ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​លើ​ពិភពលោក​នឹង​កើន​ដល់​200​លាន​នាក់

7 ឆ្នាំ មុន

ចំនួន​មនុស្ស​គ្មាន​ការងារ​ធ្វើ​នៅ​ទូ​ទាំង​ពិភពលោក នឹង​កើន​ដល់​២០០​លាន​នាក់​ក្នុង​ឆ្នាំ​២០១៧​នេះ ។ សម្រាប់​អ្នក​ដែល​មានការ​ងារ​វិញ ក៏​ប្រហែលជា​មិន​ទទួល​បានការ​ឡើង​ប្រាក់បៀវត្ស​ផង​ដែរ ។

ចំនួន​មនុស្ស​គ្មាន​ការងារ​ធ្វើ​នៅ​ទូ​ទាំង​ពិភពលោក នឹង​កើន​ដល់​២០០​លាន​នាក់​ក្នុង​ឆ្នាំ​២០១៧​នេះ ។ សម្រាប់​អ្នក​ដែល​មានការ​ងារ​វិញ ក៏​ប្រហែលជា​មិន​ទទួល​បានការ​ឡើង​ប្រាក់បៀវត្ស​ផង​ដែរ ។

ទាំងនេះ​ជា​ការ​រក​ឃើញ​នៃ​ការ​ស្រាវជ្រាវ​របស់​អង្គការ​ពលកម្ម​ពិភពលោក (ILO) ជា​ភ្នាក់ងារ​មួយ​ដែល​រួម​មាន​អ្នកតំណាង​រដ្ឋាភិបាល និយោជក និង​និយោជិត​ប្រមាណ​១៨៧​ប្រទេស​។

ក្នុង​សេចក្តីរាយការណ៍​កាលពី​ស​ប្តា​ហ៍​មុន ILO និយាយ​ថា អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង​៣,៤​លាន​នាក់​ក្នុងឆ្នាំនេះ និង​២,៧​លាន​នាក់​ក្នុង​ឆ្នាំ​២០១៨ ព្រោះតែ​ចំនួន​ពលករ​កំពុង​តែ​កើនឡើង​ក្នុង​ល្បឿន​លឿន​ជាង​ការងារ​ដែល​ត្រូវ​បាន​បង្កើត ។

លោក Guy Ryder អគ្គនាយក ILO ថ្លែង​ថា ៖ « ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​បន្ត​ធ្វើ​ឲ្យ​ខកចិត្ត ។ នេះ​បង្ក​ឲ្យ​មាន​ភាព​ព្រួយបារម្ភ​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក និង​លទ្ធភាព​របស់​វា​ក្នុង​ការ​បង្កើត​ការងារ​គ្រប់គ្រាន់ នេះ​មិន​និយាយ​ដល់​ការងារ​ល្អ​ៗ​ផង » ។

ILO ក៏​មាន​ដំណឹង​អាក្រក់​ចំពោះ​អ្នកមាន​ការងារ​ធ្វើ​ផង​ដែរ ។ ក្នុង​សេចក្តីរាយការណ៍​ដោយឡែក​មួយទៀត ភ្នាក់ងារ​ខាងលើ​និយាយ​ថា ការ​លូតលាស់​នៃ​ប្រាក់បៀវត្ស​ពិភពលោក (​គិតគូរ​អតិផរណា​រួច​) បាន​ធ្លាក់​មក​ល្បឿន​មួយ​ដ៏​យឺត​បំផុត​ក្នុង​ឆ្នាំ​២០១៥ ។

ការ​កើនឡើង​នៃ​ប្រាក់បៀវត្ស​ក្នុង​សេដ្ឋកិច្ច​អភិវឌ្ឍន៍​មួយ​ចំនួន រួម​ទាំង​សហរដ្ឋអាមេរិក និង​អា​ល្លឺ​ម៉​ង់ គឺ​មិន​គ្រប់គ្រាន់​ឡើយ ខណៈ​មានការ​ធ្លាក់​ចុះ​ក្នុង​ប្រទេស​ជា​ច្រើន​ទៀត ។
ILO និយាយ​ថា ចំនួន​មនុស្ស​ដែល​មានការ​ងារ​ធ្វើ ប៉ុន្តែ​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ​នៅ​ខ្ពស់​នៅឡើយ ដោយ​មាន​ពាក់កណ្តាល​នៃ​ពលករ​រស់នៅ​ក្នុង​អាស៊ី​ខាងត្បូង និង​ជិត​២​ភាគ​៣​នៃ​ពលករ​ក្នុង​អាហ្វ្រិក គឺ​រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​យ៉ាង​ខ្លាំង ឬ​ក្រីក្រ​មធ្យម ។

យោង​តាម ILO ឲ្យ​ដឹង​ទៀត​ថា សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍ ជា​ពិសេស អា​មេ​រិ​កឡា​ទី​ន​នឹង​ទទួល​បានការ​កើនឡើង​នៃ​អត្រា​អ្នក​គ្មាន​ការងារ​ច្រើន​ជាងគេ​ក្នុង​ឆ្នាំ​២០១៧ ប៉ុន្តែ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​អាច​នឹង​ធ្លាក់​ចុះ​ក្នុង​អឺរ៉ុប សហរដ្ឋអាមេរិក និង​កា​ណា​ដា ទោះជា​ការ​ធ្លាក់​ចុះ​មាន​ភាពយឺត និង​មិន​ស្មើគ្នា​ក្តី ។

ILO បាន​ព្រមាន​ដែរ​ថា មនុស្ស​គ្មាន​ការងារ​ធ្វើ​ក្នុង​រយៈពេល​យូរ​កំពុង​តែ​ក្លាយជា​បញ្ហា​ដ៏​ធំ​មួយ​ក្នុង​អឺរ៉ុប និង​អា​មេ​រិ​ក​ខាងលិច ។ ជិត​ពាក់កណ្តាល​នៃ​មនុស្ស​ដែល​គ្មាន​ការងារ​ធ្វើ​ក្នុង​អឺរ៉ុប និង​១​ភាគ​៤​នៃ​មនុស្ស​ទាំងនោះ​ក្នុង​សហរដ្ឋអាមេរិក បាន​ស្វែងរក​ការងារ​អស់​រយៈពេល​ច្រើន​ជាង​៦​ខែ​មក​ហើយ ៕