ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2016​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្វាយ​រៀង​ស្លា.ប់​58​នាក់ របួស​600​នាក់

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ នៅ​ខេត្តស្វាយរៀង​មាន​មនុស្ស​ស្លា.ប់​៥៨​នាក់ និង​ជាង​៦០០​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​-​ស្រាល​ដោយ​គ្រោះថ្នាក់​ចរាច​ណ៍​ក្នុង​ឆ្នាំ​២០១៦

ខេត្តស្វាយរៀង ៖ នៅ​ខេត្តស្វាយរៀង​មាន​មនុស្ស​ស្លាប់​៥៨​នាក់ និង​ជាង​៦០០​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​-​ស្រាល​ដោយ​គ្រោះថ្នាក់​ចរាច​ណ៍​ក្នុង​ឆ្នាំ​២០១៦ ដែល​តាម​តួលេខ​នេះ គឺ​គ្រោះថ្នាក់​ចរាច​ណ៍​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៥​ចំនួន​៣២​លើក ។ នេះ​បើ​យោង​តាម​មន្ត្រី​ចរាចរណ៍​ខេត្ត​បានឱ្យ​ដឹង​កាលពី​ថ្មី​ៗ​នេះ ហើយ​ដើម្បី​បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​លោក​អភិបាលខេត្ត​បង្កើត​បាន​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ចុះ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព ។

បើ​តាម​មន្ត្រី​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មក​រា ២០១៧​ថា ក្នុង​ឆ្នាំ​២០១៦ នៅ​ទូ​ទាំង​ខេត្ត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១៧៧​លើក បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ មានការ​កើនឡើង​ចំនួន​៣២​លើក ស្មើនឹង​១៨%  ក្នុង​នោះ​បង្ក​ឱ្យ​មនុស្ស​ចំនួន​៥៨​នាក់​ស្លាប់ និង​ជាង​៦០០​នាក់​ផ្សេង​ទៀត បាន​រង​របួសធ្ងន់​-​ស្រាល ។ កត្តា​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង ដោយសារ​អ្នកបើកបរ​ប្រើប្រាស់​ល្បឿន​លឿន​ចំនួន​៤៧​លើក បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព​ចំនួន​៤៧​លើក បើកបរ​មិន​មើល​ឆ្វេង​ស្តាំ​២២​លើក បើកបរ​មិន​ប្រកាន់​ស្តាំ​២២​លើក បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​២០​លើក បើកបរ​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​១៧​លើក និង​បើកបរ​ក្នុង​ស្ថានភាព​សុខភាព​មិនល្អ​២​លើក ។ ក្នុង​នោះ​បាន​កើតឡើង​នៅ​ក្រុង​បា​វិត​ចំនួន​៤៨​លើក ក្រុង​ស្វាយ​រៀង​៤៥​លើក ស្រុក​រមាស​ហែក​២៣​លើក ស្រុក​ស្វាយ​ជ្រំ​២០​លើក ស្វាយ​ទាប​១៧​លើក រំដួល​១០​លើក កំពង់​រោទ៍​៨​លើក និង​ស្រុក​ច​ន្ទ្រា​៦​លើក និង​ធ្វើ​ឱ្យ​មធ្យោបាយ​យានយន្ត តូច ធំ កង់ និង​ម៉ូតូ ខូចខាត ជិត​៣០០​គ្រឿង ។

មន្ត្រី​ចរាចរណ៍​រូប​នេះ​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​រយៈពេល​១​ឆ្នាំ​២០១៦​នេះ ក្រុមការងារ​ចម្រុះ​របស់​ខេត្ត​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ចរាចរណ៍​ដល់​ក្រុម​បើកបរ​ដឹក​ជញ្ជូន​នៅ​តាម​តំបន់ រោងចក្រ សហគ្រាស សាលារៀន និង​គ្រឹះស្ថាន​នានា​បាន​ចំនួន​៨៧​លើក មាន​អ្នកចូលរួម​ស្តាប់ និង​ទទួល​ប័ណ្ណ​ព័ត៌មាន​ដើម្បី​រៀនសូត្រ​បឋម​ស្តី​ពី​ការ​បើកបរ​ជិត​២​ម៉ឺន​នាក់​ផង​ដែរ ហើយ​បាន​បន្ត​ចុះ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​១ ចាប់ពី​ផ្សារ​ក្រោលគោ​ស្រុក​ស្វាយ​ជ្រំ រហូត​ដល់​ក្រុង​បា​វិត​ជា​ពិសេស​អនុវត្ត​ទៅ​លើ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ គឺ​ចាប់​អនុវត្ត​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១១ មក​រា ដល់​ថ្ងៃ​១៤ មក​រា ២០១៧ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​អនុវត្ត​តាម​ផែនការ​លេខ​០០១ ចុះ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៧ ស្តី​ពី​ការ​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍ នៅ​ក្រុង​បា​វិត និង​ក្រុង​ស្វាយ​រៀង​រយៈពេល ៣​ថ្ងៃ របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​មាន​លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​ដឹកនាំ​, លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ចុះ​ដឹកនាំ​បញ្ជា​កងកម្លាំង​ផ្ទាល់ សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ត​ខេត្ត ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ រថយន្ត​ដឹក​កម្មករ រថយន្ត​ដឹក​អ្នកដំណើរ រថយន្ត​ទេសចរណ៍ លើ​ទ្រូងផ្លូវ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ខាង​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​ស្វាយ​រៀង ក្រុង​បា​វិត និង​បាន​ធ្វើ​ពិធី​ផ្សព្វផ្សាយ​អប់រំ​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ ។

តាម​ប្រសាសន៍​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា យុទ្ធនាការ​ឈរ​លើ​ទ្រូងផ្លូវ​សម្រួល​ចរាចរណ៍​កុំឱ្យ​មានការ​កកស្ទះ​នៅ​ពេល​ម៉ោង​រថយន្ត​ដឹក​កម្មករ​កម្មការិនី​ចូល​ធ្វើការ​និង​ចេញពី​ធ្វើការ​នេះ​មាន​រយៈពេល​បី​ថ្ងៃ ដោយ​ប្រើប្រាស់​កម្លាំង​សរុប​២៦៥​នាក់ មាន​គោលដៅ​សំខាន់​ៗ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ មុខ​រោងចក្រ​លូ​ថៃ ក្រុង​ស្វាយ​រៀង មុខ​តំបន់​សេដ្ឋកិច្ច​សាន​តុង នាគរាជ តា​យ​សេង តា​យ​សេង​១ និង តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធាន​ក្នុង​ក្រុង​បា​វិត ។ ជា​ពិសេស​លោក​ឧត្តមសេនីយ៍ ស្នងការ ក៏​បាន​ចុះ​ទៅ​ប្រជុំ​ផ្សព្វផ្សាយ​ពន្យល់​ពី​ច្បាប់​ចរាចរណ៍ ដល់​អ្នក​បើករថយន្ត​ដឹក​កម្មករ​ដោយ​ផ្ទាល់ ដើម្បី​ឱ្យ​អ្នកបើកបរ​គ្រប់​រូប​មានការ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍ លក្ខណៈ​បច្ចេកទេស​រថយន្ត ដែល​អ្នកបើកបរ​ត្រូវ​មាន​ក្រមសីលធម៌​ក្នុង​ការ​បើកបរ ហើយ​ចេះ​យោគយល់​គ្នា បើកបរ​មាន​សណ្តាប់ធ្នាប់ មាន​របៀបរៀបរយ និង​ត្រូវ​ប្រកាន់​ស្តាំ​ជា​និច្ច ដើម្បី​បញ្ចៀស​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​កកស្ទះ ព្រមទាំង​បានឱ្យ​អ្នកបើកបរ​ឡាន​ដឹក​កម្មករ​ធ្វើ​កិច្ច សន្យា អនុវត្ត​សីលធម៌​១០​ចំណុច ដែល​ដាក់​ចេញ​ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។

គួរ​រំលឹក​ផង​ដែរ​ថា មុន​ថ្ងៃ​ចុះ​យុទ្ធនាការ​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ក៏​បាន​ធ្វើការ​ហ្វឹកហាត់​ពី​របៀប​បញ្ជា​និង​សម្រួល​យានយន្ត ដល់​កងកម្លាំង និង​មាន​បំពាក់​ឧបករណ៍ សម្ភារ​ដូច​ជា ឯកសណ្ឋាន កញ្ចែ ពិល​ចរាចរណ៍ និង​សាជី ដែល​ជា​ការ​ច្នៃ​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ ៕