ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Trump បដិសេធ​នឹង​គម្រោង​អចលនទ្រព្យ​នៅ​ឌូ​បៃ តម្លៃ​2​ប៊ី​លាន​ដុល្លារ

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​ថា លោក​ត្រូវ​បាន​ស្នើ​ឲ្យ​សហការ​ក្នុង​គម្រោង​តម្លៃ​២​ប៊ី​លាន​ដុល្លារ​នៅ​ឌូ​បៃ ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ ប៉ុន្តែ​

សហរដ្ឋអាមេរិក ៖ លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​ថា លោក​ត្រូវ​បាន​ស្នើ​ឲ្យ​សហការ​ក្នុង​គម្រោង​តម្លៃ​២​ប៊ី​លាន​ដុល្លារ​នៅ​ឌូ​បៃ ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ ប៉ុន្តែ​លោក​បាន​បដិសេធ ព្រោះ​លោក​មិន​ចង់​ឲ្យ​មាន ជម្លោះ​ផលប្រយោជន៍ បន្ទាប់​ពី​ការ​បោះ ឆ្នោត​។

លោក​បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​ថា ៖ « កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ ខ្ញុំ​ត្រូវ​បាន​ស្នើ​ឲ្យ​សហការ​ក្នុង​គម្រោង​មួយ​តម្លៃ​២​ប៊ី​លាន​ដុល្លារ​នៅ​ឌូ​បៃ ជាមួយ​បុរស​ដ៏​ល្អ​អស្ចារ្យ​ម្នាក់​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​មជ្ឈិម​បូព៌​៌ា ។ ខ្ញុំ​បាន​បដិសេធ​នឹង​លោក ទោះជា​ខ្ញុំ​មិន​ចាំបាច់​ត្រូវ​បដិសេធ​ក៏​ដោយ » ។

បុរស​ដែល​លោក Trump បាន​និយាយ​ដល់​នោះ គឺ​លោក Hussain Sajwani ជា​អគ្គនាយក​របស់​ក្រុមហ៊ុន Damac Properties Dubai Co ។ ក្រុមហ៊ុន​នេះ​មាន​គម្រោង​អភិវឌ្ឍន៍​កន្លែង​វាយ​កូន​ហ្គោ​ល​ចំនួន​២ ជាមួយ​លោក Trump នៅ​ឌូ​បៃ ដែល​បាន​រក​ចំណូល​ដល់​លោក​ប្រមាណ​១០​លាន​ដុល្លារ​ឯណោះ​ក្នុង​ឆ្នាំ​២០១៥ និង​ដើមឆ្នាំ​២០១៦ ។
អ្នកនាំពាក្យ​របស់ Damac លោក Niall McLoughlin និយាយ​ថា​៖ « ក្រុមហ៊ុន Damac បញ្ជាក់​ថា ការ​ពិភាក្សា​គ្នា​ពិតជា​មាន​មែន ប៉ុន្តែ​វា​ត្រូវ​បាន​បដិសេធ​ដូចដែល​លោក Trump បាន​និយាយ » ។

គួរ​បញ្ជាក់​ថា លោក Sajwani និង​ក្រុម​គ្រួសារ​របស់​លោក​បាន​ចូលរួម​ក្នុង​ពិធីជប់លៀង​ឆ្លង​ឆ្នាំ នៅ​រមណីយដ្ឋាន Mar-a-Lago ក្នុង​រដ្ឋ Florida របស់​លោក Trump ផង​ដែរ ដោយ​លោក Trump បាន​កោតសរសើរ​ដល់​ដៃគូ​ពាណិជ្ជកម្ម​រូប​នេះ​មក​ពី​ឌូ​បៃ ។ វា​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​ទីនោះ​ជា​កន្លែង​ដែល​លោក​ទាំង​ពីរ​បាន​ពិភាក្សា​ពី​រឿង​គម្រោង​អចលនទ្រព្យ​បន្ថែម ។

លោក Trump បាន​ប្រកាស​ពី​គម្រោង​ជាមួយ​ក្រុមហ៊ុន Damac ដំបូង​ក្នុង​ឆ្នាំ​២០១៤ ជាមួយ​ផែនការ​លក់​វីឡា​ប្រណីត​ប្រមាណ​១០០​ខ្នង​នៅ​ជុំវិញ​ទីលាន​វាយ​កូន​ហ្គោ​ល​របស់​លោក Trump ដែល​នឹង​ចាប់​បើក​ដំណើរការ​ក្នុងឆ្នាំនេះ ។ ទីលាន​វាយ​កូន​ហ្គោ​ល​ទី​២​របស់​លោក Trump និង​ក្រុមហ៊ុន Damac កំពុង​ត្រូវ​បាន​ច្នៃ​ម៉ូ​ដ​ដោយ​លោក Tiger Woods ផង​ដែរ ។

លោក Trump បន្ត​ទៀត​ថា ៖ « ខ្ញុំ​គ្មាន​ស្ថានភាព​ជម្លោះ​ផលប្រយោជន៍​ព្រោះតែ​ខ្ញុំ​ជា​ប្រធានាធិបតី​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ទាញ​យក​ផលប្រយោជន៍​ពី​អ្វីមួយ​ឡើយ » ៕