ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ពេទ្យសត្វ​ចាប់​មាន់​កសិកម្ម​នាំ​ចូល​ពី​ថៃ​៣​ឡាន ដោះ​លែង​វិញ​២​ឡាន​ព្រោះ​បង់លុយ​មុន​

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ មាន់​កសិកម្ម​ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ចំនួន​៣​រថយន្ត ត្រូវ​មន្ត្រី​ពេទ្យសត្វ​ស្ទាក់​ចាប់​បានជា​បន្តបន្ទាប់ កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥

ខេត្តបាត់ដំបង ៖ មាន់​កសិកម្ម​ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ចំនួន​៣​រថយន្ត ត្រូវ​មន្ត្រី​ពេទ្យសត្វ​ស្ទាក់​ចាប់​បានជា​បន្តបន្ទាប់ កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ មក​រា នៅ​តាម​ដងផ្លូវ​ចេញពី​ស្រុក​កំ​រៀង ឆ្ពោះទៅ​កាន់​ក្រុង​បាត់ដំបង តែ​បាន​ដោះ​លែង​២​គ្រឿង​វិញ​ទាំង​យប់ ព្រោះ​ម្ចាស់​បាន​បង់លុយ​រួច​ជា​មុន រីឯ​១​គ្រឿង​ទៀត​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​។  នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​មក​រា ២០១៧​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​មាន់​ទាំង​៣​គ្រឿង​នោះ មាន​រថយន្ត​ម៉ាក​កាម​រី​ពណ៌​ស​កែ​ច្នៃ​ទ្រុង​តែ​មិន​ស្គាល់​ម្ចាស់​, រថយន្ត​នី​សាន់​១​បាំង​កន្លះ ពណ៌​ក្រហម​មាន​ថៅកែ​ស្រី​ឈ្មោះ ម៉េ​វ ហៅ​កា​ម៉េ​វ និង​រថយន្ត​កូរ៉េ​ប្រភេទ​១,៥​តោន មាន​ថៅកែ​ឈ្មោះ ពៅ​។ រថយន្ត​ទាំង​៣​គ្រឿង​នេះ​ត្រូវ​គេ​ដឹង​ថា បាន​ដឹក​សត្វ​មាន់​កសិកម្ម​ពី​ប្រទេស​ថៃ ដោយ​ខុសច្បាប់​ចេញ​តាម​ច្រករបៀង​«​បឹង​ឆ្នាំ ឬ​ភ្នំ​ព្រះពុទ្ធ​» ដែល​ស្ថិត​ក្នុង​ឃុំ​កំ​រៀង ស្រុក​កំ​រៀង​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា រថយន្ត​ទាំង​៣​គ្រឿង​ដែល​មាន​ថៅកែ​ផ្សេង​ៗ​គ្នា​នេះ ត្រូវ​មន្ត្រី​ពេទ្យសត្វ​ស្ទាក់​ចាប់​ជា​បន្តបន្ទាប់​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​។

ប៉ុន្តែ​បាន​ដោះ​លែង​រថយន្ត​ថៅកែ​ឈ្មោះ កា​ម៉េ​វ និង​ថៅកែ​ឈ្មោះ ពៅ ទាំង​យប់​វិញ​ក្រោយ​ចាប់​បាន​មួយ​ដង្ហើមចង្រិត ព្រោះ​ថៅកែ​រថយន្ត​ទាំង​២​នេះ​បាន​បង់លុយ​ជា​ប្រចាំ​។ ដោយឡែក​រថយន្ត​កាម​រី​កែ​ច្នៃ ត្រូវ​មន្ត្រី​ពេទ្យសត្វ​នាំ​ទៅ​កាន់​មន្ទីរ​កសិកម្ម​ខេត្ត ព្រោះ​ម្ចាស់​គ្មាន​ខ្សែ និង​ភ្លេច​បង់លុយ​ឲ្យ​ពេទ្យសត្វ​។ ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ជា​ម្ចាស់​រថយន្ត​ដែល​មន្ត្រី​ពេទ្យសត្វ​ចាប់​បញ្ជូន​ទៅ​មន្ទីរ​កសិកម្ម​ខេត្ត​បាន​និយាយ​ថា រថយន្ត​គាត់​ដឹក​មាន់​ចេញពី​ច្រករបៀង​«​បឹង​ឆ្នាំ ឬ​ភ្នំ​ព្រះពុទ្ធ​»​ក្នុងស្រុក​កំ​រៀង ដើម្បី​យក​មក​បោះ​ឲ្យ​ម៉ូយ​នៅ​ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល​។

ប៉ុន្តែ​ត្រូវ​ពេទ្យសត្វ​ស្ទាប់​ចាប់​នៅ​វេលា​រំលង​អា​ធ្រា​ត្រ ត្រង់​ចំណុច​ឃុំ​ក្ដុល ស្រុក​ប​វេ​ល​។ ស្ត្រី​រូប​នេះ​បន្ត​ថា រថយន្ត​ដែល​ដឹក​ចេញ​តាម​ច្រក​ជាមួយ​គាត់​ក៏​ត្រូវ​គេ​ចាប់​ដែរ តែ​គេ​ដោះ​លែង​វិញ លើក​លេង​តែ​រថយន្ត​គាត់​ត្រូវ​គេ​បញ្ជូន ព្រោះ​គាត់​មិន​បាន​បង់លុយ​ឲ្យ​ពេទ្យសត្វ​។ មន្ត្រី​កសិកម្ម​ម្នាក់​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខេត្តបាត់ដំបង​មាន​ក្រុមហ៊ុន​២​ដែល​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ក្នុង​ការ​នាំ​ចូល​សត្វ​មាន់​កសិកម្ម​ពី​ប្រទេស​ថៃ​។ ប៉ុន្តែ​បច្ចុប្បន្ន​គេ​ឃើញ​មាន​ឈ្មួញ​ជា​ច្រើន​នាក់​បាន​លួច​នាំ​ចូល​សត្វ​មាន់​នេះ ពី​ប្រទេស​ថៃ​ដែរ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

មន្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា គេ​សង្ស័យ​មន្ត្រី​ពេទ្យ​ជា​អ្នក​ផ្ដល់​សញ្ញា​ភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​គ្មាន​ច្បាប់​ទាំងនោះ​។ ក្រុម​ឈ្មួញ​គ្មាន​ច្បាប់​ទាំងនោះ​បាន​នាំ​ចូល​សត្វ​មាន់​ពី​ប្រទេស​ថៃ រាប់​ពាន់​ក្បាល​ជា​រៀង​រាល់​យប់​។ រថយន្ត​ដឹក​មាន់​ខុសច្បាប់​ទាំងអស់​ត្រូវ​គេ​បង្គាប់​ឲ្យ​ដឹក​ចេញពី​ព្រំដែន​នៅ​ពាក់កណ្ដាល​អា​ធ្រា​ត្រ ដើម្បី​បិទ​បាំង​ពី​ភ្នែក​មហាជន​។ ជុំវិញ​ករណី​នេះ កោះសន្តិភាព មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក ប៉ែន សេដ្ឋា ប្រធាន​ការិយាល័យ​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា​។

ប៉ុន្តែ​មន្ត្រី​នៃ​មន្ទីរ​នេះ​ម្នាក់​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ បាន​ទ​ទូល​ស្គាល់​ថា ពេទ្យសត្វ​ពិតជា​បាន​ចាប់​រថយន្ត​ដឹក​មាន់​៣​គ្រឿង​មែន​។ មន្ត្រី​ដដែល​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ចេញ​ចាប់​រថយន្ត​ដឹក​សត្វ​មាន់​ខុសច្បាប់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មកនេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ភាគី​ក្រុមហ៊ុន​ស្របច្បាប់​ប្ដឹង​ជា​បន្តបន្ទាប់​ឲ្យ​ចាត់ការ​ក្រុម​ឈ្មួញ​ទុច្ចរិត ហើយ​ក៏​ស្រប​ពេល​មាន​មន្ត្រី​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល ចុះ​តាម​ឃ្លាំមើល និង​តាម​ចាប់​ឈ្មួញ​ដែល​លួច​នាំ​សត្វ​មាន់​ខុសច្បាប់​ពី​ប្រទេស​ថៃ មុន​ឳ​កាស​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ​នេះ​ផង​ដែរ​។ បើ​តាម​ព័ត៌មាន​ដែល​បែកធ្លាយ​ពី​ឈ្មួញ​រកស៊ី​ដឹក​មាន់​ខុសច្បាប់ បាន​ទម្លាយ​ឲ្យ​ដឹង​ថា ក្រុម​ឈ្មួញ​ដឹក​មាន់​ខុសច្បាប់​ត្រូវ​បង់លុយ​តាម​រូបភាព​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ឲ្យ​ទៅ​មន្ត្រី​ពេទ្យសត្វ មន្ត្រី​គយ​ព្រំដែន និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​នៅ​តាម​ដងផ្លូវ​។

ដោយឡែក​ចំពោះ​ពេទ្យសត្វ​វិញ ឈ្មួញ​ត្រូវ​បង់​ច្រើន​ជាងគេ​ក្នុង​តំលៃ​ចាប់ពី​៥០​ម៉ឺន​រៀល​ដល់​១​លាន​រៀល ក្នុង​រថយន្ត ឬ​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង ដោយ​គិត​ទៅ​តាម​មធ្យោបាយ​ដឹក​ជញ្ជូន​ធុន​តូច ឬ​ធំ​។ ប្រភព​ដដែល​បញ្ជាក់​ថា ក្រុម​ឈ្មួញ​ដែល​គ្មាន​ច្បាប់ ត្រូវ​ផ្ដល់​ដំណឹង​ជា​មុន​ដល់​ពេទ្យសត្វ មុន​ពេល​ចេញ​ទៅ​ដឹក​មាន់នៅ​ព្រំដែន​។ ប៉ុន្តែ​មួយ​រយៈ​កន្លង​ទៅ​នេះ មន្ត្រី​ពេទ្យសត្វ​បាន​ផ្ដល់​សញ្ញា​ឲ្យ​ក្រុម​ឈ្មួញ​គ្មាន​ច្បាប់​ទាំងអស់ ត្រូវ​ផ្អាក​សកម្មភាព​ដឹក​ជញ្ជូន​មាន់​ជា​បណ្ដោះអាសន្ន​សិន​។

ព្រោះ​មាន​មន្ត្រី​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​ចុះ​ចាប់ តែ​ក្រុម​ឈ្មួញ​នៅ​តែ​អាច​ដឹក​លួចលាក់​បាន​ខ្លះ​ៗ​ដែរ​។ ការ​ផ្អាក​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ស្ដង់​បោច​មាន់​ធំ​ៗ​ជិត​១០​កន្លែង​នៅ​ក្នុង​ក្រុង​បាត់ដំបង ខ្វះខាត​មាន់​បោះ​ឲ្យ​ម៉ូយ​លក់​នៅ​តាម​ទីផ្សារ ខណៈ​ពិធី​បុណ្យចូលឆ្នាំ​ចិន​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​។ ប៉ុន្តែ​ពួក​គេ​ខ្លះ​បាន​ងាក​ទៅ​រក​ទិញ​មាន់​ពី​ក្រុមហ៊ុន​ស្របច្បាប់​វិញ ដែល​ពួក​គេ​បាន​បោះបង់​នា​ពេល​កន្លង​មក​៕