ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទល់លាមក​រ៉ាំរ៉ៃ​ពឹង​តែ​លើ​ថ្នាំ​រំលាយ​អាហារ​ប្រយ័ត្ន​ពោះវៀនធំ​ឈប់​ធ្វើការ

7 ឆ្នាំ មុន

បើ​តាម​ការ​អះអាង​របស់​លោក​វេជ្ជបណ្ឌិត Dr. Boonlert Imraporn និង​វេជ្ជបណ្ឌិត Dr. Sukprasert Jutaghokiat វេជ្ជបណ្ឌិត​នៅ​មជ្ឈមណ្ឌល ផ្នែក​ក្រពះ​ពោះវៀន​និង​ថ្លើម របស់​មន្ទីរពេទ្យ​វេជ្ជ​ថា​នី​នៃ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​

បើ​តាម​ការ​អះអាង​របស់​លោក​វេជ្ជបណ្ឌិត Dr. Boonlert Imraporn និង​វេជ្ជបណ្ឌិត Dr. Sukprasert Jutaghokiat វេជ្ជបណ្ឌិត​នៅ​មជ្ឈមណ្ឌល ផ្នែក​ក្រពះ​ពោះវៀន​និង​ថ្លើម របស់​មន្ទីរពេទ្យ​វេជ្ជ​ថា​នី​នៃ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ការ​ទល់លាមក​ភាគច្រើន​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​មនុស្ស​វ័យ​ចំណាស់ តែ​បច្ចុប្បន្ន​បែរជា​ប្រទះ​ឃើញ​នៅ​លើ​មនុស្ស​ដែល​មាន​អាយុ​តិច​ទៅ​វិញ នេះ​អាច​មក​ពី​កត្តា​ជា​ច្រើន​ដូច​ជា​៖

-​ការ​ចូល​ចិត្ត​ទទួលទាន​អាហារ​លឿន​ពេក (Fast Food)
-​ការ​ប្រើប្រាស់​ជីវិត​បែប​ប្រញាប់ មិន​មាន​ពេលវេលា សូ​ម្បី​សម្រាប់​បន្ទោបង់
-​ខកខាន​ការ​បន្ទោបង់​ជា​ញឹកញាប់
-​រួម​ទាំង​ការ​ស្ត្រេ​ស​ជាដើម​។

ទាំង​អស់នេះ​បាន​ធ្វើ​ឲ្យ​កើត​មានការ​ទល់លាមក​បាន ហើយ​ពេល​ដែល​មាន​បញ្ហា​នេះ​កើតឡើង ភាគច្រើន​លោក​អ្នក​តែងតែ​ប្រើប្រាស់​ថ្នាំ​ជួយ​បន្ទន់​លាមក​ឲ្យ​ស្រួល​បន្ទោបង់ ការ​ធ្វើ​បែប​នេះ​ញឹកញាប់​យូរ​ៗ​ទៅ នឹង​អាច​នាំ​មក​នូវ​លទ្ធផល​ធ្ងន់ធ្ងរ​បាន​ដែល​ធ្វើ​ឱ្យ​ពោះវៀន និង​រន្ធ​ទ្វារធំ​មិន​ធ្វើការ និង​អាច​ធ្វើ​ឲ្យ​ពោះវៀន​ធ្លុះ​បាន​នៅ​ដំណាក់កាល​ចុង​ក្រោយ ។

លោក​វេជ្ជបណ្ឌិត​ថ្លែង​បញ្ជាក់​ថា មូលហេតុ​ចម្បង​នៃ​ការ​ទល់លាមក​រ៉ាំរ៉ៃ​ចែក​ជា​ក្រុម​សំខាន់​បី​យ៉ា​ង ៖

១-​ពោះវៀនធំ​ចាប់ផ្តើម​ធ្វើការ​យឺត​ជាង​មុន ភាគច្រើន​មាន​អាការ​ឈឺ​បន្ទោបង់​ចុះ​ខ្សោយ ឬ អាច​មិន​មាន​អារម្មណ៍​ចង់​បន្ទោបង់​ជា​ច្រើន​ថ្ងៃ

២-​ជំងឺ​រលាក​ពោះវៀន បច្ចុប្បន្ន​គេ​រក​ឃើញ​ថា​ការ​ទល់លាមក​រ៉ាំរ៉ៃ​អាច​ពាក់ព័ន្ធ​នឹង​បាក់តេរី​ប្រភេទ​ខ្លះ​ក្នុង​ពោះវៀន​ដែល​ផលិត​មេតាន​។ មេតាន​ធ្វើ​ឲ្យ​ពោះវៀន​ធ្វើការ​យឺត​ជាង​មុន និង​ធ្វើ​ឲ្យ​មានការ​ទល់លាមក

៣-​រន្ធ​ទ្វា​ធំ​មិន​ព្រម​បើក​នៅ​ពេល​បន្ទោបង់ តែង​មាន​អាការ​បន្ទោបង់​មិន​អស់ ហើយ​យើង​តែងតែ​ប្រើប្រាស់​វិធី​ផ្សេង​ៗ​ដើម្បី​ជួយ​ឲ្យ​ងាយស្រួល​ក្នុង​ការ​បន្ទោបង់​។ ការ​ប្រើប្រាស់​ថ្នាំ​បន្ទន់​លាមក​ជា​វិធី​ងាយស្រួល​ក្នុង​ការ​បត់ជើងធំ ប៉ុន្តែ​ការ​បើ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​យូរ​ៗ​ទៅ​អាច​ធ្វើ​ឱ្យ​ពោះវៀនធំ​មិន​ធ្វើការ ហើយ​នៅ​ពេល​នោះ​ការ​ប្រើប្រាស់​ថ្នាំ​កាន់តែ​កើនឡើង ព្រោះ​ការ​ទល់លាមក​ចេះ​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ។

ការ​ព្យាបាល​ជំងឺ​ទល់លាមក​ដែល​ខុស​វិធីសាស្ត្រ​បែប​នេះ​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​រាង​កាយ​ដូច​ជា ៖
-​អាច​ធ្វើ​ឲ្យ​ពោះវៀន​ធ្លុះ
-​រលាក​រន្ធ​ទ្វារធំ

-​ពោះវៀន​មិន​ធ្វើការ ឬ​អាច​កើត​ឫសដូងបាត ។ ការ​ទល់លាមក​ក៏​អាច​បណ្តាល​មក​ពី​លោក​អ្នក ទទួលទាន​អាហារ​ដែល​ខ្វះ​ជាតិ​សរសៃ​, ផឹកទឹក​មិន​បាន​គ្រប់គ្រាន់​, មិន​ហាត់ប្រាណ​, អង្គុយ​ធ្វើការ​ពេញ​មួយ​ថ្ងៃ​, ទទួល ទាន​វីតាមីន​ឬ​ធាតុ​រ៉ែ​ដែល​ធ្វើ​ឲ្យ​ពោះវៀន​ធ្វើការ​យឺត​ជាង​មុន និង​ជំងឺ​មួយ​ចំនួន​ដូច​ជា ជំងឺ​ក្រ​ពេញទី​រ៉ូ​អី​ុ​ត​ធ្វើការ​ថយ​ចុះ និង​មហារីក​ពោះវៀន​ផង​ដែរ​។ ដូច្នេះ​ដើម្បី​ការពារ​អាការ​ទល់លាមក លោក​អ្នក​អាច​អនុវត្ត​តាម​គោលការណ៍​ដូច​ខាងក្រោម ៖

-​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​សរសៃ
-​ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់
-​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ពេល​នោះ​សាច់ដុំ​រន្ធ​ទ្វារធំ និង​ពោះវៀន​មាន​ចលនា​ក្នុង​ការ​បន្ទោបង់​បាន​ប្រសើរ​ឡើង
-​ព្យាយាម​បន្ទោបង់​ឱ្យ​បាន​ទៀងពេល
-​មិន​គួរ​អាន​សៀវភៅ​ឬ​លេង​ទូរស័ព្ទ​ខណៈ​កំពុង​បន្ទោបង់
-​មិន​គួរ​ប្រើ​ថ្នាំ​ជួយ​ក្នុង​ការ​បន្ទោបង់​ញឹកញាប់​ពេក​ទេ គួរ​ជ្រើសរើស​វិធី​ប្រើ​ថ្នាំ​នេះ​ជា​ជម្រើស​ចុង​ក្រោយ​ទៅ​បាន​ហើយ ៕