ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​លំនៅ​ឋាន​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ជាង​400​ទីតាំង​ក្លាយជា​ភោជនីយដ្ឋាន និង​ក្លិប​កម្សាន្ដ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សំណង់​លំនៅ​ឋាន​ដែល​ចាត់​ទុក​ថា ជា​សំណង់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ក្នុង​តំបន់​ក្បែរ​ៗ​ព្រះ​បរមរាជវាំង និង​តំបន់​វត្ត​ភ្នំ​នោះ ពេល​នេះ​ត្រូវ​បាន​គេ​កែ​ច្នៃ​ឲ្យ​ក្លាយជា​ភោជនីយដ្ឋាន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សំណង់​លំនៅ​ឋាន​ដែល​ចាត់​ទុក​ថា ជា​សំណង់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ក្នុង​តំបន់​ក្បែរ​ៗ​ព្រះ​បរមរាជវាំង និង​តំបន់​វត្ត​ភ្នំ​នោះ ពេល​នេះ​ត្រូវ​បាន​គេ​កែ​ច្នៃ​ឲ្យ​ក្លាយជា​ភោជនីយដ្ឋាន ឬ​ក្លិប​កម្សាន្ដ​ស្ទើរ​អស់​ទៅ​ហើយ ។

សំណង់​ទាំងនោះ គួរតែ​មាន​ក្រសួង ស្ថាប័ន​ដែល​ពាក់ព័ន្ធ ឬ​សមត្ថកិច្ច​ជំនាញ​រួម​គ្នា​អភិរក្ស និង​ថែរក្សា​ឲ្យ​បាន​គង់វង្ស ទុកជា​កេរ​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ​ពី​ស្នាដៃ​បុព្វបុរស​ខ្មែរ​ជំនាន់​ដើម ។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៣ បាន​ឲ្យ​ដឹង​ថា សំណង់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​៥២៣​ទីតាំង ក្នុង​នោះ​មាន​សំណង់​បេតិកភណ្ឌ​ដែល​ត្រូវ​បាន​ចាត់ជា​ចំណាត់ថ្នាក់ គឺ​ចំណាត់ថ្នាក់​លេខ​១​មាន​៣៤​ទីតាំង ចំណាត់ថ្នាក់​លេខ​២​មាន​២៤​ទីតាំង និង​ចំណាត់ថ្នាក់​លេខ​៣ មាន​ចំនួន​១៧​ទីតាំង ។ ចំណែកឯ​ចំណាត់ថ្នាក់​លេខ​៤ គឺ​សំណង់​លំនៅ​ឋាន​ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ មាន​ចំនួន​៤៤៨​ទីតាំង ។

ទាក់ទិន​នឹង​របាយការណ៍​នេះ មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​រយៈ​ទូរស័ព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ មក​រា ថា កន្លង​មក អាជ្ញា​ធរ​រាជធានី​ភ្នំពេញ ដោយ​មាន​កិច្ចសហការ​ពី​ក្រុម​អ្នកជំនាញ​ឯកទេស​បារាំង បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ទៅ​លើ​សំណង់​បេតិកភណ្ឌ និង​សំណង់​ប្រវត្តិសាស្ត្រ​នៅ​រាជធានី​ភ្នំពេញ ។

មន្ត្រី​ដដែល​បញ្ជាក់​ថា ៖ « តាម​ការ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​នោះ យើង​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តី​ពី​កិច្ចការ​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ឆ្នាំ​១៩៩៦ គឺ​ច្បាប់​បាន​កំណត់​មាន​ពីរ​គឺ ១-​ស្នាដៃ​របស់​មនុស្ស ឬ​ធម្មជាតិ ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ ជា​សិល្បៈ សាសនា វិទ្យាសាស្ត្រ ហើយ​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​វប្បធម៌​របស់​សង្គម និង​២-​អាយុកាល​ចាប់ពី​៥០​ទៅ​១០០​ឆ្នាំ​ឡើង តែ​ក្នុង​នោះ​ត្រូវ​និយាយ​អំពី​សម័យកាល ដែល​ចែក​ជា​៤ គឺ​សម័យ​បុរេប្រវត្តិសាស្ត្រ​, សម័យ​មុន​អង្គរ ពី​សតវត្សរ៍​ទី​១ ដល់​ចុង​សតវត្សរ៍​ទី​៨, សម័យ​អង្គរ ចាប់ពី​សតវត្សរ៍​ទី​៩ ដល់​សតវត្សរ៍​ទី​១៥ និង​សម័យ​ក្រោយ​អង្គរ ពី​សតវត្សរ៍​ទី​១៥ រហូត​ដល់​បច្ចុប្បន្ន » ។

មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​រាប់​បញ្ចូល​ជា​សំណង់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​នោះ អាច​មិន​គិត​ពី​អាយុកាល​មាន​ដូច​ជា ៖ សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង មាន​អាយុកាល​មិន​ដល់​៥០​ឆ្នាំ​នោះ​ទេ តែ​វា​ជា​តឹកតាង​ប្រវត្តិសាស្ត្រ ។ ចំណែកឯ​សំណង់ផ្ទះ​ចាស់​ពី​សម័យ​អាណានិគម​បារាំង ដែល​មាន​អាយុកាល​ប្រហែល​ពី​៧០​ទៅ​៨០​ឆ្នាំ តែ​មិន​អាច​រក្សា​បាន ព្រោះ​វា​ជា​សំណង់​ឯកជន ។

លោក​បញ្ជាក់​ទៀត​ថា ៖ « បច្ចុប្បន្ន​នេះ សំណង់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​មានការ​បាត់បង់​មួយ​ចំនួន​តូច គឺ​នៅ​សល់​តែ​ជាង​៤០០​ទីតាំង​តិចតួច ដែល​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ជំនាញ​​មិន​អាច​គ្រប់គ្រង​ឬ​ធ្វើការ​អភិរក្ស​បាន ព្រោះ​ជា​សំណង់​ឯកជន ដោយ​ម្ចាស់​សំណង់​ខ្លះ​មានការ​ជួសជុល និង​លាបថ្នាំ​ប្តូរ​ថ្មី ហើយ​អ្នកខ្លះ​ទៀត​បាន​វាយ​សំណង់​នោះ​ចោល រួច​សាងសង់​ថ្មី​តែ​ម្តង​។ នៅ​ពេល​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ទៅ​ឃាត់ ម្ចាស់​សំណង់​និយាយ​ថា បើ​មិន​ឲ្យ​ជួសជុល​ឬ​សាងសង់​ថ្មី នៅ​ពេល​សំណង់​ចាស់​នេះ​បាក់​ឬ​ស្រុត​បង្ក​ឲ្យ​ស្លាប់​មនុស្ស តើ​អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ? បញ្ហា​នេះ​ហើយ​ដែល​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​ដោះស្រាយ ឬ​ឆ្លើយ​តប​តែ​ម្តង ណាមួយ​យើង​មិន​ទាន់​មានច្បាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយ » ។

ចំណែក​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ដែរ​ថា ៖ « ការ​វាយតម្លៃ​ទៅ​លើ​សំណង់​បេតិកភណ្ឌ និង​សំណង់​ប្រវត្តិសាស្ត្រ​នៅ​រាជធានី​ភ្នំពេញ​នោះ ត្រូវ​ផ្អែក​ទៅ​លើ​គោលការណ៍​៤​ចំណុច​គឺ ១-​ត្រូវ​គិត​ពី​ប្រវត្តិសាស្ត្រ ឬ​អាយុកាល​នៃ​អគារ ។ ២-​ស្ថាបត្យកម្ម​នៃ​អគារ​ល្អ​ឬ​ក៏​អត់? ៣-​លក្ខណៈ​នគរូប​នីយ​កម្ម តើ​ការ​សាងសង់​លើ​ទីតាំង​ល្អ​ដែរ​ឬទេ  និង​៤-​ត្រូវ​គិត​ពី​វប្បធម៌​ប្រទេស​ណាមួយ​មាន​លក្ខណៈ​ល្អ​ឬ​ក៏​អត់ ដែល​ទាក់ទង​ទៅ​នឹង​វប្បធម៌ និង​ប្រជាជន​នោះ » ។

ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​មើលឃើញ​ថា សំណង់​លំនៅ​ឋាន​ដែល​គេ​រាប់​បញ្ចូល​ថា ជា​សំណង់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​នោះ ជា​ពិសេស នៅ​តំបន់​ក្បែរ​ៗ​ព្រះ​បរមរាជវាំង និង​តំបន់​វត្ត​ភ្នំ ត្រូវ​បាន​គេ​កែ​ច្នៃ ឬ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន និង​ក្លិប​កម្សាន្ដ​ស្ទើរ​អស់​ទៅ​ហើយ ជា​ពិសេស សម្រាប់​ជនបរទេស ។ 

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា ៖ « ចំពោះ​សំណង់​លំនៅ​ឋាន​ជាង​៤០០​ទីតាំង​ដែល​ចាត់ទុកជា​សំណង់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​អាច​គ្រប់គ្រង​បាន​ទេ ពីព្រោះ​សំណង់​ទាំងនេះ​មិន​ទាន់​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ជា​ផ្លូវការ​នៅឡើយ ហើយ​សំណង់​ទាំងនោះ​មួយ​ចំនួន​ធំ គឺជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ស្ទើរ​អស់​ទៅ​ហើយ ។ ម្យ៉ាងទៀត សំណង់​មួយ​ចំនួន​ក៏​បាន​បាត់​រូបរាង​ជា​បណ្តើរ​ៗ​ហើយ​ដែរ គឺ​ខ្លះ​បាន​វាយ​កម្ទេច​ចោល​រួច​សុំ​សាងសង់​ថ្មី ខ្លះ​បាន​ជួសជុល​ឬ​កែសម្រួល​ឲ្យ​ក្លាយទៅជា​ហាង​ផឹកស៊ី និង​ក្លិប ដែល​ភាគច្រើន​ជួល​ទៅ​ឲ្យ​ជនបរទេស​តែ​ម្តង » ៕