ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Trump គំរាម​ក្រុមហ៊ុន BMW ដែល​ផលិត​រថយន្ត​នៅ​ម៉ិ​ក​ស៊ិ​ក

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Donald Trump បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​នឹង​ដាក់​ពន្ធ​៣៥% លើ​រថយន្ត​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​ល្លឺ​ម៉​ង់ BMW មាន​គម្រោង​សាងសង់​រោងចក្រ​ថ្មី​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Donald Trump បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​នឹង​ដាក់​ពន្ធ​៣៥% លើ​រថយន្ត​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​ល្លឺ​ម៉​ង់ BMW មាន​គម្រោង​សាងសង់​រោងចក្រ​ថ្មី​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​នាំ​ចេញ​កាន់​ទីផ្សារ​អា​មេ​រិ​ក គ្រា​ដែល​ក្រុមហ៊ុន​មួយ​នេះ​បាន​ប្ដេជ្ញា​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ​ថា នឹង​ដំឡើង​រោងចក្រ​នៅ​ប្រទេស​នេះ​ឲ្យ​ខាង​តែ​បាន ។

លោក Trump បាន​និយាយ​ដូច្នេះ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ដោយ​សម្តី​របស់​លោក​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក ។

អ្នកនាំពាក្យ​របស់ BMW ម្នាក់​និយាយ​ថា រោងចក្រ​មួយ​របស់ BMW Group ក្នុង​ទីក្រុង​San Luis Potosi ប្រទេស​ម៉ិ​ក​ស៊ិ​ក នឹង​ផលិត​រថយន្ត​ស៊េរី BMW 3 ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៩​តទៅ ដែល​ផលិតផល​សម្រេច គឺ​សម្រាប់​ចែកចាយ​ដល់ទី​ផ្សា​រទូ​ទាំង​ពិភពលោក ។ រោងចក្រ​នៅ​ម៉ិ​ក​ស៊ិ​ក​នេះ​គឺ​គ្រាន់តែ​ជា​ខ្សែ​ផលិតកម្ម​បន្ថែម​នៃ​ប្រភេទ​រថយន្ត​នេះ​របស់​ខ្សែ​ផលិតកម្ម​ក្នុង​អា​ល្លឺ​ម៉​ង់ និង​ចិន​ប៉ុណ្ណោះ ។

លោក Trump និយាយ​ថា BMW គួរតែ​សាងសង់​រោងចក្រ​ផលិត​រថយន្ត​របស់​ពួក​គេ​ក្នុង​សហរដ្ឋអាមេរិក ព្រោះ​វា​នឹង​ល្អ​ប្រសើរ​សម្រាប់​ក្រុមហ៊ុន ។

លោក​បន្ត​ថា ប្រទេស​អា​ល្លឺ​ម៉​ង់ គឺជា​អ្នក​ផលិត​រថយន្ត​ដ៏​ល្អ​មួយ​ដូចដែល​បានឃើញ​ថា​រថយន្ត Mercedes Benz ត្រូវ​បាន​បើកបរ​ជា​ច្រើន​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក ប៉ុន្តែ​ផល​ប្រយោជន៍ គឺ​គ្មាន​លក្ខណៈ​ទៅ​វិញ​ទៅ​មក​ឡើយ ។

លោក​និយាយ​ថា ជនជាតិ​អា​ល្លឺ​ម៉​ង់​មិន​បាន​ទិញ​រថយន្ត Chevrolets ក្នុង​ចំនួន​ស្មើគ្នា​ទេ ធ្វើ​ឲ្យ​ទំនាក់ទំនង​អាជីវកម្ម​ក្លាយជា​មិន​យុត្តិធម៌ ។ លោក​បន្ត​ថា លោក​គឺជា​អ្នកគាំទ្រ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ម្នាក់ ប៉ុន្តែ​លោក​មិន​គាំទ្រ​ទេ បើ​គ្មាន​ការ​ចំណេញ ។

អ្នកនាំពាក្យ​របស់ BMW និយាយ​ថា ក្រុមហ៊ុន​ចាត់​ទុក​សហរដ្ឋអាមេរិក​ដូចនឹង​អា​ល្លឺ​ម៉​ង់​អីចឹង ដោយ​មានការ​ផ្តល់​ការងារ​ដោយ​ផ្ទាល់ និង​មិន​ផ្ទាល់​ដល់​មនុស្ស​ជិត​៧​ម៉ឺន​នាក់​ក្នុង​ប្រទេស​នេះ ។

គួរ​រំឭក​ថា កាលពី​ស​ប្ដា​ហ៍​មុន ក្រុមហ៊ុន BMW បាន​បញ្ជាក់​ថា ខ្លួន​នៅ​តែ​ប្រកាន់​គោល​ជំហរ​សាងសង់​រោងចក្រ​ថ្មី​មួយ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ ទោះបីជា​មានការ​ព្រមាន​ពី​សំណាក់​ប្រធានាធិបតី​ជាប់​ឆ្នោត លោក Donald Trump ថា នឹង​ដាក់​ពន្ធ​យ៉ាង​ធ្ងន់​ទៅ​លើ​រថយន្ត​ដែល​នាំ​ចូល​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ក្តី ។

ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់ លោក Ian Robertson ឲ្យ​ដឹង​ថា ក្រុមហ៊ុន BMW ប្រកាន់ខ្ជាប់​នូវ​គោល​គំនិត​សាងសង់​រោងចក្រ​នៅ​ម៉ិ​ក​ស៊ិ​ក ។

លោក​ពន្យល់​ថា ក្រុមហ៊ុន​ត្រូវការ​ពង្រីក​ផលិតកម្ម​លើស​ពី​អ្វី​ដែល​កំពុង​មាននៅ​រោងចក្រ​របស់​ខ្លួន​នៅ​សហរដ្ឋអាមេរិក ក្នុង​រដ្ឋ​សំខាន់​ៗ ដូច​ជា Spartanburg និង South Carolina ដែល​ទាំង​អស់នេះ​សុទ្ធតែ​បាន​ក្លាយជា​រោងចក្រ​យ៉ាង​សំខាន់​ស្រាប់​ហើយ ។ លោក​មាន​ប្រសាសន៍​ថា ៖ « ពួក​យើង​ត្រូវ​បន្ថែម​សមត្ថភាព​ផលិត ។ ដូចនេះ ទើប​យើង​សាងសង់​រោងចក្រ​នៅ​ម៉ិ​ក​ស៊ិ​ក​បន្ថែម​ទៀត » ។

គួរ​បញ្ជាក់​ថា រោងចក្រ​នៅ Spartanburg អាច​ផលិត​រថយន្ត​បាន​៤៥​ម៉ឺន​គ្រឿងក្នុង​មួយ​ឆ្នាំ ៕