ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អូន​បង​រស់​មិន​បាន ! ប្តី​អាយុ​តិច​ជាង​ប្រពន្ធ​២០​ឆ្នាំ​ចាក់​សាំង​ដុត​ខ្លួនឯង

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ វា​ជា​រឿង​ហួសវិស័យ​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ប៉ុន្តែ​វា​បាន​កើតឡើង​រួច​ទៅ​ហើយ ដែល​ប្តី​មាន​អាយុ​តិច​ជាង​ប្រពន្ធ​រហូត​ដល់​ទៅ​២០​ឆ្នាំ ហើយ​ថែម​ទាំង …

ខេត្តព្រៃវែង ៖ វា​ជា​រឿង​ហួសវិស័យ​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ប៉ុន្តែ​វា​បាន​កើតឡើង​រួច​ទៅ​ហើយ ដែល​ប្តី​មាន​អាយុ​តិច​ជាង​ប្រពន្ធ​រហូត​ដល់​ទៅ​២០​ឆ្នាំ ហើយ​ថែម​ទាំង​ប្តី​ស្រលាញ់​ស្ម័គ្រស្មោះ​ជាមួយ​ប្រពន្ធ​រហូត​ឈឺចិត្ត​ស្អិត​ទ្រូង​ដោយសារ​តែ​ដឹង​ថា ប្រពន្ធ​ចំណាស់​របស់​ខ្លួន​លួច​មាន​ប្រុស​ថ្មី ដល់​ថ្នាក់​លែង​ចង់​រស់ បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចាក់​សាំង​ដុត​ប៉ង​សម្លាប់​ខ្លួនឯង​ដ៏​គួរ​ឲ្យ​រន្ធត់​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​ខាង​មុខ​ផ្ទះ​ប្រពន្ធ​ខ្លួនឯង​ដែល​ស្ថិត​ក្នុងភូមិ​តា​ប្រុយ ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

បុរស​ខូចចិត្ត​ខាងលើ​ឈ្មោះ សុខ ដា​រ៉ា អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​ក្តី​តា​កុយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ឆេះ​រលាក​រលេះរលួយ​ខ្លួនប្រាណ​រង​របួស​ធ្ងន់ធ្ងរ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ពិន តុលា អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។

ប្រភព​ពី​អ្នកស្រុក​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ពិន តុលា ទោះបីជា​មាន​អាយុ​ច្រើន​ក៏​ពិតមែន ប៉ុន្តែ​សាច់​គាត់​នៅ​ចាំ ហើយ ចូល​ចិត្ត​តែងខ្លួន​ស្អាត ពេល​តែងខ្លួន​ម្តង​ៗ​សម្រស់​គឺ​មិន​ចាញ់​ស្ត្រី​វ័យ​៣០​ស្តើង​ប៉ុន្មាន​ទេ ហេតុនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​នៅ​អាឡោះអាល័យ​បែប​នេះ ។

ទាក់ទិន​នឹង​ហេតុការណ៍​ដុត​សម្លាប់​ខ្លួន​របស់​បុរស​ជា​ប្តី​នោះ ត្រូវ​បាន​ខាង​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​នេះ​បាន​លែងលះ​គ្នា​១​ឆ្នាំ​ហើយ ដោយ​ភាគី​ខាង​ប្រុស​រស់នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្តកណ្តាល ចំណែក​ខាង​ស្រី​រស់នៅ​ក្នុងផ្ទះ​កើតហេតុ ហើយ​តាម​ការ​និយាយ​ត​ៗ​គ្នា​ពី​មាត់​អ្នកស្រុក​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​ជា​ប្រពន្ធ​បាន​ទាក់ទង​មាន​ស្នេហា​ជាមួយ​បុរស​ម្នាក់​ផ្សេង​ទៀត​ច្រើន​ខែ​មក​ហើយ ហើយ​ពេល​ជន​រង​គ្រោះជា​ប្តី​ដឹង​ក៏​តាម​មក​រក​នៅផ្ទះ​ប្រពន្ធ តែ​មិន​បាន​ជួប​ប្រពន្ធ​ទេ ហើយ​រូបគេ​បាន​រង់ចាំ​ប្រពន្ធ​តាំងពី​ក្បាល​ល្ងាច​រហូត​ដល់​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ​មិនឃើញ​ប្រពន្ធ​មក​ផ្ទះ​ទៀត ទើប​ឈឺចិត្ត​ស្អិត​ទ្រូង​លែង​ចង់​រស់ ហើយ​ក៏​ទិញ​សាំង​យក​ទៅ​ចាក់​ដុត​សម្លាប់​ខ្លួនឯង​នៅ​ខាង​មុខ​ផ្ទះ​របស់​ប្រពន្ធ​តែ​ម្តង ដើម្បី​បញ្ជាក់​ពី​ចិត្ត​ស្មោះ​ចំពោះ​ប្រពន្ធ ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​អ្នកស្រុក​ឃើញ​ទាន់ ហើយ​ក៏​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រៃ​ពោន​សហការ​គ្នា​ចូល​ទៅ​ជួយ​ពន្លត់ភ្លើង រួច​ហៅ​រថយន្ត​សង្គ្រោះ ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្របែក​ភ្លាម​ៗ​តែ​ម្តង ។

ប្រភព​មួយ​ផ្សេង​ទៀត​ពី​អ្នកស្រុក​បាន​អះអាង​បញ្ជាក់​ថា បុរស​ជា​ប្តី​ត្រឡប់​មក​រកប្រពន្ធ​វិញ​គឺ​ដោយសារ​បានដឹង​ថា ស្ត្រី​ជា​ប្រពន្ធ បាន​សែនព្រេន​ជាមួយ​បុរស​ម្នាក់​ផ្សេង​ទៀត ទើប​រូបគេ​ខឹង ហើយ​មក​តាម​រក​ដើម្បី​រារាំង​ហាមឃាត់​ប្រពន្ធ ប៉ុន្តែ​ពេល​មក​ដល់​រកប្រពន្ធ​មិនឃើញ ទើប​ខូចចិត្ត​អស់សង្ឃឹម ក៏​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចាក់​សាំង​ដុត​សម្លាប់​ខ្លួន​តែ​ម្តង​ទៅ តែ​ទោះជា​គេ​ចង់​ស្លាប់​ឬ​រស់​យ៉ាងណា​ក៏​ស្ត្រី​ជា​ប្រពន្ធ​គេ​មិន​ខ្វល់ មិន​មក​មើល​ដែរ ព្រោះ​គេ​មាន​ប្តី​ថ្មី​ហើយ ។

សមត្ថកិច្ច​បញ្ជាក់​ថា ពេល​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក ក្រុម​គ្រូពេទ្យ​បាន​ខំប្រឹង​ធ្វើការ​ជួយ​សង្គ្រោះ​យ៉ាង​អស់ពី​លទ្ធភាព​ហើយ ប៉ុន្តែ​ស្ថានភាព​ជន​រង​គ្រោះ​ហាក់​នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ណាស់ ទើបត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​ភ្នំពេញ​ទៀត ប៉ុន្តែ​មើលទៅ​ហាក់​គ្មាន​សង្ឃឹម​នោះ​ទេ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​វិញ គឺ​តាំងពី​កើតហេតុ​រហូត​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​វត្តមាន​របស់​មក​មើល​ប្តី​នៅឡើយ​ទេ ហើយ​ក៏​មិនឃើញ​នៅ​ក្នុង​ស្រុកភូមិ​ដែរ ទំនងជា​ទៅ​នៅ​ជាមួយ​ប្រុស​ថ្មី​នោះ​ហើយ​មើលទៅ ៕