ខេត្តស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធហត្ថនិងកម្លាំងនគរបាលខេត្តបានចេញប្រតិបតិ្តការស្រាវជ្រាវជាបន្ទាន់ភ្លាមៗ បន្ទាប់មានការផ្អើលឆោឡោពីការចាប់ជំរិតមនុស្ស កាលពីថ្ងៃទី១៤ មករាស្ថិតនៅក្រុងស្ទឹងត្រែង ក្រោយមកទើបដឹងមូលហេតុពិត គឺជាការចាប់បង្ខាំងអតីតប្រពន្ធដើម្បីសុំសាងស្នេហ៍ជាថ្មី បន្ទាប់ពីលែងលះគ្នាបាន៣ខែ ។
ប្រភពព័ត៌មានឲ្យដឹងថា កាលពីវេលាព្រឹកថ្ងៃទី១៤ មករា គេបានប្រទះឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងតាមស្ត្រីម្នាក់ដែលជិះម៉ូតូដឹកកូនស្រីតាមផ្លូវក្នុងសង្កាត់ស្ទឹងត្រែង លុះដល់ចំណុចសាលាបឋមសិក្សាបួនមករា ក្រុងស្ទឹងត្រែង បុរសរូបនោះបានទាញដៃនារីខាងលើឲ្យឈប់និងចាប់ទាញនាង ដាក់លើម៉ូតូរបស់ខ្លួនជិះចេញទៅ ទាំងនារីនោះបានស្រែកយំ ហើយបន្សល់ទុកកូនស្រីតូចម្នាក់ និងម៉ូតូលើផ្លូវ ។
អ្នកឃើញហេតុការណ៍នោះ បានទូរស័ព្ទប្រាប់សមត្ថកិច្ចភ្លាមៗ ។ ប្រភពដដែលបន្តថា គ្រានោះឪពុកម្តាយនារីរងគ្រោះមកនាំចៅនិងម៉ូតូត្រឡប់ទៅផ្ទះ ព្រមទាំងបានដាក់ពាក្យប្តឹងទៅកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលចុះអន្តរាគមន៍ ដោយសង្ស័យបុរសចាប់កូនស្រីគាត់ទៅនោះ គឺជាអតីតប្តីរបស់នាង ។
តាមការរៀបរាប់របស់ស្ត្រីជាម្តាយនិងឪពុកកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវក៏បានរកឃើញមកវិញ ដោយសារតែពួកគាត់សង្ស័យលើអតីតបុរសជាប្តីរបស់នាង ។ ព្រោះបុរសជាប្តីនោះតែងតាមដានរាល់សកម្មភាពពេលនាងចេញពីផ្ទះនិងត្រឡប់មកផ្ទះ ដើម្បីចង់ជួបសុំរួមរស់ជួបជុំគ្នាវិញ ក្រោយពីលែងលះជាង៣ខែកន្លងមកនេះ ។
លោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ក្រោយពេលមានបណ្តឹងពីគ្រួសារជនរងគ្រោះ ក្រោមបទបញ្ជាពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកផ្ទាល់ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានបញ្ជាកម្លាំងស្រាវជ្រាវនៅទីតាំងកើតហេតុ និងតាមរយៈព័ត៌មានពីប្រជាពលរដ្ឋបង្ហាញថា បានប្រទះឃើញបុរសម្នាក់បានដឹកនារីតាមម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ឆ្ពោះទៅភូមិថ្មី ទើបលោកដាក់ពង្រាយកម្លាំងតាមដានបន្ថែម ដោយក្នុងនោះមានកម្លាំងបង្កប់ស្លៀកពាក់ឯកសណ្ឋានស៊ីវិល និងកម្លាំងតាមដានកសាងពីអ្នករត់ម៉ូតូឌុប ។
លោកវរសេនីយ៍ឯកបន្តថា ក្រោយការតាមដានដល់ចំណុចភូមិថ្មីបាត់ដាន លោកបានស្រាវជ្រាវបន្តដឹងថា បុរសអតីតជាប្តីរូបនោះជួលផ្ទះមួយកន្លែង ស្ថិតនៅភូមិថ្មី លោកក៏បានដាក់កម្លាំង ទៅលើភូមិសាស្ត្រនោះដែលមានផ្ទះសំណាក់ និងផ្ទះជួលច្រើនកន្លែង ។ ការដាក់កម្លាំងតាមដានក៏បានសម្រេច ចូលទៅផ្ទះសំណាក់មួយកន្លែងយីហោ (ហេងជីរ៉ា) ដោយធ្វើការសាកសួរនិងមានការផ្តល់ព័ត៌មានតាមភិនភាគ ព្រមទាំងស្នើសុំម្ចាស់ផ្ទះសហការ និងមានការអនុញ្ញាតពីព្រះរាជអាជ្ញាធ្វើការឆែកឆេរនៅបន្ទប់សង្ស័យ ។ ពេលគោះទ្វារហៅអ្នកស្នាក់នៅក្នុងបន្ទប់ឱ្យចេញមកក្រៅទើបប្រទះឃើញបុរសជនសង្ស័យ និងនារីរងគ្រោះ ព្រមទាំងម៉ូតូ១គ្រឿងទៀត នៅក្នុងបន្ទាប់នោះក៏នាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នារសៀលនៅម៉ោងជាង៥ល្ងាចក្នុងថ្ងៃដដែល ។
ក្រោយការស្រាវជ្រាវករណីខាងលើជនសង្ស័យជាអតីតប្តីបាននិយាយថា ខ្លួនគ្មានចេតនា ប៉ុនប៉ងចាប់ជម្រិតមនុស្ស ឬមានបំណងធ្វើបាបនាងនោះទេ តែដោយសារខ្លួនមិនដាច់អាល័យបែកពីនាង ហើយដោយសារនាងក៏មិនព្រមទទួលទូរស័ព្ទ ពេលខ្លួនខលទៅដើម្បីសុំផ្សះផ្សាររួមរស់ជាមួយគ្នាវិញនោះ ទើបខ្លួនបង្ខំចិត្តនាំនាងទៅផ្ទះសំណាក់ដើម្បីសម្រុះសម្រួលជានានឹងគ្នាវិញ ។
នារីអតីតជាប្រពន្ធរូបសម្បត្តិផូរផង់ក៏បាននិយាយប្រាប់សមត្ថកិច្ចដែរថា នៅពេលកើតហេតុនាងមិនមានទូរស័ព្ទប្រាប់ឪពុកម្តាយ ទើបពួកគាត់ផ្អើលឈូឆរបែបនេះ ហើយនាងមិនហ៊ានខ្ចីទូរស័ព្ទអតីតប្តីខលទេ ។
ប្រធានមន្ទីរព្រហ្មទណ្ឌកងរាជអាវុធហត្ថឲ្យដឹងថា ជនសង្ស័យឈ្មោះ ខេន លីហុង ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់ក្របី ឃុំក្រគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាអតីតប្តីទី២របស់នារីរងគ្រោះឈ្មោះផាត សុឈៀក អាយុ២៧ឆ្នាំ រស់នៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។
ម្តាយឪពុកនារីខាងលើនិយាយថា កូនស្រីគាត់បានរៀបការជាមួយបុរសម្នាក់ និងបានលែងលះគ្នាជាង៥ឆ្នាំមកហើយ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់ ។ បន្ទាប់ពីឮដំណឹងថា ប្តីរូបនោះមានប្រពន្ធមួយទៀត ទើបនាងសម្រេចចិត្តរៀបការជាមួយអតីតប្តីក្រោយនេះ តែការរស់នៅជាមួយគ្នាបានជាងមួយឆ្នាំកូនស្រីគាត់ក៏សម្រេចលែងលះគ្នាត្រឹមភូមិ-ឃុំនិងអ្នកជិតខាង ។ ជាមួយប្តីក្រោយនេះ នាងពុំទាន់មានកូននៅឡើយទេ ។ មូលហេតុដែលកូនស្រីគាត់ទ្រាំនិងទង្វើត្រគោះបោះបោករករឿងគ្មានហេតុផលរបស់អតីតប្តីក្រោយនេះពុំបាន ។
ប្រភពព័ត៌មានមួយបង្ហើបថា ក្រោយពីលែងលះអតីតប្តីរូបនេះរួចមក នាងបានស្គាល់បុរសម្នាក់នៅខេត្តព្រះវិហារ ព្រមទាំងមានការទំនាក់ទំនងគ្នាតាមរយៈទូរស័ព្ទ និងហ្វេសប៊ុករហូតបច្ចុប្បន្នផងដែរ ។ បន្ទាប់ពីនាងបានរៀបការប្តីក្រោយទៅហើយ បុរសរស់នៅខេត្តព្រះវិហានោះក៏តែងទំនាក់ទំនងមករកនាងរហូត ទើបធ្វើឲ្យអតីតប្តីក្រោយរូបនេះប្រច័ណ្ឌ ចេះតែមួរម៉ៅមិនឈប់ឈរឈានដល់ការលែងលះគ្នា តែអតីតប្តីក្រោយនេះនៅតែមិនដាច់ចិត្តបានព្យាយាមតាមលួងលោមសុំរួមរស់ជាមួយគ្នាវិញ ។
ទាក់ទិនករណីនេះកម្លាំងអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ