ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ចាប់​ឈើ​មិន​ទាន់​ចប់​ផង ដឹកឈើ​ទៀត​ហើយ

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជាំ នៃ​ស្រុក​ឱ​រ៉ា​ល់ បាន​បង្ហើប​ឱ្យ​ដឹង​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​របស់​ក្រុម​ឈ្មោះ ចឿ​ង ថេ​ង និង​គូ សុក​ខឿន ជា​ប្រពន្ធ រស់នៅ​ក្នុងភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជាំ នៃ​ស្រុក​ឱ​រ៉ា​ល់ បាន​បង្ហើប​ឱ្យ​ដឹង​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​របស់​ក្រុម​ឈ្មោះ ចឿ​ង ថេ​ង និង​គូ សុក​ខឿន ជា​ប្រពន្ធ រស់នៅ​ក្នុងភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ នៅ​តែ​ធ្វើ​សកម្មភាព​រៀង​រាល់​យប់ ដោយ​គ្មាន​ខ្លាច​ច្បាប់​បន្តិច​ណា​ទាល់តែ​សោះ ដែល​ទំនងជា​ការ​ដឹក​នេះ​ក៏​បាន​ផ្តល់​ផលប្រយោជន៍​ដល់​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​តាំង​ពីលើ​មក​ដល់​ក្រោម ទើប​បានជា​មានការ​បើកភ្លើង​ខៀវ​ឱ្យ​ដឹក​បែប​នេះ​។ ជាង​នេះ​ទៅ​ទៀត ការ​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់ បេង សង្ស័យ​ថា ឈ្មួញ​បាន​ឃុបឃិត​គ្នា​គ្រប់កន្លែង​មិន​មាន​សល់​កន្លែង​ណា​ឡើយ លើកលែងតែ​គ្រូបង្រៀន និង​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ​ដែល​គ្មាន​សមត្ថកិច្ច​បង្ក្រាប  ។

ជា​រៀង​រាល់​យប់​គេ​តែងតែ​សង្កេត​ឃើញ​រថយន្ត​កូរ៉េ ពណ៌​ស អត់​ស្លាក​លេខ ចំណុះ​៣​តោន​របស់​ឈ្មោះ ចឿ​ង ថេ​ង ដឹកឈើ​ប្រណីត​ចេញពី​តំបន់​ជាំ  នៃ​ស្រុក​ឱ​រ៉ា​ល់ តាម​បណ្តោយ​ផ្លូវ​លេខ​៤៤ ឆ្លងកាត់​ស្នាក់​កា​រដ្ឋបាល​ព្រៃឈើ​ឱ​រ៉ា​ល់ ដែល​មាន​លោក តាំង ចាន់​សែ​ម៉ា ជា​ប្រធាន និង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សង្កែ​សាទ​ប ដែល​មាន​លោក ហែម សុខា ជា​ប្រធាន និង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សំរោង​ទង ដែល​មាន​លោក អុល កូ​ស៊ី​ណា ជា​ប្រធាន និង​ស្នាក់​ការ​បណ្តុះ​កូន​ឈើ​តា​ម៉ុ​ល​របស់​ផ្នែក​រដ្ឋបាល​ព្រៃឈើ ដែល​មាន​លោក យ៉ុ​ន យុវ​រឹទ្ធ ជា​នាយ​ផ្នែក និង​ខណ្ឌ​រដ្ឋបាល​កំពង់ស្ពឺ ដែល​មាន​លោក ផល មុនី ជា​នាយ​ខណ្ឌ​។

បើ​តាម​ប្រភព​ច្បាស់​ការណ៍​ពី​មន្ត្រី​អត់​លិ​ទបាន​បង្ហើប​ថា ឈើ​ប្រណីត​ដែល​ឈ្មួញ​ដឹក​ពី​កំពង់ស្ពឺ​នេះ គឺ​យក​ទៅ​លក់​នៅ​ច្រក​តន់​ហន់ ប្រទេស​វៀតណាម ។​ ដោយឡែក​ចំពោះ​ការ​បង់លុយ​វិញ​ក្នុង​១​ឡាន​មិន​ក្រោម​ពី​៤​ទៅ​៥​រយ​ដុល្លារ​ឡើយ ក្នុង​ស្នាក់​ការ​មេព្រៃ​នីមួយ​ៗ  ក្នុង​នោះ​នៅ​មិន​ទាន់​និយាយ​ដល់​ស្ថាប័ន​ខាងលើ​ដូច​ជា ប៉េ​អឹ​ម និង​នគរបាល​សេដ្ឋកិច្ច​ឡើយ​។ ដោយឡែក​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ​បាន​ខ្សឹប​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​នៅ​តំបន់​នេះ គឺ​ធ្វើ​ឡើងជា​យូរ​ឆ្នាំ​មក​ហើយ គឺ​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹក​ទាំង​យប់​ដឹក​ទាំង​ថ្ងៃ ដោយ​មិនឃើញ​មាន​អាជ្ញាធរ​ទប់ស្កាត់​ឡើយ ជា​ពិសេស​គឺ​ស្ថាប័ន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​តែ​ម្តង ។ សកម្មភាព​ទាំង​អស់នេះ​ស្តែង​ឱ្យ​ឃើញ​ថា  ទាំង​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុក​រលួយ​ទាំងស្រុង ។ មានការ​លើក​ឡើង​ទៀត​ថា បើសិន​មិន​បាន​ទទួល​លាភសក្ការៈ​ពី​ក្រុម​ឈ្មួញ​ទេ កុំ​ថា​ឡើយ​ឡាន​រត់​ដល់​វៀតណាម សូ​ម្បី​វិល​កង់​មិន​បាន​មួយ​ជុំ​ផង ច្បាស់​ជា​ត្រូវ​ចាប់​បង្ក្រាប​ជាក់​ជា​មិន​ខាន​ឡើយ ឱ្យ​តែ​មាន​ឈើ​ប្រណីត​នៅ​លើ​ឡាន​។

មិន​ឱ្យ​មានការ​សង្ស័យ​បែប​នេះ​យ៉ាងម៉េច​កើត បើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ទាំងនេះ ត្រូវ​ឆ្លងកាត់​ស្នាក់​ការ​មេព្រៃ​ជា​ច្រើន​កន្លែង នេះ​មិន​ទាន់​រាប់​បញ្ចូល​ទាំង​ស្នាក់​ការ​ប៉ូលិស​សេដ្ឋកិច្ច​មូលដ្ឋាន  និង​ប៉េ​អឹ​ម​ស្រុក​ឱ​រ៉ា​ល់ ដែល​មាន​លោក សោម ពុទ្ធ​តារា ជា​មេបញ្ជាការ​គ្រប់គ្រង​២​កន្លែង​ទៀត​ផង ។ ប្រភព​បន្ត​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ការ​ចាប់​បង្ក្រាប​របស់​សមត្ថកិច្ច​លើ​ផ្ទៃ​ប្រទេស កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ  ហើយ​សំណុំរឿង​ចាប់​នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ​។

ជាក់ស្តែង​ចំពោះ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​របស់ ចឿ​ង ថេ​ង និង គូ សុក​ខឿន គឺ​ចាប់ផ្តើម​កក្រើក​ឡើង​វិញ​តាំងពី​យប់​ថ្ងៃ​ទី​១៤ មក​រា ២០១៧ មក​ម្ល៉េះ ក្នុង​នោះ​ឈើ​ធ្នង់​ចំនួន​២​ឡាន​ត្រូវ​បាន​ដឹក​ចេញ និង​រសៀល​ថ្ងៃ​ទី​១៥ មក​រា ២០១៧ ចំនួន​១​ឡាន​ឈើ​ប្រណីត​បាន​ដឹក​ចេញ​ដោយ​រលូន​ក្រោម​ការ​ជួយ​សំរួល​ពី​មន្ត្រី​មក​ពី​ផ្ទៃ​ប្រទេស​ទៀត​ផង​។

ពាក់ព័ន្ធ​និង​ការ​ចោទប្រកាន់​ខាងលើ​នេះ ដែល​អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​សុំ​ការ​បកស្រាយ​ពី​ឈ្មោះ គូ សុក​ខឿន ដែល​ទូរស័ព្ទ​ចូល​៤​ដង ហើយ​មិន​មាន​អ្នក​លើក​នោះ​ទេ​។  ដោយឡែក​លោក ផល មុន្នី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ បាន​ទូរស័ព្ទ​ចូល​សុំ​ការ​បកស្រាយ​ដែល ប៉ុន្តែ​លោក​រវល់​ប្រជុំ​ក៏​ចុច​បិត​វិញ​។

ពាក់​ព័​ន្ខ​ករណី​ខាងលើ​នេះ​ដែរ លោក​វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​មុន​ពេល​ចាកចេញ​ទៅ​អា​មេ​រិ​កថា ករណី​លើក​ឡើង​ខាងលើ លោក​បាន​ជ្រាប​អស់ហើយ ពេល​នេះ​មនុស្ស​របស់​លោក​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​បន្ត​។ លោក​បញ្ជាក់​ថា លោក​មិន​លើកលែង​ឱ្យ​ដាច់ខាត​ចំពោះ​អ្នក​ពាក់ព័ន្ធ​ករណី​នេះ ជា​ពិសេស​ក្រុម​ឈ្មួញ​ដែល​ដឹក​ជញ្ជូន​ឈើ​តែ​ម្តង ចាប់​ថ្ងៃនេះ​មិន​បាន​ត្រូវ​តាមដាន​ស្ទាក់​ចាប់ នៅ​ថ្ងៃស្អែក​ទៀត​ធ្វើ​យ៉ាងណា​ចាប់​ឱ្យ​ជាប់​យក​មក​ប្រគល់​ឱ្យ​ច្បាប់​ចាត់ការ​៕​