ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង​៧​យប់​នេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ស្វី​ស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៥ មក​រា​នេះ ដើម្បី​អញ្ជើញ​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៥ មក​រា​នេះ ដើម្បី​អញ្ជើញ​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០១៧ ដែល​តាម​គម្រោង​នឹង​ប្រព្រឹត្ត​ធ្វើ​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២០ មក​រា នៅ​ទីក្រុង​ដា​វ៉ូស ក្លូ​ស្ទ័​រ​ប្រទេស​ស្វី​ស ។

​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំឆ្នាំ​គឺជា​ការ​ជួបជុំ​ថ្នាក់ដឹកនាំ​ពិភពលោក​កម្រិត​ខ្ពស់​បំផុត​ពី​រដ្ឋាភិបាល អ្នកជំនួញ អ្នក​ស្រាវជ្រាវ សង្គម​ស៊ី​វិល​និង​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ ដែល​ប្រព្រឹត្ត​ទៅ​នៅ​រៀង​រាល់​ដើមឆ្នាំ ដើម្បី​កំណត់​របៀបវារៈ​ពិភពលោក តំបន់ និង​ឧស្សាហកម្ម ។

សេចក្តី​ជូន​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​ប្រទេស​ស្វី​ស​ជា​ម្ចាស់ផ្ទះ​នេះ នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធានបទ «​ការ​រៀបចំ​ប្រ​ព័​ន្ឋ​ពិភពលោក​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់​នៃ​នយោបាយ​និង​សេដ្ឋកិច្ច​» ។ នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០១៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​ក្រោយ​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​នានា​ដែល​មាន​ប្រធានបទ​ចំនួន​០៨ និង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​សាស្ត្រ​ចា​រ្យ ក្លូ​ស ស្វា​ប់ ស្ថាបនិក​និង​ជា​ប្រធាន​ប្រតិបត្តិ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ព្រមទាំង​ជាមួយ​បណ្តា​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​មួយ​ចំនួន​ផង​ដែរ ។

បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា​នេះ បាន​បញ្ជាក់​ថា «​ការ​ចេញ​ទៅ​បំពេញការងារ​ក្រៅប្រទេស​លើក​នេះ​ហាក់ដូចជា​យូរថ្ងៃ​បន្តិច តែ​នេះ​ជា​ការ​ចាំបាច់​។ ឆ្នាំ​នេះ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​អំពី​អាស៊ាន​នឹង​ធ្វើ​នៅ​កម្ពុជា​ក្នុង​អំឡុង​ខែឧសភា​។ ដូចនេះ វត្តមាន​របស់ខ្ញុំ​ក្នុង​ការ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដា​វ៉ូស​នៃ​ប្រទេស​ស្វី​ស​គឺជា​ការ​ចាំបាច់ ។ ខ្ញុំ​និង​គណៈប្រតិភូ នឹង​ចាក​ចេញពី​កម្ពុជា​នៅ​ម៉ោង​៧​ល្ងាច​នេះ​ឆ្ពោះទៅ​កាន់​ហុងកុង បន្ទាប់​មក​ប្តូរ​យន្តហោះ​បន្តដំណើរ​ទៅ​កាន់​ទីក្រុង Zurich មុន​នឹង​ធ្វើ​ដំណើរ​តាម​រថយន្ត​ទៅ​កាន់​កន្លែង​ប្រជុំ​នាទី​ក្រុង​ដា​វ៉ូស​នៃ​ប្រទេស​ស្វី​ស ។​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​នា​ពេល​នេះ ធាតុអាកាស​ត្រជាក់​ខ្លាំង ហើយ​សំរាប់​ប្រទេស​ស្វី​ស​ខុស​គ្នា​ជាមួយ​កម្ពុជា​យើង​៦​ម៉ោង​ដែល​ធ្វើ​ឱ្យ​យើង​លំបាក​ទ្រាំ​បន្តិច​។ ក្រៅពី​កិច្ចការ​ក្នុង​វេទិកា សេដ្ឋកិច្ច​ពិភពលោក ខ្ញុំ​ក៏​មាន​គំរោង​ជួប​សំណេះសំណាល​ផង​ដែរ​ជាមួយ​បងប្អូន​ខ្មែរ​យើង​ដែល​កំពុង​រស់នៅ​ប្រទេស​ស្វី​ស​។​» ៕