រាជធានីភ្នំពេញ ៖ នាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញមុខឆ្លើយតបជុំវិញការផ្ទុះប្រតិកម្មពីមហាជនខ្មែរ ដែលបានកើតទុក្ខមិនសុខចិត្តជុំវិញការបង្ហាញផែនទីមិនត្រឹមត្រូវមួយ ដែលត្រូវបានគេផ្សព្វផ្សាយតាមរយៈការចាក់បញ្ចាំងរឿង «បុព្វសន្និវាស២» ដែលជាភាពយន្តរបស់ថៃ។
ផែនទី ដែលថៃបានបង្ហាញនោះ គឺមួយភាគបានគូសឡើងចូលក្នុងដីខ្មែរបច្ចុប្បន្ន ដែលនោះបានធ្វើប្រជាពលរដ្ឋខ្មែរមិនអាចទទួលយកបានឡើយ ហើយក៏មានការផ្ទុះប្រតិកម្មយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមហ្វេសប៊ុក។
ជុំវិញបញ្ហាខាងលើនេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តបានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះថា «ប៉ុន្មានថ្ងៃនេះ យើងក៏បានឃើញពីការប្រតិកម្មពីសំណាក់មហាជនខ្មែរ ហើយយើងក៏បានឃើញបញ្ហាខាងលើនេះនៅក្នុងការ Promotion វីដេអូមួយ មុនការចាក់បញ្ចាំងរឿង «បុព្វេសន្និវាស» របស់ថៃនេះ ដែលបានចាក់បញ្ចាំង»។
លោកបញ្ជាក់ថា «ជាក់ស្តែងយើងពិនិត្យទៅលើផ្ទៃរឿងទាំងមូលដែលមានរយៈពេលជាង២ម៉ោងនោះ គឺមិនមានរូបភាពបែបនោះឡើយ ហើយដោយឡែកក្នុងរូបភាពវីដេអូ Trailer ក៏យើងមិនបានឃើញរូបភាពផែនទី ដែលគូសខុសនោះដែរ ខណៈពេលដែលរូបភាពដែលឃើញនោះ គឺមានតែនៅលើវីដេអូនៃកិច្ចសម្ភាសន៍មួយផ្សេងដែលមិនបានឆ្លងកាត់ការពិនិត្យរបស់យើងឡើយ»។
យ៉ាងណា បើតាមលោក ប៉ុក បូរក្ស ថា រហូតមកដល់នាពេលនេះ លោកក៏បានស្នើសុំឲ្យលុបវីដេអូនោះចោលវិញ ហើយចំពោះបញ្ហាផ្ទៃរឿងទាំងមូលនោះ គឺមិនមានបញ្ហាចោទច្រើនឡើយ។ លោកលើកឡើងបន្ថែមថា ការបង្ហាញផែនទីនៅក្នុងវីដេអូនោះ វាអាចជាការភាន់ច្រឡំ ឬក៏បញ្ហាបច្ចេកទេសណាមួយពីការបកប្រែឬយ៉ាងណា ប៉ុន្តែលោកបានស្នើឲ្យម្ចាស់រោងកុនដែលចាក់រឿងនឹងធ្វើការជាមួយផលិតដើមដែលផលិតរឿងនេះ ដើម្បីបញ្ជាក់ហើយ។
លោកបានមានប្រសាសន៍បន្តថា ប្រសិនបើរឿងនេះ បានកើតឡើងនៅសតវត្សន៍ទី១៧ ឬ១៨ ខ្ញុំមិនផលរម៉ាស់ទៅលើផែនទីទាំងអស់នោះឡើយ ព្រោះនោះជាប្រវត្តិសាស្ត្រ ដោយសារពេលនោះសៀម បានកាន់កា.ប់ដីយើងច្រើន តែប្រសិនបើវាខុសឆ្នាំ ដោយការផ្សព្វផ្សាយវីដេអូនឹង គាត់បានដាក់ពុទ្ធស័ករាជ ២៥៦៤ គឺស្ថិតនៅឆ្នាំ២០២០នេះ ដែលនោះគឺជាការភាន់ច្រឡំ ឬក៏មានការបកប្រែខុសណាមួយ ចឹងយើងអោយក្រុមហ៊ុននាំចូលរឿងនឹងធ្វើការជាមួយផលិតករផលិតរឿងនឹង ធ្វើការបញ្ជាក់ឲ្យបានច្បាស់។
ដោយឡែកសម្រាប់ការរិះគន់ប្រតិកម្មពីមហាជនខ្មែរចំពោះរឿងផែនទីនេះ លោក ប៉ុក្ស បូរក្ស បានអះអាងទៀតថា លោកសប្បាយចិត្តនៅពេលឃើញមានការប្រតិកម្ម ដោយមានយុវជនយើងចេះស្រឡាញ់ជាតិ ដោយយើងទាំងអស់គ្នា គឺមានការយកចិត្តទុកដាក់ក្នុងការស្វែងរកភាពច្បាស់លាស់ និងត្រឹមត្រូវ។
លោកបញ្ជាក់ថា ការប្រតិកម្មក៏យើងត្រូវសិក្សាទៅលើផ្ទៃរឿងដែរ ដោយសាររឿងបានផលិតឡើងនាសម័យនោះ ហើយយើងក៏បានឆ្លងកាត់ប្រវត្តិសាស្ត្របែបនោះដែរ ចំណុចនេះយើងទាំងអស់គ្នាក៏គួរពិចារណាទៅលើចំណុចទាំងពីរនេះដែរ។
ជាការកត់សម្គាល់មហាជនខ្មែរជាច្រើនបានផ្ទុះប្រតិកម្មពេញបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានឃើញរូបភាពវីដេអូដោយភ្ជាប់ជាមួយរឿង «បុព្វេសន្និវាស» របស់ថៃ បានបង្ហាញផែនទីមួយ ដែលផែនទីនោះបានគូសចូលដីខ្មែរដែលមាននាពេលបច្ចុប្បន្ននេះ។
ដោយសារឃើញភាពមិនប្រក្រតី នាពេលពួកគេបាននាំគ្នាបញ្ចេញសារប្រតិកម្មដោយបានប្រឆាំងមិនអោយភាពយន្តខាងលើនេះចាក់បញ្ចាំងឡើយ ព្រោះវាជាការខុសឆ្គង ដែលមហាជនខ្មែរយល់ថា ថៃបានប្រមាថយ៉ាងធ្ងន់ធ្ងរមកលើទឹកសុវណ្ណភូមិរបស់យើង។ ដោយជុំវិញប្រតិកម្មនៃរឿងនេះដែរ មុនពេលដែលក្រុមហ៊ុនបាននាំយករឿងនេះមកចាក់បញ្ចាំងនៅស្រុកខ្មែរនោះ ក៏មានផ្ទុះប្រតិកម្មម្តងដែលជុំវិញរូបភាព Poster សម្រាប់ផ្សព្វផ្សាយរឿងនេះ គឺបានដាក់ ផ្ការំដួល ដែលជាផ្កាមួយប្រភេទតំណាងឲ្យប្រទេសកម្ពុជា មិនអាចប្រើនៅលើភាពយន្តថៃនោះឡើយ។
ជាក់ស្តែង ក្រោយផ្ទុះការរិះគន់មិនឈប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា តារាចម្រៀងប្រុស លោក អ៊ាម វន្នី ចេញមុខមកប្រតិកម្មខ្លាំងៗចំពោះរឿងខាងលើនេះ ដោយលោកបានពោលពាក្យបែបនេះថា ៖ មិនយល់ គ្រាន់តែឈ្មោះ ការ៉ាកេត គឺយកពីខ្មែរទៅហើយ ឥឡូវដល់រឿងខាងក្នុងលួចទៀត តើយើងនៅតែបន្តគាំទ្រកុនរបស់គេដល់ណាទៀតកូនខ្មែរយើងអើយ? អ្នកដែលបានទៅមើលនៅរោងកុនទាំងឡាយ ពេញចិត្តឬនៅ? #បុព្វេសន្និវាស វគ្គ២ កាន់តែគឃ្លើន រហូតបង្ហាញថា ទឹកដីខ្មែរបាត់អស់មួយជ្រុងទៀតទៅលើប្រទេសថៃ តើនេះឬជាអ្វីដែលអ្នកទស្សនា ជាកូនខ្នែរយើងនាំគ្នាគាំទ្រ ទាំងងងឹតងងុលមែនទេ?»។
ចែករំលែកព័តមាននេះ