ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​គាស់​ផ្ទះ​គ្រូបង្រៀន​យក​បាន​ជាង​១​ម៉ឺន​ដុល្លារ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​គ្រូបង្រៀន​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ផ្លោះ​របង​ចូល​គាស់​បង្អួច​បន្ទប់​លួច​យក​លុយ និង​គ្រឿងអលង្ការអស់​

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​គ្រូបង្រៀន​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ផ្លោះ​របង​ចូល​គាស់​បង្អួច​បន្ទប់​លួច​យក​លុយ និង​គ្រឿងអលង្ការអស់​សរុប​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ខណ​:​ម្ចាស់​ភូមិ​គ្រឹះ​មួយ​នេះ​រវល់​ចេញ​ទៅ​បង្រៀន​សិស្សហើយ​បិទទ្វារ​ទុក​ចោល ។

បើ​តាម​សមត្ថកិច្ច​និយាយ​ថា ហេតុ​ការ​ណ៏​អាច​កើតឡើង​ក្នុង​ចន្លោះ​ពី​ម៉ោង​៧​ព្រឹក​ទៅ​ម៉ោង​១​រសៀល ថ្ងៃ​ទី​១២ មក​រា នៅ​ភូមិ​សូ​ភី​២ សង្កាត់​រតន​: ក្រុង​បាត់ដំបង ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ម៉​ម ម៉ា​រិ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មានមុខ​រប​ជា​គ្រូបង្រៀន ។

សមត្ថកិច្ច​បន្ត​ថា ជន​រង​គ្រោះ​បាន​បិទទ្វារ​ផ្ទះ​ទុក​ចោល​ហើយ​ចេញ​ទៅ​បង្រៀន​លុះ​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល ពេល​គាត់​ត្រឡប់​មក​វិញ​ទើប​ដឹង​ថា មាន​ចោរ​គាស់​ផ្ទះ​ហើយ​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង ។ មន្ត្រី​បច្ចេកទេស​បាន​និយាយ​ថា បើ​តាម​ការ​ពិនិត្យ​គឺ​ចោរ​បាន​ឡើង​របង​ខាងក្រោយ​ផ្ទះ​កម្ពស់​ជាង​២​ម៉ែត្រ ហើយ​គាស់​បង្អួច ដោយ​កាត់​ចំរឹង​ដែក​បង្អួច​បន្ទប់​ខាងក្រោយ​មួយ​ប្រឡោះ រួច​លូន​ចូល​រើ​កកាយ​តាម​ចិត្ត យក​ទ្រព្យសម្បត្តិ​នៅ​ក្នុង​បន្ទប់​តែ​ម្ដង ។

ដោយឡែក​ម្ចាស់ផ្ទះ​រង​គ្រោះ​លោក ម៉​ម ម៉ា​រិ​ន បាន​និយាយ​ថា ជា​រៀងរាល់ថ្ងៃ​គាត់​តែង​បិទទ្វារ​ផ្ទះ រួច​ចេញ​ទៅ​បង្រៀន ។ គាត់​និយាយ​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ​ពេល​គាត់​ត្រឡប់​មក​ពី​បង្រៀន​នៅ​ម៉ោង​១​រសៀល បើកទ្វារ​ចូល​បន្ទប់ ស្រាប់តែ​ឃើញ​ស្នាម​រើ​កកាយ​ពេញ​បន្ទប់ ។ លុះ​មើល​ទ្រព្យសម្បត្តិ​បាត់​អស់​គ្មាន​សល់ និង​ឃើញ​ស្នាម​គាស់​បង្អួច​ទៀត ទើប​ដឹង​ថា មាន​មនុស្ស​ចូល​លួច​ក៏​រាយ​ការ​ណ៏​ទៅ​សមត្ថកិច្ច​តែ​ម្ដង ។

លោក ម៉​ម ម៉ា​រិ​ន បាន​ប្រាប់​សមត្ថកិច្ច​ថា ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួម​មាន ខ្សែ​.​ក​មាស​១​ខ្សែ​ទម្ងន់​១,៥​តំឡឹង បន្ដោង​ស្រោបមាស​១​ទម្ងន់​៣​ជី ខ្សែដៃ​មាស​១​ខ្សែ​ទម្ងន់​៥​ជី ខ្សែដៃ​ប្លា​ទី​ន​ដាំ​ពេជ្រ​១​ខ្សែ​តម្លៃ​៣៧០០​ដុល្លារ ចិញ្ចៀន​ប្លា​ទី​ន​ដាំ​ត្បូង​២​វង់ លុយ​ខ្មែរ​៣,៦​លាន​រៀល លុយ​ដុល្លារ​ចំនួន​៦៥០​ដុល្លារ កាត​ATM​មួយ និង​ឯកសារ​គ្រួសារ​មួយ​ចំនួន​ទៀត ។

ជុំវិញ​ករណី​នេះ​សមត្ថកិច្ច​កំពុង​ពិនិត្យ​ស្លាកស្នាម​នៅ​កន្លែង​កើតហេតុ ប៉ុន្តែ​មន្ត្រី​ជំនាញ​មិន​ទាន់​អាច​ធ្វើការ​សន្និដ្ឋាន​អំពី​មុខសញ្ញា​ជនសង្ស័យ​នៅឡើយ​ទេ ។
លោក ប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​ថ្លែង​ថា កម្លាំង​ជំនាញ​កំពុង​ពិនិត្យ​មើល​មុខសញ្ញា​មួយ​ចំនូ​ន ដែល​បាន​កំណត់​កន្លង​មក​តែ​មិន​ទាន់​ប្រាកដ​នៅឡើយ​ទេ ៕