ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

The Bridge ប្រកាស​លក់​គម្រោង​ផ្ទះ​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គម្រោង​អគារ​ខុន​ដូ ការិយាល័យ និង​ផ្សារ​ទំនើប The Bridge ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Oxley World Bridge និង​ទើប​ប្រកាស​បញ្ចប់​ការ​សាងសង់​គ្រោង​អគារ​ទាំងមូល​កាលពី​ពេល​ថ្មី​ៗ​នេះ

រាជធានី​ភ្នំពេញ ៖ គម្រោង​អគារ​ខុន​ដូ ការិយាល័យ និង​ផ្សារ​ទំនើប The Bridge ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Oxley World Bridge និង​ទើប​ប្រកាស​បញ្ចប់​ការ​សាងសង់​គ្រោង​អគារ​ទាំងមូល​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​លក់​គម្រោង​ផ្ទះ​ពាណិជ្ជកម្ម (Shop house) នៅ​ជាន់​ផ្ទាល់​ដី និង​គម្រោង​ផ្សារ​ទំនើប​របស់​ខ្លួន​ហើយ​កាលពី​ថ្ងៃ​ទី​១៣ មក​រា ម្សិលមិញ ។

លោក​ឧកញ៉ា សៀ ឫ​ទ្ធី ប្រធាន​ក្រុមប្រឹក្សា​ក្រុមហ៊ុន World Bridge បាន​មាន​ប្រសាសន៍​ថា ដោយសារ​តែ​គម្រោង​សាងសង់​អគារ The Bridge បញ្ចប់​ទៅ​តាម​ផែនការ​នោះ ធ្វើ​ឱ្យ​ក្រុមហ៊ុន និង​អតិថិជន​មានការ​ត្រេកអរ ។ ដូចនេះ​ហើយ​ក្រុមហ៊ុន​ក៏​បាន​ប្រកាស​លក់​គម្រោង​ផ្ទះ​ពាណិជ្ជកម្ម​នៅ​ក្នុង​គម្រោង​អគារ The Bridge នៅ​ពេល​នេះ ហើយ​ក៏​នឹង​ចាប់ផ្ដើម​ទទួល​ការ​កក់​ពី​អតិថិជន​នូវ​គម្រោង​ផ្សារ​ទំនើប​មួយ​របស់ The Bridge ផង​ដែរ ។ លោក​មាន​ប្រសាសន៍​ថា ៖ « នៅ​ក្នុងឆ្នាំនេះ អគារ The Bridge របស់​យើង​នឹង​ចាប់ផ្ដើម​សាងសង់​ដេ​គ័​រ​ផ្នែក​ខាងក្នុង និង​សង្ឃឹមថា នៅ​ក្នុង​ឆ្នាំ​ក្រោយ​អតិថិជន​នឹង​អាច​ចូល​កាន់កាប់​អគារ​របស់​ខ្លួន ដែល​បាន​ទិញ ។ បន្ថែម​លើ​នោះ ក្រុមហ៊ុន​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​លក់​ផ្ទះ​ជាន់​ក្រោម​ដែល​មាន​២​ជាន់ ចំនួន​៣១​ផ្ទះ » ។

លោក​បន្ត​ថា លក្ខណៈ​ពិសេស​របស់​ផ្ទះ​ជាន់​ក្រោម​នៃ​អគារ The Bridge គឺ​ខាងក្រោយ​ជាប់​នឹង​ផ្លូវ​ធំ និង​ខាង​មុខ​បែរ​ទៅ​រក​ផ្សារ ដែល​ជា​ផ្សារ​របស់​ក្រុមហ៊ុន​សាងសង់​ផ្ទាល់​ផង​ដែរ ហើយ​ប្រកាស​លក់​ជូន​អតិថិជន​មាន​បំណង​ចង់បាន​ផ្សារ​សម្រាប់​ធ្វើ​អាជីវកម្ម ។ ដូចនេះ អតិថិជន​អាច​មក​មើល​ទីតាំង​ផ្ទះ និង​ផ្សារ​ដែល​ក្រុមហ៊ុន​ប្រកាស​លក់​នៅ​ពេល​ឆាប់​ៗ​នេះ ។ លោក​និយាយ​ថា ៖ « ចំពោះ​ផ្សារ​ដែល​ក្រុមហ៊ុន​បើក​លក់​នោះ​គឺ​នៅ​ជាន់​ទី​២​និង​ទី​៣ ក្រុមហ៊ុន​នឹង​ធានា​ជូន​អតិថិជន​ក្នុងអំឡុងពេល​៥​ឆ្នាំ​ដំបូង ផ្ដល់​ជូន​វិញ​ក្នុង​មួយ​ឆ្នាំ​៦% ហើយ​រយៈពេល​៥​ឆ្នាំ​បន្ទាប់ នឹង​ផ្ដល់​ជូន​៧%​ក្នុង​មួយ​ឆ្នាំ ។ នេះ​សម្រាប់​អតិថិជន ឬ​វិនិយោគិន​ណា​ដែល​សល់​លុយ​ទិញ​គម្រោង​នេះ​ហើយ​ជួល​មក​ឱ្យ​ក្រុមហ៊ុន​វិញ ។ ដូចនេះ គ្រាន់តែ​អតិថិជន​ទិញ​ហើយ​ជួល​មក​ក្រុមហ៊ុន​វិញ​ក្នុង​រយៈពេល​១០​ឆ្នាំ អតិថិជន​អាច​រក​ប្រាក់​ចំណូល​បាន​ស្ទើរតែ​ស្មើនឹង​តម្លៃ​ទិញ​ទៅ​ហើយ ។ ដូចនេះ គាត់​នឹង​ចំណេញ​ច្រើន ព្រោះ​បាន​ទាំង​លុយ​ហើយ គាត់​នៅ​សល់​តូប​ក្នុង​ផ្សារ​ដដែល » ។

លោក​ឧកញ៉ា​បន្ថែម​ថា ចំពោះ​តម្លៃ​ផ្ទះ​ពាណិជ្ជកម្ម​នៃ​គម្រោង The Bridge គឺ​ចាប់ពី​១​លាន​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ និង​អាច​ធ្វើ​អាជីវកម្ម​បាន​ស្ទើរតែ​២៤​ម៉ោង ហើយ​តម្លៃ​ផ្សារ​ទំនើប​វិញ គឺ​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ប៉ុន្តែ​បើសិនជា​អតិថិជន​ទិញ​ហើយ​នោះ​អាច​ធ្វើ​អាជីវកម្ម​ដោយ​ផ្ទាល់ខ្លួន ឬ​ក៏​ជួល​ត្រឡប់​មក​ឱ្យ​ក្រុមហ៊ុន រួច​ក្រុមហ៊ុន​នឹង​ជួល​ត្រឡប់​ទៅ​អតិថិជន​ផ្សេង​ជំនួស​វិញ ដោយ​អតិថិជន​ដែល​ទិញ​គម្រោង​ផ្សារ​នោះ រង់​ចាំតែ​យក​ប្រាក់​ឈ្មួ​ល​ស្រាប់ ។

លោក​ឧកញ៉ា​បញ្ជាក់​ថា រាល់​គម្រោង​ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​របស់​លោក ត្រូវ​មាន​ស្តង់ដា​ត្រឹមត្រូវ ដោយ​មាន​អ្នក​សាងសង់​ផ្សេង អ្នកលក់​ផ្សេង មិនមែន​អ្នក​អភិវឌ្ឍន៍ អ្នក​សាងសង់ និង​អ្នកលក់​ជា​មនុស្ស​តែ​មួយ​ទេ គឺ​ត្រូវ​ប្រគល់​ការងារ​ដាច់​ដោយឡែក និង​ត្រូវ​រក​អ្នកជំនាញ​ដើម្បី​ធ្វើ​ការងារ​នីមួយ​ៗ ។ លោក​ឧកញ៉ា​បញ្ជាក់​ថា ៖ « រាល់​គម្រោង​របស់​យើង​ខុស​ពី​គម្រោង​ផ្សេង​ៗ​មួយ​ចំនួន យើង​អ្នក​អភិវឌ្ឍន៍ យើង​មិន​មាន​ជំនាញ​សាងសង់​ទេ ។ ដូចនេះ ត្រូវ​ប្រគល់​ការងារ​សាងសង់​ទៅ​ឱ្យ​ក្រុមហ៊ុន​ជំនាញ​ជា​អ្នក​សាងសង់ ហើយ​យើង​ក៏​គួរតែ​ប្រគល់​ការ​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ដែល​មាន​ជំនាញ​លក់​ជា​អ្នកលក់​ជំនួស​វិញ ដោយ​គ្រាន់តែ​យើង​ចាំ​តាមដាន​ពិនិត្យ​មើល​បាន​ហើយ ថា​តើ​ក្រុមហ៊ុន​ទាំងនោះ​ធ្វើ​ទៅ​តាម​ការ​ចង់បាន​របស់​យើង​ដែរ​ឬទេ » ៕