ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ ហ្គ្រេតអននើរ ដែល​ថៅកែ​រត់​ចោល សុំ​ការ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ កម្មករ កម្មការិនី រោងចក្រ​តម្បាញ ហ្គ្រេ​ត​អ​នើ​រ ថេ​ក​ស្តាយ​ហ្វេ​ក​ធើ​រី លី​មី​ធី​ត (Great Honour Texttile Factory Limited) រាប់រយ​នាក់ តំណាង​ឱ្យ​កម្មករ

ខេត្តកណ្ដាល ៖ កម្មករ កម្មការិនី រោងចក្រ​តម្បាញ ហ្គ្រេ​ត​អ​នើ​រ ថេ​ក​ស្តាយ​ហ្វេ​ក​ធើ​រី លី​មី​ធី​ត (Great Honour Texttile Factory Limited) រាប់រយ​នាក់ តំណាង​ឱ្យ​កម្មករ ៩៧១​នាក់ បាន​នាំ​គ្នា​ប្រមូលផ្តុំ​នៅ​ក្នុង​រោងចក្រ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ មក​រា​នេះ ដើម្បី​ស្នើ​សុំ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​ធ្វើ​អន្តរាគមន៍​២​ចំណុច បន្ទាប់​ពី​ថៅកែ​រត់​ចោល​រោងចក្រ ហើយ​សំណុំរឿង​បាន​ជាប់​គាំង​នៅ​តុលាការ​រយៈពេល​៦​ខែ​មក​ហើយ ជា​ពិសេស​សុំ​ថវិកា​បុរេប្រទាន​។

សហព័ន្ធ​សហជីព​ចំនួន​៧ ត្រូវ​បាន​កម្មករ​នៅ​ក្នុង​រោងចក្រ​ទាំងមូល ពឹងពាក់​ជា​តំណាង​ដើម្បី​ជួយ​ជម្រុញ និង​ជួយ​ដោះស្រាយ​តាម​នីតិវិធី​ជា​បន្តបន្ទាប់ ដោយ​អហិង្សា គឺ​១-​សហព័ន្ធ​សហជីព សំឡេង​យុវជន​ខ្មែរ ដឹកនាំ​ដោយ​លោក ឡុ​ង សុ​ផាត ២- សហព័ន្ធ​សហជីព យុវជន​ខ្មែរ ដឹកនាំ​ដោយ​លោក យឹ​ង ឈុ​ន ៣-​សហព័ន្ធ​សហជីព មោទនភាព​កម្មករ​ខ្មែរ ដឹកនាំ​ដោយ​លោក នៅ ទិ​ត្ថា ៤-​សហព័ន្ធ​សហជីព ការងារ​ដើម្បី​កម្ពុជា ដឹកនាំ​ដោយ​លោក សៀ សន ៥-​សម្ព័ន្ធ​សហជីព បេះដូង​កម្មករ​ខ្មែរ ដឹកនាំ​ដោយ​លោក សាន់ ផា​ន ៦-​សហព័ន្ធ​សហជីព ស្មារតី​កម្មករ​ខ្មែរ ដឹកនាំ​ដោយ​លោក មុំ សៀ​ក និង​៧-​សហព័ន្ធ​សហជីព កម្មករ​កម្ពុជា ដឹកនាំ​ដោយ​លោក សោម អូន​។ 

លោក សោម អូន តំណាង​សហជីព​ទាំង​៧ នៅ​ក្នុង​ការ​ចុះ​ពិនិត្យ និង​ជួប​ពិភាក្សា​ជាមួយ​កម្មករ កម្មការិនី នៅ​រោងចក្រ ហ្គ្រេ​ត អ​នើ​រ ដែល​មាន​ទៅ​តាំងនៅ​ក្នុងភូមិ​លេខ​៤ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ បាន​ថ្លែង​ថា ខណៈ​ដែល​ថៅកែ​រោងចក្រ​បាន​រត់​ចោល​កម្មករ កម្មការិនី ដែល​មាន​កម្មករ​សរុប​៩៧១​នាក់​កន្លង​មកនេះ បាន​ធ្វើ​ឱ្យ​កម្មករ កម្មការិនី ដែល​មាន​ជីវភាព​ពឹងផ្អែក​នៅ​លើ​មុខរបរ​នេះ ពួក​គាត់​កំពុង​ជួប​នូវ​ស្ថានភាព​លំបាក ដោយ​ថៅកែ​មិន​បាន ចេញ​មុខ​ទូទាត់ ប្រាក់​បំណាច់​ផ្សេង​ៗ សរុប​ជា​ទឹកប្រាក់​មាន​ចំនួន ២.៨៧៨.៧០៩ ដុល្លារ​អា​មេ​រិ​ក ។

លោក សោម អូន បាន​បន្ត​ថា បច្ចុប្បន្ន​សំណុំរឿង​នេះ បាន​ផុត​ចេញពី​ដៃ​អាជ្ញាធរ​ខេត្ត ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​ខេត្តកណ្តាល ដែល​កំពុង​អូស បន្លាយ​ការងារ​នេះ​យ៉ាង​យូរ​រហូត​ដល់​៦​ខែ បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ និង​សតិ​អារ​ម្មរណ៍ របស់​បងប្អូន​កម្មករ​កម្មការិនី ។ ក្នុង​នោះ​មានកម្ម​ការិនី​១០​នាក់​បាន​សម្រាលកូន​ក្នុងអំឡុងពេល​នេះ ដែល​កាន់តែ​លំបាក​ត្រូវការ​ជំនួយ​មនុស្សធម៌​។  ពាក់ព័ន្ធ​បញ្ហា​នេះ តំណាង​សហព័ន្ធ​សហជីព​ចំនួន​៧ បាន​ធ្វើ​ញត្តិ​រួម​គ្នា​គោរព​ស្នើ​សុំ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ​ករណី​រោងចក្រ​ខាងលើ​នេះ គឺ​ទី​មួយ ជួយ​ព​ន្លឿ​ន​លើ​ផ្នែក​ប្រព័ន្ធ​ច្បាប់​តុលាការ​ខេត្តកណ្តាល ចេញ​សាលក្រម​លក់​ទ្រព្យសម្បត្តិ​ឱ្យ​បាន​ឆាប់ និង​ទី​ពីរ​សូម​សម្តេច​មេត្តា​ជួយ​ផ្តល់​ថវិកា​បុ​រេ​ប្ប​ទាន​របស់​រាជរដ្ឋាភិបាល​ជា​មុន ដូច​ករណី​នៅ​រោងចក្រ​យ៉ុ​ង​វ៉ា ដើម្បី​បើក​ជូន​កម្មករ នៅ​ពេល​ដែល​កម្មករ កម្មការិនី​កំពុង​ជួប​ការ​លំបាក​។

ជុំវិញ​ករណី​ថៅកែ​រោងចក្រ​រត់​ចោល​នេះ តំណាង​សហជីព​រួម​នឹង​កម្មករនិយោជិត​ទាំងអស់ មាន​ជំនឿ​យ៉ាង​មុតមាំ និង​មានការ​ជឿជាក់​យ៉ាង​ខ្លាំង​លើ សម្តេច​តេ​ជោ តែ​ម្នាក់​គត់ ដែល​អាច​ជួយ​អន្តរាគមន៍ និង​ព​ន្លឿ​ន​ដោះស្រាយ ករណី​ខាងលើ​នេះ ដើម្បី​ឱ្យ​កម្មករ កម្មការិនី​បាន​ទទួល​នូវ​ប្រាក់​បំណាច់​ផ្សេង​ៗ ទៅ​តាម​ច្បាប់​ស្តី​ពី​ការងារ និង​ធានា​បាន នូវ​ជីវភាព​របស់​កម្មករ​មាន​ភាព​ប្រក្រតី​ឡើង​វិញ​។  កម្មការិនី​ឈ្មោះ សោម សុភាព អាយុ​៤៣​ឆ្នាំ បានឱ្យ​ដឹង​ថា “​ខ្ញុំ​ធ្វើការ​នៅ​រោងចក្រ​នេះ​រយៈពេល​១៥​ឆ្នាំ​ហើយ ពោល​តាំងពី​ក្មេង រហូត​ដល់​ពេល​នេះ​សុំ​គេ​ចូល​ធ្វើការ​នៅ​រោងចក្រ​ផ្សេង​គេ​មិន​ទទួល​ដោយសារ​លើស​អាយុ​។ ដូច្នេះ​គឺ​មាន​តែ​សម្តេច​តេ​ជោ​ម្នាក់​គត់​អាច​ជួយ​ដោះស្រាយ​ដល់​កម្មករ​ដែល​មាន​វ័យ​ចំណាស់ ដើម្បី​យក​ដើមទុន​ទៅ​ប្រកប​មុខរបរ​ផ្សេង​វិញ “​។ 

សោម សុភាព បន្ត​ថា នៅ​ក្នុងអំឡុងពេល​ថៅកែ​រត់​ចោល​កម្មករ មានកម្ម​ការិនី​១០​នាក់​បាន​សម្រាលកូន ដែល​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ត្រូវការ​ជំនួយ​មនុស្សធម៌​។ កម្មការិនី​មួយ​ចំនួន​ដែល​បាន​ខ្ចី​លុយ​ធនាគារ គ្មាន​លុយ​បង់​ឱ្យ​គេ​តាម​កំណត់​កំពុង​ប្រឈម​នឹង​ការ​រឹបអូស​យក​ដី និង​ផ្ទះ​។ អ្នក​ជួល​ផ្ទះ កំពុង​ប្រឈម​នឹង​ការ​បង់ថ្លៃ​ផ្ទះ ទឹក ភ្លើង និង​ជីវភាព​ប្រចាំ​ថ្ងៃ ។  ចំណែក​លោក​ណ​យ រ​ដ្ឋា អាយុ​៤០​ឆ្នាំ ដែល​បាន​ធ្វើការ​នៅ​រោងចក្រ​នេះ​បាន​១៨​ឆ្នាំ​បាន​សំណូមពរ​យ៉ាង​ទទូច​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​ផ្តល់​ថវិកា​បុរេប្រទាន ដល់​កម្មករ​ដូច​នៅ​រោងចក្រ​យ៉ុ​ង​វ៉ា ហើយ​រដ្ឋ​ទូទាត់​គ្នា​ជាមួយ​ម្ចាស់​ដី​រោងចក្រ​ជា​ក្រោយ​នៅ​ពេល​តុលាការ​លក់​ដី និង​អគារ​បាន ព្រោះ​អី​កម្មករ​បាន​រង់ចាំ​នីតិវិធី​អស់​រយៈពេល​៦​ខែ​ហើយ ។ 

លោក សោម អូន បាន​បញ្ជាក់​ចុង​ក្រោយ​សូម​ឱ្យ​កម្មករ កម្មការិនី​ទាំងអស់​បន្ត​អត់ធ្មត់ ដោយ​វិធី​អហិង្សា ហើយ​នៅ​ស​ប្តា​ហ៍​ក្រោយ​លោក​នឹង​នាំ​តំណាង​កម្មករ​ទៅ​ជួប​លោក​ចៅក្រម​ដែល​កាន់​សំណុំរឿង​នេះ​ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ទៀត ៕