ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​នៅ​ឆ្នាំ​2016​បាន​ជិត​1.500​លាន​ដុល្លារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​រយៈពេល​១២​ខែ ឆ្នាំ​២០១៦ ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​បាន ៥.៩៨៨.៧០៥,២៥​លាន​រៀល​ (​ប្រមាណ​១.៤៩៧,១៨​លាន​ដុល្លារ​) ស្មើនឹង​១០៥,៣២% បង់​ចូល​ថវិកាជាតិ ។

រាជធានី​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​រយៈពេល​១២​ខែ ឆ្នាំ​២០១៦ ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​បាន ៥.៩៨៨.៧០៥,២៥​លាន​រៀល​ (​ប្រមាណ​១.៤៩៧,១៨​លាន​ដុល្លារ​) ស្មើនឹង​១០៥,៣២% បង់​ចូល​ថវិកាជាតិ ។

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​គ្រប់គ្រង​ប្រមូល​ចំណូល​ប្រចាំ​ខែធ្នូ និង​ប្រចាំឆ្នាំ​២០១៦ របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ ក្រោម​អធិបតីភាព​លោក​ទេស​ដ្ឋ​មន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ព្រមទាំង​វត្តមាន​ចូលរួម​ពី​លោក ជូ វិ​ជិត្ត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ខែធ្នូ ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​បាន​ចំនួន​៣៥០.២១៧,៧៩​លាន​រៀល​(​ប្រមាណ​ជា​៨៧,៥៥​លាន​ដុល្លារ​)​។

ដោយឡែក ក្នុង​រយៈពេល​១២​ខែ​ ឆ្នាំ​២០១៦ ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​មាន​ចំនួន​៥.៩៨៨.៧០៥,២៥​លាន​រៀល ​(​ប្រមាណ
១.៤៩៧,១៨​លាន​ដុល្លារ​) ស្មើនឹង​១០៥,៣២% នៃ​ផែនការ ក្នុង​នោះ​ថវិកា​ថ្នាក់​ជាតិ​ប្រមូល​បាន​ចំនួន​ ៥.២៤០.២០៨,៤៤​លាន​រៀល ​(​ប្រមាណ​ជា​១.៣១០,០៥​លាន​ដុល្លារ​) ថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បាន​ចំនួន​៧៤៨.៤៩៦,៨១​លាន​រៀល (​ប្រមាណ​ជា​១៨៧,១២​លាន​ដុល្លារ​) ។

ប្រសិនបើ​ប្រៀបធៀប​នឹង​ការ​អនុវត្ត​ឆ្នាំ​២០១៥ ​ឃើញ​ថា ការ​អនុវត្ត​ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៦ កើនឡើង​ចំនួន​៧៧៨.៤៨៣,១៩​លាន​រៀល​ (ប្រមាណ​ជា​១៩៤,៦២​លាន​ដុល្លារ​) ឬ​ស្មើនឹង​អត្រាកំណើន​១៤,៩៤% ។ បើ​ប្រៀបធៀប​នឹង​ផែនការ​ឆ្នាំ​២០១៥​ ឃើញ​ថា ការ​អនុវត្ត​ប្រមូល​ពន្ធ​ឆ្នាំ​២០១៦ កើនឡើង​៣៣២,៣០ លាន​ដុល្លារ​អា​មេ​រិ​ក ឬ​ស្មើនឹង​អត្រាកំណើន ២៨,៥% ។

ក្នុង​ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេត​ឃើញ​ថា មានការ​កើនឡើង​ផង​ដែរ ​នូវ​ចំណូល​ពន្ធ​អាករ​តាម​ប្រភេទ​ពន្ធ និង​សកម្ម​ភាព​អាជីវកម្ម​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ពន្ធ
លើ​​ប្រាក់​ចំណេញ​កើនឡើង​១៨,៤% ពន្ធ​លើ​ប្រាក់បៀវត្សរ៍​កើនឡើង​២០% អាករ​លើ​តម្លៃបន្ថែម​កើនឡើង​១៥,២% និង​អាករ​ពិសេស​កើនឡើង​២៣,៤%​។ ចំណែកឯ​ចំណូល​ពន្ធ​អាករ​តាម​សកម្មភាព​អាជីវកម្ម ក៏​មានការ​កើនឡើង​ស្ទើរ​គ្រប់​ប្រភេទ​អាជីវកម្ម​ដែរ ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ លោក​ទេស​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ បាន​វាយតម្លៃ​ខ្ពស់ ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​​អង្គភាព​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល រហូត​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ ។ នេះ​គឺជា​ជោគជ័យ​រួម​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ព្រោះថា​ ប្រសិន​បើ​មិន​មានការ​ចូលរួម​ពី​គ្រប់​អង្គភាព​ពាក់ព័ន្ធ លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​នេះ នឹង​មិន​អាច​សម្រេច​ទៅ​ប្រកបដោយ​លទ្ធផល​ត្រចះត្រចង់​បែប​នេះ​បាន​ឡើយ ។ 

ទន្ទឹម​នឹង​នេះ លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​ផ្តល់​ការ​ណែនាំ​បន្ថែម​ដល់​គ្រប់​អង្គភាព ឲ្យ​បន្ត​ខិតខំ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវ​មាន​ភាព​ទន់ភ្លន់​ តែ​ម៉ឺងម៉ាត់​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ ក្នុង​ការ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​ជាប់ពន្ធ ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ជាប់ពន្ធ​សប្បាយចិត្ត មិន​សម្តែង​ការ​រអ៊ូរទាំ និង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុង​ការ​បង់ពន្ធ​ជូន​រដ្ឋ ៕