ​ថ្ងៃ​ចាប់ពី​ស្រុក​ក្រូចឆ្មារ ចុះ​តាម​បណ្ដោយ​ច្រាំង​រហូត​មក​ដល់​ស្រុក​ត្បូងឃ្មុំ ។ ជាមួយ​នោះ​ក៏​បាន​ត្រៀម​ទីទួល​សុវត្ថិភាព​រួច​ជា​ស្រេច​ចាំ​ទទួល​ពលរដ្ឋ​ដែល​រង​គ្រោះ​លិចលង់​លំនៅ​ឋាន ។

យោង​តាម​ស្ថានីយ​ជល​សាស្ត្រ​ទន្លេមេគង្គ​សម្រាប់​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​៦​ព្រឹក ទឹក​មាន​កម្ពស់ ១២.២១​ម៉ែត្រ ខ្ពស់​ជាង​ថ្ងៃ​ម្សិលមិញ +០.១៧​ម៉ែត្រ ដែល​កម្រិត​កម្ពស់​ទឹក​ប្រកាស​អាសន្ន​គឺ ១៥.២០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ