ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​មុខសញ្ញា​ដដែល​ៗ​បន្លំ​លួច​លុយ​វី​ង​ទាំង​កណ្ដាលថ្ងៃត្រង់

7 ឆ្នាំ មុន

ខេត្ដបាត់ដំបង ៖ ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ដែល​គេ​សង្ស័យ​ថា ជា​មុខសញ្ញា​ដដែល​ៗ បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​លុយ​ក្នុង​ទីតាំង «​វី​ង​» វេរ​លុយ​មួយ​កន្លែង​

ខេត្ដបាត់ដំបង ៖ ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ដែល​គេ​សង្ស័យ​ថា ជា​មុខសញ្ញា​ដដែល​ៗ បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​លុយ​ក្នុង​ទីតាំង «​វី​ង​» វេរ​លុយ​មួយ​កន្លែង​យក​លុយ​អស់​ប្រមាណ​ជា​២.០០០​ដុល្លារ ហើយ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៤ មក​រា នៅ​ក្រុម​ទី​១៨ ស្ថិត​ក្នុងភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។

អធិការ​ក្រុង​បាត់ដំបង លោក ប៉ា​ង ហៀ​ង បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នោះ​បាន​កើតឡើង ស្រប​ពេល​ដែល​ការ​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​នោះ មាន​សភាព​ស្ងាប់​ស្ងាត់​បន្តិច ។ លោក​ថា ទីតាំង​«​វី​ង​» វេរ​លុយ​នោះ​មាន​យីហោ «​ណាប់​សានី​» និង​មាន​ម្ចាស់​ឈ្មោះ ណែម ចំណាប់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ។ លោក ប៉ា​ង ហៀ​ង បាន​បញ្ជាក់​ថា មុខសញ្ញា​ជនសង្ស័យ​មាន​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ស្ត្រី​២​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​បាន​ចូល​ទៅ​ធ្វើ​ជា​វេរ​លុយ និង​ខ្លះ​ធ្វើ​ជា​រក​ទិញ​កាត​ទូរស័ព្ទ លុះ​មានឱកាស​ក៏​បន្លំ​លួច​លុយ​តែ​ម្ដង ។

លោក ណែម ចំណាប់ ជា​ម្ចាស់​វី​ង​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ក្រុម​ជន​មិន​ស្គាល់​មុខ​ទាំង​៤​នាក់ ដែល​មាន​ស្ត្រី​២​នាក់​ផង​នោះ បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅ​ខាង​មុខ​ទីតាំង​វី​ង​របស់​ខ្លួន ហើយគ្នា​វា​ខ្លះ​បាន​ធ្វើ​ជាម​ករក​វេរ​លុយ រីឯ​ខ្លះ​ទៀត​ធ្វើ​ជា​សួរនាំ​រក​ទិញ​កាត​ទូរស័ព្ទ ។ លោក​ថា សកម្មភាព​ក្រុម​នេះ​បាន​ធ្វើ​ឲ្យ​គាត់​វក់វី​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​ពួក​គេ​មានឱកាស​បន្លំ​លួច​លុយ​របស់​គាត់​ដែល​ដាក់​ក្នុង​ថង់​ខ្មៅ​យក​ទៅ​បាត់ ។ ប៉ុន្តែ​ពេល​ក្រុម​នោះ​ចេញ​ផុត​បន្តិច​ទើប​គាត់​ដឹង​ថា​បាត់​លុយ តែ​មិនដឹង​ក្រុម​នោះ​ជិះ​ដល់​ណា​អស់​ទៅ​ហើយ​ទេ ។ លោក ណែម ចំណាប់ បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា លុយ​ដែល​ក្រុម​ចោរលួច​ទៅ​នោះ​មាន​ចំនួន​ប្រហែល​២.០០០​ដុល្លារ ។

ជុំវិញ​មុខសញ្ញា​ជនសង្ស័យ​មួយ​ក្រុម​នេះ បើ​តាម​លោក ប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​និយាយ​ថា ជនសង្ស័យ​គឺជា​មុខសញ្ញា​ក្រុម​ដដែល​ៗ ដែល​តែង​ធ្វើ​សកម្មភាព​បន្លំ​លួច​លុយ​តាម​ទីតាំង «​វី​ង​» វេរ​លុយ​នា​ពេល​កន្លង​មក​នៅ​ក្នុង​ក្រុង​បាត់ដំបង និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត ។ លោក​ថា ក្រុម​នេះ​តែង​ធ្វើការ​ស៊ើប​ឬ​ជិះ​ម៉ូតូ​ពិនិត្យ​ទីតាំង និង​ស្ថានភាព​ជា​មុន មុន​ពេល​ធ្វើ​សកម្មភាព ។ លោក​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជន​រង​គ្រោះ និង​សាក្សី​នានា ដើម្បី​ស្រាវជ្រាវ​ស្វែងរក​តម្រុយ​មុខសញ្ញា​ជនសង្ស័យ ។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ដែរ​ថា ជន​សង្គម​ងងឹត​មួយ​ក្រុម​នេះ គឺ​អាច​ជា​មុខសញ្ញា​ដដែល​ៗ​ដែល​តែង​ធ្វើ​សកម្មភាព​កន្លង​មក​មែន ។

ប្រភព​ដដែល​បន្ត​ថា ក្រុម​នេះ​នឹង​ធ្វើ​សកម្មភាព​ជា​បន្តបន្ទាប់​ទៀត ប្រសិនបើ​សមត្ថកិច្ច​បំបែកសម្បុក​ក្រុម​នេះ​មិន​បាន​ទេ ។ ដូច្នេះ​គ្រប់​ទីតាំង​បើក​វី​ង ឬ​ទីតាំង​ប្ដូរ ឬ​វេរ​លុយ​នានា​ទូ​ទាំង​ខេត្ត ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត និង​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​សមត្ថកិច្ច​បើ​ឃើញ​ជន​ណា ឬ​ក្រុម​ណា​ដែល​គួរ​ឲ្យ​សង្ស័យ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ត្រួតពិនិត្យ និង​ឈាន​ដល់​ការ​ទប់ស្កាត់​បាន​ទាន់​ពេលវេលា ៕