ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​ដោះ​លែង​លោក ឌិន ពុ​ទ្ធី នៅ​ក្រៅ​ឃុំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សវនាការ​អសាធា​រណៈ​កំបាំង​មុខ​ជនជាប់ចោទ និង​ជន​រង​គ្រោះ ចៅក្រម​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សវនាការ​អសាធា​រណៈ​កំបាំង​មុខ​ជនជាប់ចោទ និង​ជន​រង​គ្រោះ ចៅក្រម​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា បាន​សម្រេច​ឲ្យ​លោក ឌិន ពុ​ទ្ធី ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រចាំ​នៅក្រុង​ប៉ោយ​ប៉ែ​ត នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន តែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ ។

លោក ឌិន ពុ​ទ្ធី ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​លើ​ករណី​បើករថយន្ដ​បុក​លោក ឈាន ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បណ្ដាល​ឱ្យ​ដួល​សន្លប់ តែ​មជ្ឈដ្ឋាន​នានា​មិន​គាំទ្រ​ការ​ចោទប្រកាន់​នោះ​ទេ និង​បាន​ចោទ​វិញ​ថា នាយ​នគរបាល​រូប​នេះ​ធ្វើ​ពុត​ជា​ដួល​មុខ​រថយន្ដ និង​មាន​ឃ្លី​ប​វី​ដេ​អូ​បង្ហាញ​ជាក់ស្ដែង​ផង ។

ក្រុម​ចៅក្រម​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ក្នុង​សវនាការ​នេះ ដឹកនាំ​ដោយ​លោក ងួ​ន រតនា ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក យូ ប៊ុ​ន​ណា លោក អិន វ៉ា​ន​វិបុល ជា​សមាជិក និង​លោក ហ៊ាន រិ​ទ្ធ ជា​តំណាង​មហាអយ្យការ ។

លោក គឹ​ម សុ​ជាតិ មេធាវី​ការពារ​ក្តី​របស់​លោក ឌិន ពុ​ទ្ធី ថ្លែង​ថា ពេល​នេះ​លោក​ចៅក្រមសភា​ស៊ើ​សួរ​សាលាឧទ្ធរណ៍ សម្រេច​ដោះ​លែង​កូនក្តី​របស់​លោក​គឺ​លោក ឌិន ពុ​ទ្ធី ឱ្យ​នៅ​ក្រៅ​ឃុំ​ហើយ តែ​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ ដោយ​មិន​ឲ្យ​លោក ឌិន ពុ​ទ្ធីផ្លាស់​ប្តូរ​អាសយដ្ឋាន ត្រូវ​ឆ្លើយ​តប​រាល់​ដីកា​កោះហៅ​របស់​តុលាការ និង​បង្ហាញខ្លួន និង​ធ្វើ​តាម​ការ​សាកសួរ ។

លោក​មេធាវី​បាន​លើក​ឡើង​ថា តាម​ការ​សម្រេច​នេះ​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍ បាន​បញ្ជា​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​នៅ​ពេល​មាន​ដីកា​ពី​តុលាការ  ។ ក្នុង​ពេល​សវនាការ​នេះ មេធាវី​បាន​សំអាង​លើ​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត និង​សាក្សី​បាន​ចូល​បំភ្លឺ​អស់ហើយ ។ ក្នុង​នោះ​មេធាវី​បាន​លើក​ពី​សេរីភាព​របស់​ជនជាប់ចោទ និង​តាម​ដើមបណ្ដឹង​បាន​ឆ្លើយ​មិន​មាន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ និង​មិន​បាន​ទាមទារ​សំណង​ទេ ។

លោក​មេធាវី​បាន​លើក​ឡើង​ថា ការ​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​នេះ លោក​បាន​លើក​ឡើង​ពី​ស្ថានភាព​ជីវភាព​របស់​គ្រួសារ​ជន​រង​គ្រោះ​និង​មានកូន​នៅ​ក្នុង​បន្ទុក​ជាដើម ។ យើង​បាន​លើក​ឡើង​ពី​មតិ​របស់​មជ្ឈដ្ឋាន​ទូទៅ​ថា រឿង​នេះ​មិន​គួរ​តុលាការ​ឃុំខ្លួន​ទេ ។

គួរ​បញ្ជាក់​ថា លោក​អភិបាល​ខេត្តបន្ទាយមានជ័យ ធ្លាប់​បាន​លើក​ឡើង​ក្នុង​អង្គប្រជុំ​នៅ​សាលាខេត្ត​ថា លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ ដែល​ចោទប្រកាន់​លោក ឌិន ពុ​ទ្ធី បើករថយន្ត​បុក​បង្ក​របួស គ្រោង​ផ្លាស់​ចេញពី​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត ដើម្បី​បន្ថយ​ភាព​តានតឹង​ជុំវិញ​រឿងរ៉ាវ​ដ៏​រសើប​នេះ ដើម្បី​ឱ្យ​ពលរដ្ឋ​ស្ងប់​អារម្មណ៍ ។ លោក​អភិបាលខេត្ត បាន​លើក​ឡើង​បែប​នេះ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ដ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែមករា នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។

គេ​បានដឹង​ថា ក្នុង​កិច្ចប្រជុំ​នេះ​លោក សួន បវរ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្តបន្ទាយមានជ័យ បាន​លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ករណី​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​នគ​បាល​អន្ដោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ចោទប្រកាន់​លោក ឌិន ពុ​ទ្ធី ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បើករថយន្ត​បុក​បណ្តាល​ឱ្យ​របួស​ភ្លៅ​ស្តាំ និង​ដួល​សន្លប់ ។

អាជ្ញាធរ​បាន​លើក​ឡើង​ថា ជន​រង​គ្រោះ​ដែលជា​មន្ត្រី​នគរបាល ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ ។ ភ្លាម​ៗ​នោះ​ដែរ នគរបាល​អន្តោប្រវេសន៍​បាន​ឃាត់ខ្លួន​លោក ឌិន ពុ​ទ្ធី ប្រគល់​ឲ្យ​ទៅ​នគរបាល​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង ។ លោក ឌិន ពុ​ទ្ធី ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ហើយ​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធ​នាគារ ។ នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ សាច់ញាតិ​និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​នៅ​ច្រក​ទ្វារអន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​និង​សន្តិសុខ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

លោក​អភិបាលខេត្ត សួន បវរ បាន​លើក​ឡើង​ថា ដើម្បី​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់ ថ្នាក់ដឹកនាំ​បានឱ្យ​លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​ថៃ ត្រូវ​មក​ធ្វើការ​ដោះស្រាយ និង​សម្របសម្រួល​ជាមួយ​លោក ឌិន ពុ​ទ្ធីដើម្បី​បញ្ចប់រឿង ។ ជាមួយ​នេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ស្ងប់​អារម្មណ៍ គឺ​លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ អនុប្រធាន​ប៉ុស្តិ៍​នគរបាល​អន្ដោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត អាច​មានការ​ផ្លាស់​ប្តូរ​ចេញ​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង ។

សូម​បញ្ជាក់​ថា ជុំវិញ​រឿងរ៉ាវ​រថយន្ត​បុក​ប៉ូលិស​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​នៅ​ចុងឆ្នាំ​២០១៦ ៕