រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកថងស៊ីង ថមម៉ាវង្ស នឹងមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅប្រទេសកម្ពុជានាថ្ងៃទី៧ ដល់ថ្ងៃទី៨ មីនា ឆ្នាំ២០១១ ខាងមុខនេះ ។ នេះបើយោងតាមគេហទំព័រជាភាសាអង់គ្លេសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជាចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី២ មីនា នេះ ។
គេហទំព័រដដែលបានបញ្ជាក់ដែរថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឡាវក្នុងប្រទេសកម្ពុជា តាមការអញ្ជើញរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នាពេលខាងមុខនេះ លោកថងស៊ីង ថមម៉ាវង្ស នឹងចូលក្រាបបង្គំគាល់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ។ ក្រៅពីនោះលោកនាយករដ្ឋមន្ត្រីឡាវ នឹងចូលជួបសម្តែងការគួរសម និងសវនាការដាច់ដោយឡែកពីគ្នា ជាមួយប្រធានព្រឹទ្ធសភា សម្តេច ជា ស៊ីម ប្រធានរដ្ឋសភា សម្តេចហេង សំរិន និងចូលរួមសវនាការ និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ព្រមទាំងអញ្ជើញទៅទស្សនាសារមន្ទីរជាតិផងដែរ ៕
ចែករំលែកព័តមាននេះ