ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​ស្បែកជើង​ដ៏​ធំ​មួយ​គ្រោង​ដំណើរការនៅ​ពេល​ឆាប់​ៗ

7 ឆ្នាំ មុន

ខេត្តកំពត ៖ រោងចក្រ​ផលិត​ស្បែកជើង​ដ៏​ធំ​មួយ​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ដែល​មា​នទី​តាំងនៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ។ រោងចក្រ​នេះ​នឹង​ផ្ដល់​ការងារ

ខេត្តកំពត ៖ រោងចក្រ​ផលិត​ស្បែកជើង​ដ៏​ធំ​មួយ​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ដែល​មា​នទី​តាំងនៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ។ រោងចក្រ​នេះ​នឹង​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ពលរដ្ឋ​ទូទៅ​រាប់​ម៉ឺននាក់ ពិសេស​ផ្ដល់​នូវ​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ចូលរួម​កាត់​បន្ថយ​ការ​ចំណាកស្រុក​ទៅ​ធ្វើការ​ខេត្ត​ផ្សេង ឬ​ទៅ​ធ្វើ​ពលករ​នៅ​ក្រៅប្រទេស​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​កែប និង​ខេត្តកំពត​ផង​ដែរ ។

លោក អ៊ុ​ម ស៊ី​ណាត អភិបាលស្រុក​កំពង់ត្រាច បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា រោងចក្រ​នេះ​សាងសង់​ជិត​រួចរាល់​ហើយ អាច​និយាយ​ថា សាងសង់​បាន​៩៨​ទៅ​៩៩% និង​ចាប់ផ្ដើម​រើស​បុគ្គលិក​បណ្ដើរ​ៗ​ដែរ​សម្រាប់​បុគ្គលិក​បង្គោល​។ លោក​ថា ៖ « តាម​របាយការណ៍​ដែល​ខ្ញុំ​ទទួល​បានឃើញ​ថា គេ​សង់​ជិត​រួច​ហើយ នៅ​តែ​ការងារ​សម្អាត​ផ្ទៃ​ខាងក្នុង​រោង​ចក្រ និង​ដាក់​សម្ភារ​សម្រាប់​ដំណើរការ​ប៉ុណ្ណោះ ។ ពេល​នេះ​គេ​ចាប់ផ្ដើម​រើស​បុគ្គលិក​មក​បង្រៀន​វគ្គ​ទី​១ ហើយ​នៅ​អំឡុង​ខែកុម្ភៈ ខ្ញុំ​គិត​ថា រោងចក្រ​នេះ​អាច​នឹង​ដំណើរការ ។ រីឯ​បុគ្គលិក កម្មករ ក៏​នឹង​អាច​ចូល​បម្រើ​ការ​បាន​ដែរ » ។

លោក​បន្ត​ថា រោងចក្រ​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ។ ជាក់ស្ដែង ប្រជាពលរដ្ឋ មានការ​ងារ​នៅ​ជិត​ផ្ទះ អាច​សន្សំ​សំចៃ​ការ​ចំណាយ​បាន​ច្រើន មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក​ដូច​មុន​ៗ ទៅ​ធ្វើការ​នៅ​ភ្នំពេញ ឬ​ខេត្ត​ផ្សេង​ៗ ឡើយ ។ ក្រៅពី​ធ្វើ​ជា​បុគ្គលិក កម្មករ​នៅ​ក្នុង​រោងចក្រ ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ ក៏​អាច​រក​ចំណូល​បន្ថែម​ទៀត​ដូច​ជា លក់ដូរ​ជូន​កម្មករ​ដែល​បម្រើ​ការ​នៅ​ក្នុង​រោងចក្រ​នោះ​ជាដើម ។

លោក​អភិបាលស្រុក​បន្ថែម​ថា ៖ « បើ​តាម​គេ [​តំណាង​រោងចក្រ​] ជួប​ជាមួយ​ខ្ញុំ បាន​ប្រាប់​ថា រោងចក្រ​គេ​ត្រូវការ​បុគ្គលិក​ប្រមាណ​១២​ម៉ឺន​នាក់​នៅ​ពេល​ដែល​រោងចក្រ​នោះ​ចាប់ផ្ដើម​ដំណើរការ​ដោយ​រលូន ។ ដូចនេះ វា​ផ្ដល់​ឱកាស​ការងារ​ច្រើន​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត និង​ខេត្ត​កែប ជា​ពិសេស​កម្មករនិយោជិត​ដែល​ជា​កូន​ៗ​ពេញកម្លាំង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពត និង​ខេត្ត​កែប ហើយ​ក៏​អាច​ផ្ដល់​ឱកាស​ដល់​យុវជន​មក​ពី​ក្រៅ​មូលដ្ឋាន​ផង​ដែរ » ។

បុគ្គលិក​មួយ​រូប​បម្រើ​ការ​នៅ​ក្នុង​រោងចក្រ​ផ្នែក​អគ្គិសនី បាន​ឲ្យ​ដឹង​ថា រោងចក្រ​ចាប់ផ្ដើម​រើស​បុគ្គលិក​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ក្នុង​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ផង​ដែរ បាន​ទៅ​ដាក់​ពាក្យ​ដើម្បី​ធ្វើការ តែ​ជា​ជំហាន​ដំបូង​រោងចក្រ​ប្រកាស​រើស​អ្នក​ដែល​ធ្លាប់​មានបទពិសោធន៍​ក្នុង​វិស័យ​ហ្នឹង​សិន ដើម្បី​បង្រៀន​ដល់​បុគ្គលិក​កម្មករ​ដែល​នឹង​ចូល​មក​តាម​ក្រោយ ។

គួរ​បញ្ជាក់​ថា រោងចក្រ​ផលិត​ស្បែកជើង​នេះ ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ «​ពូ ចិន​» ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​២៩ មីនា ឆ្នាំ​២០១៦​កន្លង​មក នៅ​លើ​ផ្ទៃដី​ចំនួន​៨៣​ហិ​កតា ។ តំណាង​ក្រុមហ៊ុន​ធ្លាប់​បាន​និយាយ​ថា ជា​ជំហាន​ដំបូង ក្រុមហ៊ុន​ត្រូវការ​បុគ្គលិក​ប្រមាណ​៧​ពាន់​នាក់​សម្រាប់​បម្រើ​ការងារ ហើយ​នៅ​ពេល​បន្តបន្ទាប់ នឹង​ជ្រើសរើស​បុគ្គលិក កម្មករ​ជា​ច្រើន​នាក់​បន្ថែម​ទៀត ៕