ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា រង​ផល​ប៉ះពាល់​ផ្លូវ ស្ពាន តាម​​បណ្តា​ឃុំ​ក្នុងស្រុក​កោះ​ញែក

1 ឆ្នាំ មុន
  • មណ្ឌលគិរី

អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បាន​ត្រៀម​រួច​ស្រេច​​នៅ​ទីទួល​សុវត្ថិភាព និង​មធ្យោបាយ​សម្រាប់​ជួយ​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់ បន្ទាប់​ពី

ខេត្តមណ្ឌលគិរី​៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បាន​ត្រៀម​រួច​ស្រេច​នៅ​ទីទួល​សុវត្ថិភាព និង​មធ្យោបាយ​សម្រាប់​ជួយ​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​រយៈពេល​កន្លង​មកនេះ នៅ​តាម​បណ្តា​ឃុំ​មួយ​ចំនួន ក្នុងស្រុក​កោះ​ញែក ដើម្បី​ត្រៀមកម្លាំង​ការពារ​ទុកជា​មុន​នូវ​គ្រោះ​មហន្តរាយ​នានា ដែល​អាច​កើតឡើង​នៅ​តំបន់​ដែល​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ដោយ​ជាយថាហេតុ​។

លោក ឈឹ​ម កាន អភិបាលខេត្ត​ស្តីទី បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី ដើម្បី​ត្រៀម​បង្ការ និង​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា ក្នុង​ករណី​មាន​គ្រោះ​ជំនន់​ទឹកភ្លៀង ដូច្នេះ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ពី​ស្ថានភាព​ទឹក និង​ការ​ខូចខាត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ដោយសារ​ជំនន់​ទឹកភ្លៀង និង​ត្រៀម​បង្ការ​នូវ​មធ្យោបាយ​នានា សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​បាន​។

លោក​បាន​បញ្ជាក់​ថា ក្នុង​ស្ថានភាព​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​នៅ​ខេត្តមណ្ឌលគិរី រហូត​មក​ដល់​ពេល​នេះ បាន​រង​ផល​ប៉ះពាល់​ផ្លូវ ស្ពាន នៅ​តាម​បណ្តា​ឃុំ ក្នុងស្រុក​កោះ​ញែក តែ​មិន​បណ្តាល​ឲ្យ​បាត់បង់​ដល់​អាយុជីវិត និង​មិន​មានការ​ខូចខាត​ដល់​លំនៅ​ដ្ឋា​ន រួម​ទាំង​ដំណាំ​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​នោះ​ទេ​។

លោក​បន្ថែម​ថា ក្នុង​ការ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នេះ អាជ្ញាធរ​ខេត្ត និង​ស្រុក ក៏​បាន​ដាក់​កម្លាំង​ការពារ​ត្រៀម​ទូក​ចំនួន​២​គ្រឿង សម្រាប់​ចម្លង​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​នៅ​ឃុំ​ណ​ង​ឃី​លឹ​ក​។ ម្យ៉ាងទៀត ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេស្រែពក និង​អូរ​ច្បារ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ស្ថានភាព​ទឹក​នេះ​ផង​ដែរ​។

ចំណែក​តាម​របាយការណ៍​របស់​លោក ឌឹ​ម នី អភិបាលស្រុក​កោះ​ញែក ក៏​បានឱ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ផ្ទួន​ៗ​ចាប់ពី​ថ្ងៃ​ទី​០៥ ខែសីហា រហូត​ដល់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ បាន​ធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​ហេដ្ឋារចនាសម្ព័ន្ធ តាម​បណ្តា​ឃុំ ក្នុងស្រុក​កោះ​ញែក រួម​មាន ៖

ទី​១- ឃុំ​ណ​ង​ឃី​លឹ​ក ស្រុត​បាក​ក្បាលស្ពាន​អូរ​ជី​មៀត ១​កន្លែង ប្រវែង​២០​ម៉ែត្រ និង​លិច​ផ្លូវ​១​កន្លែង ចំណុច​ក្បែរ​អូរ​ជី​មាត ផ្លូវ​ទៅ​កោះ​ម្យើ​ល​ប្រវែង​១០០​ម៉ែត្រ បច្ចុប្បន្ន​រដ្ឋបាល​ស្រុក បាន​ដាក់​ទូក​២​គ្រឿង សម្រាប់​ចម្លង​ប្រជា​ព​រដ្ឋ​។

ទី​២- នៅ​ឃុំរ​យ៉ លិច​ផ្លូវលំ​១​កន្លែង ចំណុច​ស្ពានរ​វ៉ា​ក់ ផ្លូវ​ទៅ​ស្រែ​ជ្រៃ​ប្រវែង​៥០​ម៉ែត្រ ។

ទី​៣- នៅ​ឃុំ​សុខសាន្ត លិច​ផ្លូវលំ​១​កន្លែង​ចំណុច​សែន​ធំ ផ្លូវ​ទៅ​ស្រែ​ថាស ប្រវែង​៥០​ម៉ែត្រ ។

ទី​៤- ភូមិ​ស្រែ​ហ៊ុយ លិច​ផ្លូវលំ ១​កន្លែង​ចំណុច​ថង​ប៉ា​ង ប្រវែង ៥០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ