ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​ដាក់​ឧបករណ៍​ពិនិត្យ​សាំង​មិន​គ្រប់​លី​ត្រ និង​ការ​ក្លែងបន្លំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​ប្រេងឥន្ធនៈ និង​លុប​បំបាត់​ភាព​មន្ទិល​សង្ស័យ​ដែល​កើត​មាន​ជា​យូរ​មក​ហើយ​លើ​បញ្ហា​ចាក់​សាំង​មិន​គ្រប់​លី​ត្រ និង​លាយ​សាំង​បន្លំ​អតិថិជន​នោះ អគ្គនាយកដ្ឋាន​កាំកុងត្រូល​គ្រោង​រៀបចំ​ច្បាប់ និង​

រាជធានី​ភ្នំពេញ ៖ ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​ប្រេងឥន្ធនៈ និង​លុប​បំបាត់​ភាព​មន្ទិល​សង្ស័យ​ដែល​កើត​មាន​ជា​យូរ​មក​ហើយ​លើ​បញ្ហា​ចាក់​សាំង​មិន​គ្រប់​លី​ត្រ និង​លាយ​សាំង​បន្លំ​អតិថិជន​នោះ អគ្គនាយកដ្ឋាន​កាំកុងត្រូល​គ្រោង​រៀបចំ​ច្បាប់ និង​ដាក់​ឧបករណ៍​ត្រួតពិនិត្យ​សាំង​នៅ​តាម​ស្ថានីយ​នីមួយ​ៗ ដើម្បី​បញ្ឈប់​ការ​ឆ្លៀតឱកាស​កេង​ចំណេញ និង​បន្លំ​ពី​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ ។

ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៦ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៧ លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​លើក​ឡើង​ថា ដោយសារ​តែ​គ្មាន​អ្នកត្រួតពិនិត្យ​ច្បាស់លាស់​ជូន​អតិថិជន ជួនកាល គេ​ទិញ​សាំង​មួយ​លី​ត្រ ប៉ុន្តែ​មិន​បាន​គ្រប់​មួយ​លី​ត្រ​នោះ​ទេ ពោល​គឺ​បាន​តែ​០,៨០​លី​ត្រ គឺ​បាត់​តិច​ៗ​មិន​គ្រប់​ចំនួន។ លើស​ពី​នេះ ពេល​អតិថិជន​ចាក់​សាំង​ស៊ុប​ពែរ បើ​អ្នក​ចាក់​ដាក់​សាំង​ធម្មតា​ឲ្យ ក៏​អ្នកទិញ​មិនដឹង​ដែរ ។

លោក​បញ្ជាក់​ថា ៖ « ការ​ចុះ​តាម​ស្ថានីយ​មើល​បរិមាណ​រង្វាស់​អត់​គ្រប់​ទេ កុំ​ថា​គ្រប់​នោះ​។ មាន​រថយន្ដ​ទៅ​ចាក់​សាំង ពេល​ខ្លះ​ចាក់​ហើយ​ចាំតែ​ហុច​លុយ​ឲ្យ​គេ​ទេ អត់​មាន​ត្រួតពិនិត្យ​អី​ទេ ដោយសារ​ឃើញ​កុង​ទ័​រ​វា​ចេញ​មក​អីចឹង ប៉ុន្តែ​តាម​ពិត​បាត់ គឺ​បាត់​តិច​ៗ ។ ចាក់​មួយ​លី​ត្រ​បាត់​តិច ដល់​ចាក់​១០​លី​ត្រ​បាត់​ច្រើន ហើយ​បើ​ចាក់​១០០​លី​ត្រ កាន់តែ​បាត់​ច្រើន​ទៀត ហើយ​នេះ​ជា​ការ​បាត់បង់​ដែល​យើង​ត្រូវ​តែ​មើល​រឿង​ហ្នឹង » ។

ទាក់ទង​នឹង​ការ​មន្ទិល​សង្ស័យ​រឿង​ចាក់​សាំង​មិន​គ្រប់​លី​ត្រ​នេះ លោក សុខ សា​កា អ្នក​រត់​ម៉ូតូឌុប​ប្រាប់​ថា លោក​សង្ស័យ​ដែរ ព្រោះ​មិនដឹង​លេខ​ដែល​គេ​ដាក់​លើ​កុង​ទ័​រ​ពេល​ចាក់​នោះ​សុក្រឹត​ត្រឹមត្រូវ​មែនឬ​អត់ ។ លោក​ថា ៖ « ពេល​ខ្លះ​ចាក់​២​លី​ត្រ​អី ជិះ​បាន​មួយ​ភ្លែត​ក៏​អស់ មិនដឹង​ថា​អ្នក​ចាក់​ហ្នឹង​គេ​ចាក់​ឲ្យ​យើង​គ្រប់​ឬ​អត់​ទេ ។ ពេល​ចាក់​សាំង​រាល់ដង មើល​តែ​លេខ​កុង​ទ័​រ​នៅ​កន្លែង​ចាក់​សាំង បើ​វា​លោត​គ្រប់​២​លី​ត្រ គឺ​គិត​ថា​គ្រប់​២​លី​ត្រ ហើយ​ឲ្យ​លុយ​គេ​តែ​ម្តង ប៉ុន្តែ​មិនដឹង​ពិតជា​គ្រប់​ដូច​លេខ​វា​លោត​ហ្នឹង​ឬ​អត់​ទេ»។

ចំពោះ​បញ្ហា​ប្រើ​សាំង​ប្រភេទ​តែ​មួយ តែ​បន្លំ​ជា​សាំង​ច្រើន​ប្រភេទ​យក​តម្លៃ​ខុស​គ្នា​វិញ លោក ថៃ ហៃ​អាវ បាន​បញ្ចេញមតិ​ថា រឿង​នេះ​លោក​ធ្លាប់​សង្ស័យ​ដែរ ព្រោះ​បើ​ម្ចាស់​ស្ថានីយ​គេ​លេង​ខូច​អីចឹង​មែន យើង​អ្នក​ចាក់​គឺ​ពិតជា​មិនដឹង​នោះ​ទេ ព្រោះ​ពេល​ចាក់​សាំង​ស៊ុប​ពែរ អ្នក​ចាក់​គ្រាន់តែ​ទាញ​ទុយោ​ពី​សាំង​ស៊ុប​ពែរ​មក តែ​មិន​ប្រាកដ​ថា សាំង​នោះ​ជា​ស៊ុប​ពែរ​មែន ឬ​មិនមែន​ទេ ដោយសារ​គ្មាន​អ្វី​អះអាង ។ លោក​បន្ថែមថា ៖ « បើ​គេ​យក​សាំង​ធម្មតា ហើយ​មក​បន្លំ​ថា​ជា​សាំង​ស៊ុប​ពែរ ក៏​យើង​មិនដឹង​ដែរ តែបើ​ខាង​ក្រសួង​គេ​មាន​ចំណាត់ការ​លើ​រឿង​នេះ គឺ​លោក​គាំទ្រ » ។

អគ្គនាយក​ពាណិជ្ជកម្ម​នៃ​ស្ថានីយប្រេងឥន្ធនៈ PTT លោក បិ​ន ម៉ៃ​មាលា បាន​ថ្លែង​ថា បើ​ទោះជា​ខាង​កាំកុងត្រូល​មិន​មក​ចុះ​ត្រួតពិនិត្យ ក៏​ខាង​PTT មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​លម្អិត​លើ​ផ្នែក​នេះ​៦​ខែ​ម្តង​ដែរ ដើម្បី​ចៀសវាង​ម៉ាស៊ីន​ដែល​ប្រើ​សម្រាប់​ចាក់​ជូន​អតិថិជន​នោះ​វា​ដំណើរការ​មិន​ប្រក្រតី ។ យ៉ាងណា​ក៏​ដោយ លោក​បាន​សម្ដែង​ក្តី​រីករាយ ប្រសិនបើ​មាន​វិធានការ​បែប​នេះ​មែន លោក​ស្វាគមន៍ និង​គាំទ្រ ដើម្បី​ចៀសវាង​មានការ​មន្ទិល​សង្ស័យ​ពី​ប្រជាពលរដ្ឋ ។

ចំពោះ​ករណី​ថា ចាក់​សាំង​ស៊ុប​ពែរ តែ​បន្លំ​ចាក់​សាំង​ធម្មតា​វិញ លោ​កបិន ម៉ៃ​មាលា អះអាង​ថា ក្រុមហ៊ុន PTT​មិន​ធ្លាប់​ធ្វើ​បែប​នេះ​ឡើយ​។ លោក​ថា ៖ « នៅ​ស្ថានីយ​គឺ​មាន​ដាក់​ពណ៌​ខុស​គ្នា​តាម​ប្រភេទ​សាំង ហើយ​រឿង​ចាក់​សាំង​ធម្មតា មក​ថា​ចាក់​សាំង​ស៊ុប​ពែរ​គឺ​មិន​អាច​កើតឡើង​នោះ​ទេ ។ សម្រាប់​ហ្គា​រាស​ផ្សេង​យ៉ាងណា គឺ​មិន​ហ៊ាន​សន្មត​បែប​ណា​ទេ តែ​សម្រាប់​PTT​វិញ​គឺ​មិន​ប្រើ​វិធី​អីចឹង​ដាច់ខាត » ។

លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ថ្លែង​ថា ការ​ប្រិត​ព្រៀង​លើ​តម្លៃ​ប្រេង​កុំ​ឲ្យ​ឡើងថ្លៃ​ខ្លាំង គឺជា​រឿង​ល្អ ហើយ​បើ​មាន​ឧបករណ៍​ត្រួតពិនិត្យ​នៅ​តាម​ស្ថានីយ​បន្ថែម​ទៀត​នោះ គឺ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ព្រោះ​កុំ​ឲ្យ​មានការ​សង្ស័យ​ពី​អ្នក​ប្រើប្រាស់​លើ​បញ្ហា​បន្លំ​នេះ ។ ដូច្នេះ​ហើយ លោក​គ្រោង​បង្កើត​ឲ្យ​មានការ​ត្រួតពិនិត្យ​ទៅ​លើ​គុណភាព​ប្រេង​ថែម​ទៀត ដោយ​ត្រៀម​នឹង​ធ្វើ​ច្បាប់​៣ រួម​មាន ត្រួតពិនិត្យ​ទំនិញ បង្ក្រាប​ការ​ក្លែងបន្លំ ការពារ​អ្នក​ប្រើប្រាស់ និង​មាន​កិច្ច​ការពារ​ប្រកួតប្រជែង​ថែម​ទៀត៕